ព័ត៌មានជាតិ

ទេសចរជនជាតិអាមេរិកលេខ១ អង់គ្លេសលេខ២ បារាំងលេខ៣ កូរ៉េលេខ៤ និងចិនលេខ៥ បានមកទស្សនាឧទ្យានអង្គរ

ឆ្នាំ២០២៣ ជនជាតិអាម៉េរិក ស្ថិតក្នុងលំដាប់លេខ១ ដែលបានមកទស្សនារមណីយដ្ឋានអង្គរ។ ជាមួយគ្នានេះ អង់គ្លេសលេខ២ បារាំងលេខ៣ កូរ៉េលេខ៤ និងចិនលេខ៥ បានហោះហើរមកកាន់ទឹកដីដ៏ពិសិដ្ឋ ដើម្បីទស្សនាប្រាង្គប្រាសាទ និងទីតាំងទេសចរណ៍នានា ក្នុងរមណីយដ្ឋានអង្គរ។

ជាការពិត ទិន្នន័យទេសចរអន្តរជាតិ តែងតែប្រែប្រួល​ ប៉ុន្តែជនជាតិអាម៉េរិក ភាគច្រើនស្ថិតនៅចំណាត់ថ្នាក់លេខ១រហូត ដែលបានមកទស្សនារមណីយដ្ឋានអង្គរ។ ហើយដើមឆ្នាំ២០២៤នេះ អាម៉េរិក ក៏បន្តជាប់លំដាប់លេខ១ដូចគ្នា។  

«ភ្ញៀវទេសចរ អញ្ជើញមកទស្សនារមណីយដ្ឋានអង្គរនេះ ឃើញថា បារាំង និងអង់គ្លេស ប្ដូរលេខ២ និង៣គ្នា កាលពីឆ្នាំ២០២៣»។ នេះបើតាមការបញ្ជាក់របស់លោក ឡុង កុសល អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា។ ជាមួយគ្នានេះ ចិន ភាគច្រើន ស្ថិតនៅលេខ៤ និង៥ ដែលបានមកលេងរមណីយដ្ឋានអង្គរ។ 

ចិន និងកម្ពុជា មានទំនាក់ទំនងយ៉ាងល្អ ដែលត្រូវបានគេស្គាល់ថា ជាមិត្ត «ដែកថែប»។ ប៉ុន្តែចំនួនទេសចរចិន នៅមានកម្រិតនៅឡើយ។ កាលពីចុងឆ្នាំ២០២៣ ប្រជាជនចិន បានមកលេងរមណីយដ្ឋានអង្គរច្រើនឡើងវិញ ក្រោយមានការរៀបចំកម្មវិធី «យុទ្ធនាការឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន» រវាងកម្ពុជា និងចិន។ 

យ៉ាងណាមិញ លោក ឡុង កុសល រំពឹងថា ទេសចរចិន នឹងមានកំណើនខ្លាំងក្នុងឆ្នាំ២០២៤នេះ។ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរារូបនេះ យល់ថា អាកាសយាន្តដ្ឋានសៀមរាប អង្គរ ថ្មី នឹងជួយកាត់បន្ថយចំណាយរបស់ទេសចរជនជាតិចិន មកលេងកម្ពុជា និងរមណីយដ្ឋានអង្គរ៕

Close