សេដ្ឋកិច្ច

ថៃឲ្យកម្ពុជាខ្ចីថវិកាជាង២៦លានដុល្លារដើម្បីអភិវឌ្ឍច្រកព្រំដែនស្ទឹងបត់-បានណងអៀន

ក្នុងគោលបំណងជំរុញសកម្មភាពពាណិជ្ជកម្ម និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋកម្ពុជានិងថៃ ប្រទេសថៃបានផ្តល់ថវិការកម្ចីដល់កម្ពុជាប្រមាណជាង២៦លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍច្រកទ្វារព្រំដែនស្ទឹងបត់-បានណងអៀននៃខេត្តបន្ទាយមានជ័យ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វ៊េសប៊ុករបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

នៅព្រឹកថ្ងៃទី២២ ខែ មេសា ឆ្នាំ ២០១៩ សម្តេចហ៊ុន សែន បានសរសេរលើទំព័រហ្វ៊េសប៊ុកខ្លួនថា «ការសាងសង់អគារច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន និងសាងសង់ផ្លូវតភ្ជាប់ទៅផ្លូវជាតិ លេខ៥វិញ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលថៃប្រមាណ ២៦.៤២លានដុល្លារអាមេរិក »។

តាមការបញ្ជាក់ដដែល ចំពោះការអភិវឌ្ឍន៍ច្រកទ្វារព្រំដែននេះ គឺរួមមានការសាងសង់អគារច្រកទ្វារត្រួតពិនិត្យព្រំដែន និងផ្លូវតភ្ជាប់ សំណង់អគារអន្តេវាសិកដ្ឋាន ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ «ឃ្លាំង និងទីលានកុងតែន័រ» ការជួសជុលកែលម្អផ្លូវចាស់ និងសំណង់កាត់បន្ថយគ្រោះទឹកជំនន់។

គម្រោងសាងសង់ខាងលើនេះ នឹងប្រែក្លាយខេត្តបន្ទាយមានជ័យទៅជាតំបន់អភិវឌ្ឍមួយយ៉ាងខ្លាំង ជាមជ្ឈមណ្ឌលស្តុក និងចែកចាយទំនិញ និងជាតំបន់សេដ្ឋកិច្ចពិសេស ដែលបង្កើតជាសក្តានុពលរូបវ័ន្តដ៏រឹងមាំសម្រាប់ទ្រទ្រង់ដល់គម្រោងវិនិយោគនានាក្នុងស្រុក និងក្នុងប្រទេសនៃមហាអនុតំបន់ទន្លេមេគង្គ នេះបើតាមការបញ្ជាក់ដដែលរបស់សម្តេច ហ៊ុន សែន៕

Close