អន្តរជាតិ

រុស្សុីព្រមានពីតម្លៃប្រេងឡើងដល់៣០០ដុល្លារ ក្នុង១បារ៉ែល ចំពេលបច្ចឹមលោកចាត់វិធានការទណ្ឌកម្មសេដ្ឋកិច្ចជាជំហានៗ

នាយករដ្ឋមន្រ្ដីអង់គ្លេស បានអំពាវនាវដល់ប្រជាជាតិនានា ឲ្យចាត់វិធានការជាជំហានៗ លើពាណិជ្ជកម្មប្រេងឥន្ធនៈរបស់រុស្ស៊ី ភ្លាមៗនោះ ក្រុងមូស្គូក៏បានព្រមានដល់បច្ចឹមលោក អំពីតម្លៃប្រេង ថាអាចនឹងឡើងថ្លៃដល់៣០០ដុល្លារសហរដ្ឋអាមេរិក ក្នុង១បារ៉ែល ក្រោយពេលរុស្ស៊ី បិទការផ្គត់ផ្គង់របស់ខ្លួន។

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២ ថា លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្រ្ដីចក្រភពអង់គ្លេស បានអំពាវនាវឲ្យមានសកម្មភាពជាជំហានៗ នៅក្នុងការពឹងផ្អែកទៅលើប្រេង និង ហ្គាស ពីប្រទេសរុស្ស៊ី ជុំវិញសកម្មភាពក្រុងមូស្គូ បង្កសង្គ្រាមទៅលើប្រទេសអ៊ុយក្រែន។

ក្រោយការចរចាជាមួយនឹងនាយករដ្ឋមន្រ្ដីកាណាដា និង ហូឡង់ នោះមក លោក បូរីស ចនសុន នាយករដ្ឋមន្រ្ដីអង់គ្លេស បានបញ្ជាក់ថា ប្រជាជាតិនានា ត្រូវតែធ្វើការរួមគ្នា ដើម្បីទទួលបាននូវជម្រើសផ្សេងទៀត។

ជាមួយគ្នានេះដែរ លោក ចាស្ទីន ទ្រូដូ (Justin Trudeau) នាយករដ្ឋមន្រ្ដីកាណាដា ក៏បានបញ្ជាក់ថា អឺរ៉ុបមិនចង់ធ្វើឲ្យមានកំហុសជាដដែលៗ ចំពោះការពឹងផ្អែកទៅលើរុស្ស៊ី បន្ដទៀត។ ប៉ុន្តែនាយករដ្ឋមន្ត្រីហូឡង់ លោក ម៉ាក រូតតេ (Mark Rutte) បានព្រមានថា ការបង្ខំឱ្យធ្វើពហិការ នាពេលនេះ នឹងមាន «ផលវិបាកយ៉ាងធំសម្បើម» ខ្លាំងណាស់។
 
ដោយឡែកលោក អូឡាហ្វ សូលហ្ស៍ (Olaf Scholz ) អធិការបតីអាល្លឺម៉ង់ បានព្រមាន ពីការហាមឃាត់ប្រេង និង ហ្គាសរបស់រុស្ស៊ី។ កាលពីពេលថ្មីៗនេះ លោកអធិការបតី បានសម្រេចបញ្ឈប់ដំណើរការបំពង់បង្ហូរហ្គាស មានតម្លៃ ១១ពាន់លានដុល្លារសហរដ្ឋអាមេរិក តភ្ជាប់ពីតំបន់ស៊ីបេរី ប្រទេសរុស្ស៊ី ឆ្លងកាត់សមុទ្របាល់ទិក ឆ្ពោះមកកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីជាការប្រឆាំងនឹងសកម្មភាពយោធារបស់ក្រុងមូស្គូ វាយប្រហារទៅលើប្រទេសអ៊ុយក្រែន។

ទោះយ៉ាងណា លោកអធិការបតី បានបញ្ជាក់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា អឺរ៉ុបបាន «លើកលែង ដោយចេតនា» ចំពោះថាមពលរបស់រុស្ស៊ី ពីការដាក់ទណ្ឌកម្ម ដោយសារតែការផ្គត់ផ្គង់របស់អឺរ៉ុប មិនអាចធានា តាមវិធីផ្សេងទៀត នៅពេលនេះ។

លោក អាឡិកសែនដឺរ ណូវ៉ាក់ (Alexander Novak) ឧបនាយករដ្ឋមន្រ្ដីរុស្ស៊ី បានបញ្ជាក់ថា «ប្រេងរបស់រុស្ស៊ី នឹងមានផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ទីផ្សារពិភពលោក។ ជាមួយគ្នានេះ រុស្ស៊ីបានព្រមានថា តម្លៃប្រេងអាចហក់ឡើងដល់៣០០ដុល្លារ ក្នុងមួយបារ៉ែល ឬមួយធុង ហើយរុស្ស៊ី អាចនឹងបិទបំពង់បង្ហូរហ្គាសដ៏សំខាន់ ទៅកាន់ប្រទេសអាឡឺម៉ង់ ប្រសិនបើបច្ចិមលោក បញ្ឈប់ការនាំចូលប្រេង ជុំវិញការឈ្លានពានរបស់ក្រុងមូស្គូ ទៅលើប្រទេសអ៊ុយក្រែន៕

Close