អន្តរជាតិ

អផ្សុក ! គូបដិបក្ខ​ក្នុង​នយោបាយ​កម្ពុជា បង្កើត​ល្បែងភ្នាល់​រឿង​ដោះ ឬ មិន​ដោះលែង​លោក កឹម សុខា​

​ភ្នំពេញ​៖​ទំនងជា​ការចង់​អបអរសាទរ​ចំពោះ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ទើប​ថ្ងៃទី​០៩ វិច្ឆិកា នេះ ដែលជា​ខួប​លើក​ទី​៦៥ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​កម្ពុជា អ្នកនយោបាយ​ដែលជា​គូបដិបក្ខ​នោះ​គឺ​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន បាន​បបួលគ្នា​ភ្នាល់ រឿង​ដោះលែង ឬ​មិន​ដោះលែង​លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​នៅក្នុង​ផ្ទះ​ឯ​ខណ្ឌទួលគោក ។​

​លោក កឹម សុខា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែលមាន​សម្លេងគាំទ្រ​ក្នុងការ​បោះឆ្នោត​ស្ទើរ​ប្រហែល​គ្នា នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់អំណាច ត្រូវបាន​តុលាការ នៃ​បក្ស​កាន់អំណាច​ចោទប្រកាន់​ពីបទ​ឃុបឃិត​ជាមួយ​បរទេស​ដើម្បី​ផ្ដួលរំលំ​រដ្ឋាភិបាល ហើយ​បានសម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ក្នុង​ខេត្តកំពង់ចាម​កាលពី​ថ្ងៃ​ទី​០៣ កញ្ញា ឆ្នាំ ២០១៧ ។ ការឃុំខ្លួន​មេដឹកនាំ​បក្សប្រឆាំង​រូបនេះ បាន​បើកដៃ​ឲ្យ​បក្ស​កាន់អំណាច​ឈានទៅ​ឆក់​ប្រមូលយក​អាសនៈ​មេឃុំ និង​ក្រុមប្រឹក្សាឃុំ ស្រុក ខេត្ត ដែល​បក្សប្រឆាំង​ទទួលបាន​យ៉ាង​លើសលប់​គ្មាន​សល់ ។ ហើយ​នៅ​ចុងបញ្ចប់​បាន​បិទផ្លូវ​គណបក្ស​នេះ​មិន​ឲ្យ​ចូលរួម​ក្នុងការ​បោះឆ្នោត​អាណត្តិ​ទី​៦ ដែលជា​ការផ្ដល់​ឱកាស​ឲ្យ​បក្ស​ប្រជាជន​កម្ពុជា​ជិះសេះ​លែងដៃ ដែល​បើទោះបីជា​មានកា​រិះគន់​ពី​ប្រជាពលរដ្ឋ ក៍​ដូចជា​សហគមន៍​អន្តរជាតិ​យ៉ាង​ចម្រូងចម្រាស​ក្ដី ។ នៅ​ទីបំផុត​ការតវ៉ា បានក្លាយ​ទៅជា​ផ្នែក​មួយ​ដែល​នាំ​ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា ពី​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង កាលពី​ថ្ងៃទី​១០ កញ្ញា ឆ្នាំ ២០១៨ ដោយ​យកមក​ឃុំខ្លួន​នៅក្នុង​ផ្ទះ​វិញ ។​

​ពេលនេះ​លោក សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​គេ​ស្គាល់​ថា ក៍​ជា​អ្នកវិភាគ​ទីផ្សារ​ភាគហ៊ុន ដ៍​ខ្លាំង​ម្នាក់​នៅ​អឺរ៉ុប​ដែរនោះ បានលើកឡើង​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក ផ្ទាល់ខ្លួន​ថា ក្រោម​សម្ពាធ​អន្តរជាតិ លោក ហ៊ុន សែន នឹងត្រូវ​បង្ខំចិត្ត​ដោះលែង​លោក កឹម សុខា ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ ។ អាច​ថ្ងៃទី​២៩ ធ្នូ ឆ្នាំ ២០១៨ ឬ ក៍​យ៉ាងយូរបំផុត​ថ្ងៃទី​០៣ ខែ មិនា ឆ្នាំ ២០១៩ ។ ដោយ​អតីត​មេដឹកនាំ​បក្សប្រឆាំង​រូបនេះ បាន​បបួល​លោក ហ៊ុន សែន ភ្នាល់ , បើ​ស្ថានភាព​កើតឡើង​ដូច​ការអះអាង​របស់គាត់ គាត់​សុំ​ឲ្យ​លោក ហ៊ុន សែន ចុះ​ចេញពី​អំណាច តែបើ​ពុំ​ដូច្នោះ​ទេ គាត់​នឹង​ដើរមក​ឲ្យ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ចាប់ខ្លួន​តែម្ដង ។​

​ភ្លាមៗ​ជាការ​ឆ្លើយ​តមលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ដែល​ស្និទ្ធ​នឹង​លោក​ថា « ខ្ញុំ​ហ៊ាន​ភ្នាល់​ជាមួយ​លោក សម រង្ស៊ី បើសិន​មានការ​ដោះលែង កឹម សុខា មែន ។ ខ្ញុំ ហ៊ុន សែន សុខចិត្ត​ចុះចេញ​ពី​តំណែង​តាម​ការ​បបួល​ភ្នាល់​របស់ សម រង្ស៊ី ។ ប៉ុន្តែ​បើ​លោក កឹម សុខា មិន​ត្រូវបាន​ដោះលែង​វិញ​នោះ នៅ​ចន្លោះ​ពីថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០១៨ រហូតដល់​ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៩​ទេ , លោក សម រង្ស៊ី ត្រូវ​ហ៊ាន​ចុះចាញ់​ទទួលស្គាល់​ការ​ភ្នាល់​របស់ខ្លួន ដោយ​ចូលមក​ឲ្យ​ចាប់ខ្លួន​ភ្លាមៗ​បន្ទាប់ពី​បញ្ចប់​ការ​ភ្នាល់ »​។​
​ក្នុងស្ថានភាព​បែបនេះ​ត្រូវបាន​គេ​មើលឃើញថា រឿងរ៉ាវ​នយោបាយ​ដ៍​ភ្លូកទឹកភ្លូកដី​រវាង​បក្សប្រឆាំង និង​បក្ស​កាន់អំណាច​នៅ​កម្ពុជា ទីបំផុត​ទៅ​មាន​ជម្រៅ​ចង់​យ៉ាប់​ជាង​ក្ដិត​ប៉ាន់តែ ៕ ដោយ​៖ កែវ វិទូ​រ្យ​

 

Tags
Close