សេដ្ឋកិច្ច

កម្លាំងគយចល័តចាប់ទូរស័ព្ទម៉ាកVivo V15 ជិត​៤០០​គ្រឿង​លួចលោតឆ័ត្រចូលស្រុកខ្មែរ

បាត់ដំបង​ ៖ ​ទូរស័ព្ទ​ទំនើប​ៗ ជិត​៤០០​គ្រឿង ត្រូវ​បាន​កម្លាំង​គយ​ចល័ត​ ដែល​មាន​កិច្ចសហការ​ពី​កម្លាំង​សមត្ថកិច្ច​ផង ​ធ្វើការ​​ស្ទាក់​ចាប់​តាមរយៈ​រថយន្ត​មួយ​គ្រឿង បន្ទាប់ពី​ទូរស័ព្ទ​ដៃ​ទាំងនេះ ត្រូវ​បាន​គេ​លួច​នាំចូល​ដោយ​មិន​ស្របច្បាប់។

ការស្ទាក់ចាប់​ទូរស័ព្ទ​បាន​ជិត​៤០០​គ្រឿង​នេះ ​គឺ​បាន​ប្រព្រឹត្ត​ឡើង កាលពី​រសៀល​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​២០១៩ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង។

​តាម​ប្រភពពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ទូរស័ព្ទ​ដែល​ត្រូវ​កម្លាំង​គយ​ចល័ត ដែល​ឈរជើង​ត្រង់​ចំណុច ( ហុង ឡុង ) ស្ទាក់​ចាប់​បាន​នោះ​ម៉ាក​Vivo V15 ដែល​មាន​ចំនួន​រហូតដល់​៣៧០​គ្រឿង ដែល​ជន​ទុច្ចរិត​លួច​នាំចូល​ពី​ប្រទេសជិតខាង​គេចវេះ​មិន​បង់ពន្ធ តាម​ការកំណត់។

បច្ចុប្បន្ន​ គេ​នៅ​មិនទាន់​ទទួល​បាន​របាយការណ៍​ជាក់លាក់​អំពី​កិច្ចប្រតិបត្តិការ​នេះ​ទេ ហើយក៏​មិន​ទាន់​ស្គាល់​អំពី​អត្តសញ្ញាណ​ នៃ​ម្ចាស់​ទូរស័ព្ទ​គេចពន្ធ​នេះ​ដែរ ស្រប​ពេលដែល​មន្ត្រី​គយ​កំពុងធ្វើការ​សួរនាំ ដោយ​វត្ថុតាង​ទាំងនេះ​ ត្រូវបាន​នាំយកទៅ​រក្សាទុក​នៅ​ទីស្នាក់ការ​គយ​ចល័ត​ដែលមាន​ទីតាំង​នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​ក្នុង​ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ដើម្បី​រៀបចំ​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ដោយ​ជុំវិញ​បញ្ហា​នេះ​យើង​មិនអាច​ទាក់ទង​ទៅខាង​ក្រុមហ៊ុន​ដើម្បី​ចង់​ដឹង​ពាក់ព័ន្ធ​នឹង​ទូរស័ព្ទ​នេះ​បានទេ៕

Close