សេដ្ឋកិច្ច

អគ្គនាយកគយ និងរដ្ឋាករ គួរបើកការសេុីបអង្កេតឃ្លាំងស្តុកទំនិញគេចពន្ធរបស់ឧកញ៉ា សុខ ថៃ ស្តេចត្រាញខាងនាំទំនិញគេចពន្ធពីប្រទេសវៀតណាម

ទំនាក់ទំនងការផ្សាយ ០៧១ ៧៨៨៨ ៣៤៥
យោងតាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ និងឈ្មួញរកស៊ីឆ្លងដែន បានឲ្យដឹងថា លោកឧកញ៉ា សុខ ថៃ ស្ដេចក្រាញ់នាំទំនិញគេចពន្ធពីប្រទេសវៀតណាម ពេលនេះកំពុងស្តុកទំនិញទើបនាំចូលថ្មីៗ នៅក្នុងឃ្លាំងជាច្រើនកន្លែង ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។

បើយោងតាមប្រភពដដែល បានឲ្យដឹងទៀតថា លោកឧកញ៉ា សុខ ថៃ តែងតែដឹកទំនិញគ្រប់ប្រភេទ ដោយមិនមានការបង់ពន្ធ ឬបង់ពន្ធមិនគ្រប់ ចូលតាមច្រកអន្តរជាតិជ្រៃធំ ក្នុងស្រុកកោះធំ ខេត្តកណ្ដាល និងច្រកទ្វេភាគីបាក់ដៃ ក្នុងស្រុកអង្គរបុរី ខេត្តតាកែវ។

ប្រភពបានបញ្ជាក់ទៀតថា រាល់ទំនិញល្មើសច្បាប់របស់លោកឧកញ៉ារូបនេះ មិនមានសមត្ថកិច្ចពាក់ព័ន្ធណាមួយហ៊ានត្រួតពិនិត្យនោះទេ ជាពិសេសក្រុមមន្ត្រីគយតែម្ដង។

ប្រជាពលរដ្ឋ បានបញ្ជាក់បន្ថែមទៀតថា ឃ្លាំងស្តុកទំនិញគេចពន្ធរបស់ឧកញ៉ា សុខ ថៃ មានពីទីតាំងផ្សេងគ្នា គឺស្ថិតនៅផ្ទះលេខ០៤៨ ផ្លូវលេខ២១ ក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ និងមួយទីតាំងទៀត ស្ថិតនៅតាមផ្លូវលេខ២១B ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមការបញ្ជាក់ពីអ្នកបើកបររថយន្តដឹកទំនិញគេចពន្ធឲ្យឧកញ៉ា សុខ ថៃ បានឲ្យដឹងថា រាល់ទំនិញគ្មានបង់ពន្ធខាងលើ គឺលោកឧកញ៉ាទទួលខុសត្រូវតែទំនិញឆ្លងមកដល់ដីខ្មែរនោះទេ ចំណែកទំនិញនៅក្នុងទឹកដីវៀតណាម គឺមានបុរសម្នាក់ ជាជនជាតិវៀតណាម ឈ្មោះ យាំង ជាអ្នកគ្រប់គ្រង។

ពាក់ពន្ធករណីខាងលើលោកឧកញ៉ា សុខ ថៃ បានប្រាប់អង្គភាពព័ត៌មានក្នុងស្រុកមួយថា នៅថ្ងៃទី៦ ខែសីហាឆ្នាំ២០១៩នេះថា លោកពិតជាមានឃ្លាំងទំនិញ ដែលមានទីតាំងខាងលើមែន តែលោកបកស្រាយថា បានលក់ឲ្យទៅឈ្មួញវៀតណាម ឈ្មោះ យាំង ដែលជាដៃគូរកស៊ីទំនិញគេចពន្ធឆ្លងដែនជាមួយគ្នា។

ទោះបីជាមានការដោះសារពីសំណាក់ឧកញ៉ា សុខ ថៃ ថាខ្លួនមិនមានជាប់ពាក់ព័ន្ធក៏ដោយ ក្រុមឈ្មួញរកស៊ីឆ្លងដែន នៅក្នុងទឹកដីខេត្តកណ្តាល និងខេត្តតាកែវ រួមទាំងប្រជាពលរដ្ឋ បានសំណូមដល់លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានគយ និងរដ្ឋាករ គួរបើកកាស៉ើបអង្កេតឃ្លាំងស្តុកទំនិញសង្ស័យគេចពន្ធដើម្បីបញ្ជាក់ឲ្យច្បាស់ពីសុច្ចរិតភាពនៃការរកស៊ីប្រកួតប្រជែងក្នុងទីផ្សារដូចគ្នា៕ 

Close