សេដ្ឋកិច្ច

អគ្គនាយកដ្ឋានពន្ធដារព្រមានចាត់វិធានការច្បាប់ លើម្ចាស់យានយន្តដែលមិនទៅបង់ពន្ធ

អគ្គនាយក​ដ្ឋាន​ពន្ធដារ​ព្រមាន​ជាថ្មី​ទៀត​ ចាត់វិធានការ​ច្បាប់​លើ​ម្ចាស់​យានយន្ត​ និង​សហគ្រាស​ដែល​មិនទាន់​យក​យានយន្ត​ទៅ​បង់ពន្ធ​ទាំងអស់​ ខណៈ​រថយន្ត​មួយចំនួន​ដែល​មិនទាន់​បាន​ប្រកាស​បង់ពន្ធ​ នៅតែ​ធ្វើ​ចរាចរណ៍​នៅ​លើ​ដងផ្លូវ​នៅឡើយ​។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ ចុះផ្សាយ​កាលពី​ថ្ងៃទី២៦​ ខែមីនា​ ម្សិលមិញ​ បាន​ឲ្យដឹង​ថា​ បច្ចុ​ប្ប​ននេះ​ មាន​យានយន្ត​មួយចំនួន​ដែល​មិនទាន់​ប្រកាស​បង់ពន្ធ​ ហើយ​នៅតែ​បន្ត​ធ្វើ​ចរាចរណ៍​លើ​ដងផ្លូវ​នៅឡើយ​។ ករណីនេះ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ អំពាវនាវ​ទៅ​ម្ចាស់​យានយន្ត​ និង​ម្ចាស់​សហគ្រាស​មួយចំនួន​ មិនទាន់​បាន​ប្រកាស​បង់ពន្ធ​យានយន្ត​របស់​ខ្លួន​ត្រូវ​ទៅ​បង់ពន្ធ​នៅ​តាម​សាខា​ពន្ធដារ​ខេត្ត​-ខណ្ឌ​ ឬនៅ​សាខា​ធនាគារ​ ដើម្បី​ចៀសវាង​នូវ​ការ​ឃាត់​យានយន្ត​តាម​ដងផ្លូវ​ នាំ​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ ខាតពេល​វេលា​ និង​អាច​កើតមាន​នូវ​បាតុភាព​អសកម្ម​ដោយ​ប្រការ​ណាមួយ​ជាយថាហេតុ​ជាដើម​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​៖ «ក្រុមការងារ​ចម្រុះ​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​នៅតែ​បន្ត​យុទ្ធនាការ​ចុះ​ត្រួតពិនិត្យ​លើ​យានយន្ត​ណា​ដែល​មិនទាន់​បង់ពន្ធ​ប្រភេទ​នេះ​តទៅទៀត​ ដើម្បី​ឱ្យ​ច្បាស់​ថា​ យានយន្ត​ទាំងអស់​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​ដោយ​ស្មើភាព​គ្នា​តាម​ការកំណត់​ដោយ​ច្បាប់​»។

ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់​ថា​ រយៈពេល​ជិត២ខែ​ ពោល​គឺ​គិត​ចាប់ពី​ថ្ងៃទី១​ ខែកុម្ភៈ​ រហូតដល់​ថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០១៩នេះ​ អគ្គនាយក​ដ្ឋាន​ពន្ធដារ​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ បាន​ធ្វើការ​ផាកពិន័យ​រថយន្ត​ចំនួន​ ៦ ៣២០​ គ្រឿង​ ដែល​មិនបាន​មក​ប្រកាស​បង់ពន្ធ​បាន​ទាន់ពេល​វេលា​ស្របតាម​ការកំណត់​ដោយ​ច្បាប់​។

អគ្គនាយក​ នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ លោក​ គង់​ វិបុល​ បាន​ថ្លែង​កាលពី​ឆ្នាំមុន​ថា​ មាន​យានយន្ត​ប្រមាណ​ ៥២ម៉ឺន​គ្រឿង​ បាន​ជាប់​កាតព្វកិច្ច​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ក្នុង​ឆ្នាំ២០១៧​ ប៉ុន្តែ​ លោក​ថា​ ម្ចាស់​យានយន្ត​ដែល​បាន​បង់ពន្ធ​រួចរាល់​ក្នុង​ឆ្នាំ២០១៧នោះ​ មាន​ចំនួន​ ៤៨២,០៣៨គ្រឿង​ ខណៈ​ម្ចាស់​យានយន្ត​ចំនួន​ប្រមាណ​ ៤ម៉ឺន​ទៀត​ មិនបាន​បង់ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន​នោះ​ទេ​៕

Close