សេដ្ឋកិច្ច

ពលរដ្ឋខេត្តព្រះវិហារនឹងរីមុខមាត់ថ្មីនៅពេលគម្រោងស្ពានឆ្លងកាត់ទន្លេល្ពៅត្រូវបានសាងសង់

ទំនាក់ទំនងការផ្សាយៈ០៧១ ៧៨៨៨ ៣៤៥
គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ ភ្ជាប់ពីកម្ពុជាទៅកាន់ប្រទេសឡាវ នៅតែមិនទាន់មានផែនការលម្អិត និងដំណើរការទៅមុខនៅឡើយទេ ទោះបីមានកិច្ចព្រមព្រៀងរវាងដ្ឋាភិបាលទាំងពីរ តាំងពីចុងឆ្នាំ ២០១៨ ក៏ដោយ។ នេះបើយោងតាមការឆ្លើយតបតាមសារអេឡិចត្រូនិច របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ជាមួយទស្សនាវដ្តីក្នុងស្រុក។

គម្រោងខាងលើនេះ គឺមានទីតាំងស្ថិតក្នុងឃុំកំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ ដែលជាប់នឹងព្រំប្រទល់ប្រទេសឡាវត្រង់ ខេត្តចំប៉ាសាក់។ កិច្ចព្រមព្រៀងក្នុងការសាងសង់ស្ពាននេះត្រូវបានធ្វើឡើង រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងនាយករដ្ឋមន្ត្រីឡាវ ក្នុងឱកាសកិច្ចប្រជុំកាលពីខែធ្នូ ឆ្នាំ ២០១៨ ដោយមានិធីចុះកិច្ចព្រមព្រៀងលើឯកសារសំខាន់ៗចំនួន៤ក្នុងកិច្ចប្រជុំនោះ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំថា៖ «ប្រជាពលរដ្ឋនៅតាមព្រំដែន គួរតែត្រូវបានសប្បាយរីករាយ …ក្រៅពីការតភ្ជាប់អគ្គិសនី យើងបានឯកភាពគ្នា លើការតភ្ជាប់ស្ពានឆ្លងកាត់ទន្លេភ្ជាប់ ពីខេត្តព្រះវិហារ និងខេត្តចំប៉ាសាក់នៃប្រទេសឡាវ ដែលផ្តល់ឱកាសឲ្យប្រជាជនទាំងសងខាង ងាយស្រួលក្នុងការធ្វើទំនាក់ទំនងគ្នា»។

បើគម្រោងនេះដំណើរការតាមការប្រកាសដូចខាងលើពិតមែន ស្ពាននេះនឹងមានផលល្អចំពោះការអភិវឌ្ឍខេត្តព្រះវិហារ ក៏ដូចជាការផ្សាភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរអោយកាន់តែមានភាពរឹងមាំ និងស្អិតរមួត ជាពិសេសគឺការបើកលំហសេដ្ឋកិច្ចឆ្លងដែន និងការវិនិយោគ សម្រាប់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

ដោយឡែក បើយោងតាមការបញ្ជាក់របស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដែលបានផ្តលសម្ភាសន៍ដល់ទស្សនាវដ្តីក្នុងស្រុកថា គម្រោងខាងលើនៅមិនទាន់បានកំណត់ផែនការលម្អិត កញ្ចប់ថវិកា ក៏ដូចជាពេលវេលាសាងសង់ច្បាស់នៅឡើយទេ។

មន្រ្តីរាជការ និងពលរដ្ឋក្នុងខេត្តព្រះវិហារទាំងមូលកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារពីលទ្ធផលនៃកិច្ចព្រមព្រៀងលើគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លលល្ពៅនេះ ដោយសំណូមពរដល់រដ្ឋាភិបាលនៃប្រទសទាំងពីរពន្លឿនសម្រេចកិច្ចកិច្ចព្រមព្រៀងនេះ ឲ្យបានឆាប់រហ័ស ដើម្បីជួយលើកកម្ពស់ដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋក្នងខេត្តមួយនេះ៕

Close