អន្តរជាតិ

វេណេហ្សុអេឡា ខាតបង់លុយ៣០ពាន់លានដុល្លារ ក្នុងរយៈពេល៣ខែ ក្រោយពេលអាមេរិកខ្ទប់សេដ្ឋកិច្ច

(គែរ)៖ ឯកអគ្គរដ្ឋទូតវេណេហ្សុអេឡាប្រចាំប្រទេសអេហ្ស៊ីប លោក Wilmer Omar Barrientos បានឲ្យដឹងថា ប្រទេសរបស់លោក បានខាតបង់ថវិកាប្រមាណ៣០ពាន់លានដុល្លារ ក្នុងអំឡុងពេល០៣ខែកន្លងមកនេះ ដោយសារតែការរាំងខ្ទប់សេដ្ឋកិច្ច ក៏ដូចជា ការដាក់ ទណ្ឌកម្មពីសំណាក់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារ ព័ត៌ មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០១៩។

យោងតាមលោក Barrientos ចាប់តាំងតែពីមេបក្សប្រឆាំងវេណេហ្សុអេឡា លោក Juan Guaido ដែលមានអាមេរិកជាខ្នងបង្អែក បានលើកខ្លួនឯងជាប្រធានាធិបតីស្តីទីរបស់ប្រទេសអាមេរិកឡាទីនមួយនេះ កាលពីខែមករាដើមឆ្នាំនេះ បណ្តាធនាគារនៅអាមេរិក និងអឺរ៉ុប បានបង្កកលុយរាប់ពាន់លានដុល្លាររបស់រដ្ឋាភិបាលលវេណេហ្សុអេឡា។ បន្ថែមពីនេះ ទីក្រុងវ៉ាស៊ីនតោន ក៏បានរាំងខ្ទប់ ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនប្រេងរដ្ឋវេណេស៊ុយអេឡា PDVSA និងដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុននេះផងដែរ។លោក Barrientos បាន និយាយ ដូច្នេះថា «ពាក់ព័ន្ធការដាក់ទណ្ឌកម្មនិងការរាំងខ្ទប់សេដ្ឋកិច្ចទាំងនេះ វេណេហ្សុអេឡាបានខាត បង់ប្រមាណជា ៣០ពាន់លានដុល្លារ ក្នុងអំឡុងពេលត្រឹមតែ០៣ខែកន្លងទៅនេះប៉ុណ្ណោះ»។

គួរជម្រាបថា ស្ថានការណ៍នៅក្នុងប្រទេសវេណេហ្សុអេឡា បានបន្តស្ថិតក្នុងសភាពតានតឹង ចាប់តាំងតែពីខែមករាមក នៅពេលអាមេរិកចេញមុខគាំទ្របក្សប្រឆាំង និងទទូចឲ្យប្រធានាធិបតីស្របច្បាប់ លោក នីកូឡាស់ ម៉ាឌូរ៉ូ ចុះចេញពីអំណាច៕

Close