ព័ត៌មានជាតិ

លោកធំម្នាក់នៅខេត្តកែប ចាយលុយជាងកន្លះលានដុល្លារទិញដីវិនិយោគរីស្សតលម្ហែកាយ ប៉ុន្តែបែរជាហ៊ានលួចសាងសង់ទាំងគ្មានច្បាប់អនុញ្ញាត

ទំនាក់ទំនងការផ្សាយ ០៧១ ៧៨៨៨ ៣៤៥
កំពត/ សំណង់បុរីលំហែកាយហុីថប់លែន( Hilltop Land)ដ៏ធំសម្បើម ដែលមានទីតាំងស្ថិតនៅក្នុងភូមិអូរឫស្សី ឃុំស្រែជាខាងត្បូង ស្រុកដងទង់ ខេត្តកំពត ជារបស់មន្ត្រីធំមា្នក់បម្រើការនៅក្នុងខេត្តកែប ត្រូវបានមន្ត្រីជំនាញគណៈកម្មការចម្រុះចុះទៅហាមឃាត់មិនឲ្យសាងសង់ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ ដោយសារតែគ្មានច្បាប់អនុញ្ញាតឲ្យសាង់សង់ត្រឹមត្រូវពីរដ្ឋអំណាច។

គណៈកម្មការចម្រុះស្រុកដងទង់ដែលចុះទៅធ្វើការត្រួតពិនិត្យលើគំរោងវិនិយោគនេះ ដឹកនាំដោយលោក ឌុល រី អភិបាលស្តីទីស្រុក អមដោយមន្ត្រីជំនាញការិយា ល័យពាក់ព័ន្ធជាច្រើននាក់ទៀត។

លោក ឌុល រី អភិបាលស្តីទីស្រុកដងទង់ បញ្ជាក់ប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ទីតាំងដីនៅចំណុចខាងលើ គឺមានប្លង់កម្មសិទ្ធិត្រឹមត្រូវ តែការសាងសង់របង ខ្លោងទ្វារ និងការឈូសឆាយពង្រាបដី គឺមិនទាន់មានច្បាប់អនុញ្ញាត ហេតុដូច្នេះហើយត្រូវធ្វើការហាមឃាត់សកម្មភាពអភិវឌ្ឍន៍សាងសង់ជាបណ្ដោះអាសន្នសិន ដោយរង់ចាំម្ចាស់ទីតាំងមានច្បាប់អនុញ្ញាតត្រឹមត្រូវស្របច្បាប់សិន ទើបអនុញ្ញាតឲ្យសាងសង់ជាបន្តទៀត។

ដោយឡែកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពត លោក ជួន សារ៉ា ក៏បានបញ្ជាក់ប្រាប់អង្គភាពសារព័ត៌មានក្នុងស្រុកមួយថា ចំណុចទីតាំងដីនោះពិតជាមានប័ណ្ណកម្មសិទ្ធិ។ ប៉ុន្តែទោះមានប័ណ្ណស្របច្បាប់ក្តី ក៏ត្រូវសុំច្បាប់អនុញ្ញាតពីអាជ្ញាធរពាក់ព័ន្ធដែរ ហើយបើប៉ះពាល់ដីសាធារណៈរបស់រដ្ឋ ឬក្រៅប័ណ្ណ ជំនាញនឹងមាននីតិវិធីបន្ត។

យោងតាមឯកសារចំនួន០៣ប័ណ្ណ ដែលក្រុមអ្នកសារព័ត៌មានទទួលបានគឺ៖ ប័ណ្ណទី១ មានផ្ទៃដីទំហំ ៤៩២១៥ ម៉ែត្រការ៉េ , ប័ណ្ណទី២ មានផ្ទៃដីទំហំ ៩២៥៥១ ម៉ែត្រការ៉េ , ប័ណ្ណទី៣ មានផ្ទៃដីទំហំ ៥៣៥៧១ ម៉ែត្រការ៉េ សរុបមានចំនួន ១៨,០០០០ ម៉ែត្រការ៉េ ឬស្មើ ១៨ហិកតា។

ប្រភពមួយចំនួនបានលើកឡើងថា ទីតាំងដីនៅតំបន់នោះភាគច្រើនជាដីមិនទាន់មានប័ណ្ណកម្មសិទ្ធិ ឬដីដែលស្ថិតក្រោមគម្របព្រៃឈើរបស់រដ្ឋ ហើយត្រូវបានប្រជាពលរដ្ឋកាន់កាប់អាស្រ័យផល និងមានការទិញលក់តៗគ្នា ។ ប៉ុន្តែគេមិនដឹងថាម្ចាស់ទីតាំង Hilltop Land ដែលជាមន្ត្រីមាអំណាចធំនៅក្នងកែប មានអនុក្រឹត្យកាត់ឆ្វៀលពីក្រសួងជំនាញ និងមានអនុក្រឹត្យប្រទានកម្មពីរាជរដ្ឋាភិបាលដែរឬយ៉ាងណា ទើបអាចធ្វើប្លង់កម្មសិទ្ធិបាននោះ? ។

ប្រភពដដែលបន្តថា ក្រោយមានការបែកធ្លាយព័ត៌ដល់អាជ្ញាធរពាក់ព័ន្ធ ថាការសាងសង់របង ការឈូសឆាយពង្រាបដី នៅក្នុងគម្រោងសាងសង់រីស្សត ឬបុរីលំហែកាយហុីថប់លែន គ្មានច្បាប់អនុញ្ញាត ទើបគេឃើញមានគណៈកម្មការចម្រុះស្រុកដងទង់ ម្នីម្នាចុះទៅត្រួតពិនិត្យនិងហាមឃាត់បណ្តោះអាសន្នសិន។ ដោយឡែកលោកមន្ត្រីមានអំណាចធំខ្ពស់ហួសច្បាប់នៅខេត្តកែប ដែលជាម្ចាស់គម្រោងរីស្សតឬ បុរីហុីថប់លែនខាងលើនេះ កំពុងភ័យស្លន់ស្លោ និងស្វះស្វែងរកអ្នកឈរឈ្មោះជំនួស ព្រោះខ្លួនមិនហ៊ានចេញមុខ ដោយសារខ្លាចជាប់ឈ្មោះជាមន្ត្រីរំលោភអំណាច អាងអំណាចមិនខ្លាចច្បាប់។

មហាជនជាច្រើនបានលើកឡើងថា តើលោកធំម្នាក់នោះជានរណា អីក៏សម្បូរទ្រព្យច្រើនម្ល៉េះហ្ន៎? មើលទៅប្រហែលជាមានប្រាក់ចាយលែងអស់ហើយបានជាហ៊ានជះលុយជាងកន្លះលានដុល្លារអាមេរិក ដើម្បីទិញដីអភិវឌ្ឍន៍ធ្វើរីស្សតសម្រាប់លម្ហែកាយ ខណៈមន្ត្រីរាជការភាគច្រើននៅទូទាំងប្រទេសនាំគ្នាថ្ងូរដូចព្រាប ព្រោះគ្មានចំណូលអ្វីក្រៅពីប្រាក់ខែឡើយ។ ដូច្នេះមានតែក្រសួងអធិការកិច្ច និងអង្គភាពប្រឆាំងអំពើពុករលួយទេ ទើបអាចធ្វើការស្រាវជ្រាវ និងរកការពិតឃើញ ពីបុគ្គលដ៏មានអំណាធំក្នុងកែប ដែលម្ចាស់បុរីលំហែកាយខាងលើនេះ។

សូមរម្លឹកផងដែរថា កាលពីដើមខែមករា ឆ្នាំ២០២៤ លោក ខេង យ័ន អតីតអភិបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការចាប់ខ្លួន និងឃុំខ្លួន ក្រោយរកឃើញជាប់ពាក់ព័ន្ធអំពើពុករលួយ ក្រោមបទចោទប្រកាន់ចំនួន២គឺ៖ (បទរំលោភអំណាច និងបទសម្អាតប្រាក់) តាមមាត្រា៣៥ នៃច្បាប់ស្តីពី ការប្រឆាំងអំពើពុករលួយ និងមាត្រា ៣៨ នៃច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕

Close