សេដ្ឋកិច្ច

លោក វុី សំណាង! ក្រុមហ៊ុនខ្នាតយក្សចិនចំនួន៨ នឹងបោះទុនពាន់លានដុល្លារ វិនិយោគក្នុងខេត្តកំពង់ស្ពឺ

ភ្នំពេញ​៖​ ​មន្រ្តី​ជាន់ខ្ពស់​ខេត្ត​កំពង់ស្ពឺ​បាន​អះអាង​ថា​ ​ក្រុម​ហ៊ុន​ធំៗ​របស់​ចិន​ចំនួន៨នឹង​ចូល​មក​វិនិយោគ​នៅ​ខេត្ត​កំពង់ស្ពឺ​ ​នា​ពេល​ខាងមុខ​ ​ដោយ​ទំហំ​វិនិយោគ​មាន​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​អាមេរិក​។​

​លោក​ ​វ៉ី​ ​សំណាង​ ​អភិបាលខេត្ត​កំពង់ស្ពឺ​ ​ដែល​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ខេត្ត​ក្វាងទុង​ ​ប្រទេស​ចិន​ ​រយៈពេល​ពីរ​ថ្ងៃ​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃទី៩​ ​ដល់១០​ ​មេសា​នេះ​បាន​មានប្រសាសន៍​ឲ្យដឹង​នៅ​ព្រឹក​ថ្ងៃទី១០​ ​មេសា​នេះ​ថា​ ​លើ​ទំនុកចិត្ត​ពី​ដៃគូ​ពាណិជ្ជកម្ម​ដ៏​ធំ​នៃ​ខេត្ត​ក្វាងទុង​ ​ដែល​កំពុង​ដំណើរការ​រកស៊ី​ក្នុងទឹក​ដី​ ​នៃ​ខេត្ត​កំពង់ស្ពឺ​ ​ក្រោម​ដំបូល​សុខ​សន្តិភាព​ ​និង​ការ​អភិវឌ្ឍ​ ​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេជោ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ ​បាន​ធ្វើឲ្យ​ក្រុមហ៊ុន​វិ​និ​យោ​គ​ធំៗ​ ​បាន​មក​បោះទុន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។​ ​ខេត្ត​កំពង់ស្ពឺ​ ​ក៏​ជា​ខេត្ត​ដែល​មាន​រោងចក្រ​កាត់ដេរ​ ​និង​រោងចក្រ​ផលិត​កាបូប​ ​ស្បែកជើង​ប្រមាណ​ជា​ ​១២១រោងចក្រ​ ​និង​កំពុង​ពង្រីក​សក្តា​នុ​ពល​របស់​ខ្លួន​។​

​លោក​បន្ត​ថា​ ​មាន​ក្រុម​ហ៊ុន​ធំៗ​ចំនួន៨​ ​បាន​សន្យា​ចូល​មក​វិនិយោគ​នៅ​លើទឹក​ដី​ ​ខេត្ត​កំពង់ស្ពឺ​ ​រួមមាន​ ​ទី១​ ​រោងចក្រ​ ​Speedy​ ​Global​ ​ស្ថិតនៅ​សង្កាត់​ឆាង​អាន​ ​ជា​ក្រុមហ៊ុន​កាត់ដេរ​សម្លៀកបំពាក់​ ​ហើយ​នៅ​ឆ្នាំ២០១៩​ ​នេះ​ ​ក្រុមហ៊ុន​នេះ​ ​នឹង​ដំឡើង​រោងចក្រ​មួយ​ ​នៅ​ខេត្ត​កំពង់ស្ពឺ​ ​ដែល​ត្រូវការ​កម្លាំង​ពលកម្ម​សរុប៨០០០នាក់​ ​ព្រមទាំង​ដាក់​ស្លាក​ ​(​Logo​)​ ​លើ​អាវ​ខាងមុខ​ថា​ ​Cambodia​ ​ម្ខាង​ ​និង​កំពង់ស្ពឺ​ម្ខាង​ ​ហើយ​សម្លៀកបំពាក់​នេះ​នឹង​នាំ​ទៅ​អ៉ឺ​រ៉ុប​។​ ​ទី២​ ​មាន​ក្រុមហ៊ុន​ដៃគូ​ចំនួន​ ​៣កន្លែង​ទៀត​មាន​ផលិត​ដំណាប់​ផ្លែឈើ​ ​ស្លាក​សញ្ញា​សម្លៀកបំពាក់​ ​និង​អចលនទ្រព្យ​ក្នុង​មួយ​កន្លែង​ ​ដែល​ត្រូវការ​កម្លាំង​ពលកម្ម​ ​៨០០០នាក់​សរុប២៤,០០០នាក់​។​

​ទី៣​ ​ក្រុមហ៊ុន​ទូរស័ព្ទ​ចំនួន​ ​២គឺ​ ​OPPO​ ​និង​ ​VIVO​ ​នឹង​ត្រូវ​សាងសង់​អាគារ​កម្ពស់​ ​១០០​ ​ទៅ២០០ម៉ែត្រ​ ​នៅ​ខេត្ត​កំពង់ស្ពឺ​ ​ដើម្បី​ដំណើរការ​វិនិយោគ​របស់​ខ្លួន​។​ ​ទី៤​ ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​រោងចក្រ​ថ្មី​របស់​ចិន​ ​តាមរយៈ​ក្រុមហ៊ុន​ ​ដែល​ទទួល​បានការ​ទាក់ទាញ​ពី​លោក​អភិបាលខេត្ត​ ​មាន​ទុន​ប្រមាណ​ ​២០០០លាន​ដុល្លារ​អាមេរិក​។​ ​ទី៥​ ​ក្រុមហ៊ុន​ ​គូ​ឡុង​ ​ផលិត​សម្លៀកបំពាក់​កូនក្មេង​ ​ត្រូវការ​កម្លាំង​ពលកម្ម​ ​៩០០០នាក់​។​ ​ទី៦​ ​ក្រុមហ៊ុន​ ​ហ្វី​ចូវ​ ​នៅ​ក្រុង​ហ្វី​ចូវ​ ​ផលិត​អាវចាក់​ ​ត្រូវការ​កម្មករ​សរុប​ ​១៥០០០នាក់​ ​ក្រុមហ៊ុន​នេះ​នឹង​រើ​ទៅ​រក​ស៉ី​នៅ​ខេត្ត​កំពង់ស្ពឺ​ ​នឹង​យក​ម៉ាស៉ី​ន​ស្វ័យប្រវត្តិ​ចំនួន​ ​១០០០គ្រឿង​ ​ដែល​មានតម្លៃ​ប្រមាណ​ ​៣៥០០លាន​ដុល្លារ​អាមេរិក​។​

​ទី៧​ ​អគារ​ពាណិជ្ជកម្ម​នៅ​ក្រុង​ច្បារមន​ ​ដែល​ប្រើប្រាស់​ទុន​វិនិយោគ​ប្រមាណ​ ​៥០០លាន​ដុល្លារ​អាមេរិក​។​ ​និង​ទី៨​ ​ក្រុ​មហ៊ុនហ័រ​ ​សេង​ដា​ ​ជា​ក្រុមហ៊ុន​ផលិត​ខ្សែរ​រួត​ ​បច្ចុប្បន្ន​កំពុង​ដំណើរការ​នៅ​ប្រទេស​កម្ពុជា​ហើយ​ ​ស្ថិតនៅ​ក្នុង​ក្រុង​ច្បារមន​ ​ផលិតផល​នេះ​នាំចេញ​ទៅ​អឺរ៉ុប​ ​និង​អាមេរិក​។​ ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​នេះ​ ​ក្រុមហ៊ុន​នេះ​នឹង​ពង្រីក​ក្រុម​មួយ​កន្លែង​ផ្សេងទៀត​នៅក្នុង​ខេត្ត​កំពង់ស្ពឺ​។​

​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​ ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោ​ក​យិន​ ​លាង​គង់​ ​បាន​សម្តែង​ការ​អបអរសាទរ​ចំពោះ​ដំណឹង​ដ៏​រីករាយ​នេះ​ ​ដោយ​លោក​បាន​មានប្រសាសន៍​ថា​ ​ខេត្ត​កំពង់ស្ពឺ​ជា​ខេត្ត​មួយ​មាន​ភាព​ស្រដៀងគ្នា​នឹង​ខេត្តកណ្តាល​ ​ដោយ​សារ​ទទួល​ឥទ្ឋិ​ពល​ពី​រាជធានី​ភ្នំពេញ​ ​ពិសេស​ខេត្ត​នេះ​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ ​តភ្ជាប់​ល្អ​ប្រសើរ​ ​ជាមួយ​ខេត្ត​ព្រះសីហនុ​ ​ដូចជា​ផ្លូវជាតិ​លេខ៤​ ​ផ្លូវជាតិ​លេខ៣​ ​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​ក្រុង​ព្រះសីហនុ​ជាដើម​។​

​លោក​បន្ត​ថា​ ​“​ភាព​អំណោយផល​នៃ​ទីតាំង​ភូមិ​សាស្រ្ត​ ​និង​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​បាន​ធ្វើឲ្យ​ខេត្ត​កំពង់ស្ពឺ​ ​ក្លាយជា​ទីតាំង​មួយ​ដែល​ទាក់ទាញ​ការ​វិនិយោគ​ពី​រោងចក្រ​ ​សហគ្រាស​នានា​ ​ព្រោះ​ខេត្ត​នេះ​ងាយ​តភ្ជាប់​ជាមួយ​រាជធានី​ភ្នំពេញ​ ​និង​បណ្តា​ខេត្ត​ជាប់​តំបន់ឆ្នេរ​ដទៃទៀត​”​៕

Close