អន្តរជាតិ

មេទ័ព និង​មេប៉ូលិស​ថៃ ប្រកាស​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​ថ្មី

ក្នុង​សន្និសីទ​កាសែត​កាលពី​ថ្ងៃទី​២៨ ខែ​មីនា ឆ្នាំ​២០១៩ មេទ័ព និង​មេប៉ូលិស​នៃ​ប្រទេស​ថៃ បាន​ប្រកាស​គោល​ជំហរ​ត្រៀម​ខ្លួន​ធ្វើការ​ជាមួយ​រដ្ឋាភិបាលថ្មី ដោយមិន​ខ្វល់​ថា ជា​គណបក្ស​ណា​ជាអ្នក​កាន់​អំណាច និង​អ្នកណា​ជា​នាយករដ្ឋមន្រ្តី​នោះ​ឡើយ។

អគ្គ​មេបញ្ជាការ​កងទ័ព​ថៃ លោក​នាយ​ឧត្តមសេនីយ៍ Pornpipat Benyasri បាន​និយាយថា៖ «យើងមិនអាច​ធ្វើឱ្យ​អ្នករាល់គ្នា ក្លាយ​ជាមនុស្សល្អម្នាក់បានឡើយ ប៉ុន្តែ​យើង​អាច​ជ្រើសរើស​មនុស្ស​ល្អ ដើម្បីដឹកនាំ​យើង។ អ្នករាល់គ្នា (រួមទាំង​យោធា និង​ប៉ូលិស) កំពុង​ព្យាយាម​ធ្វើឱ្យ​ល្អ​បំផុត ក្នុងការ​ធ្វើតាម​ការណែនាំ​នេះ»។

យ៉ាងណាក៏ដោយ ពាក្យថា «មនុស្សល្អ» ដែលថ្លែងខាងលើនេះ ត្រូវបាន​គេសន្មតថា គឺសំដៅទៅលើ​លោក​ប្រាយុទ្ធ ចាន់អូចា។

គួរ​កត់​សម្គាល់​ថា ការ​លើកឡើងខាងលើនេះ ធ្វើឡើង​ក្រោយពេលដែល​គណបក្ស​ចំនួន ៧ រួមមាន៖ គណបក្ស Pheu Thai, គណបក្ស Future Forward, គណបក្ស Seri Ruam Thai, គណបក្ស Prachachart, គណបក្ស Puea Chart, គណបក្ស New Economics និង​គណបក្ស Thai People Power បាន​ប្រកាស​បង្កើត​រដ្ឋាភិបាលចម្រុះ កាលពីថ្ងៃទី២៧ ខែមីនា។ គណបក្សទាំងនេះ នឹងរួមបញ្ចូលគ្នា ដើម្បី​ឈានដល់​ចំនួន​អាសនៈ​លើសពី ២៥០​អាសនៈ​ក្នុងសភា អាច​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយបាន៕

Close