អន្តរជាតិ

អាមេរិកនិងG7 គ្រោងចាក់លុយ ៤០ទ្រីលានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទសកំពុងអភិវឌ្ឍ ដើម្បីទប់នឹងចិន

សហរដ្ឋអាមេរិក និងសមាជិកប្រទេសមហាអំណាចឧស្សហកម្ម G7 កាលពីថ្មីៗនេះ បានបង្ហាញពីផែនការ ចង់ផ្ដល់ជំនួញហិរញ្ញវត្ថុសរុបជាង ៤០ទ្រីលានដុល្លារ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធនៅប្រទសកំពុងអភិវឌ្ឍ ដើម្បីប្រឆាំងទប់នឹងអំណាចគម្រោងផ្ដួចផ្ដើមផ្លូវនិងខ្សែក្រវាត់របស់ចិន។ នេះបើយោងសារព័ត៌មានរ៉យទ័កាលពីម្សិលមិញនេះ។

ប្រទេសទាំង ៧ បានពិភាក្សាគ្នាអំពីបញ្ហានេះក្នុងជំនួបកំពូលនៅប្រទេសអង់គ្លេសកាលពីសប្តាហ៍មុនដែលក្នុងនោះ របៀបវារៈមួយនៃកិច្ចប្រជុំ គឺត្រូវស្វែងរកដំណោះស្រាយទប់ទល់នឹងការកើនឡើងនៃឥទ្ធិពលរបស់ចិននៅលើពិភពលោក ទាំងសេដ្ឋកិច្ច និងយោធា ក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ។

គម្រោងតម្លៃជាង ៤០ទ្រីលានដុល្លារ មានឈ្មោះថា Build Back Better World (B3W) ឬប្រែសម្រួលជាភាសាខ្មែរថា «កសាងឡើងវិញ ពិភពលោកឱ្យល្អជាងមុន» ដែលជាគម្រោងរបស់ប្រធានាធិបតីអាមេរិក Joe Biden។

យោងតាមមន្ត្រីជាន់ខ្ពស់របស់ប្រទេសអាមេរិក គម្រោងដ៏ធំនេះមិនមែនគ្រាន់តែជាការទប់ទល់នឹងអំណាចចិនទេ តែវាជាការផ្ដល់ជំនួយយ៉ាងស្អាតស្អំសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ក៏ដូចជាការឆ្លុះបញ្ចាំងពីគុណតម្លៃ ស្តង់ដារ និងវិធីនៃការធ្វើជំនួញដែលមានតម្លាភាពរបស់ប្រទេសG7 ផងដែរ។

គម្រោងនេះ នឹងធ្វើការគៀងគរទុនពីវិស័យឯកជន ហើយយកទៅវិនិយោគលើច្រើនវិស័យជាច្រើនក្នុងប្រទេសកំពុងអភិវឌ្ឍ ដូចជាហេដ្ឋារចនាសម្ព័ន្ធ អាកាសធាតុ សុខភាព សុខភាពបច្ចេកវិទ្យាឌីជីថល និងសមភាពយេនឌ័រជាដើម។

ទោះយ៉ាងណាក្ដី កិច្ចប្រជុំនៅមិនទាន់បង្ហាញពីផែនការច្បាស់លាស់នៅឡើយទេ ថានឹងប្រមូលទុនយ៉ាងណា ហើយនឹងត្រូវផ្ដល់ជូនទៅប្រទេសកំពុងអភិវឌ្ឍយ៉ាងដូចម្ដេច។

គួរបញ្ជាក់ផងដែរ គម្រោងនេះមានបំណងចង់ប្រជែងជាមួយនឹងគម្រោងផ្លូវនិងខ្សែប្រវាត់របស់ចិន ដែលចាប់ផ្ដើមកាលពីឆ្នាំ ២០១៣។ មកទល់បច្ចុប្បន្ន មានប្រទេសជាង ១០០ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប្រទេសចិនហើយ ដើម្បីសាងសង់គម្រោងនានាដូចជាផ្លូវដែក កំពង់ផែ ផ្លូវហាយវេ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។

ប៉ុន្តែ ក្រុមអ្នករិះគន់បាននិយាយថាគម្រោងរបស់ចិន មិនមានតម្លាភាពពោលគឺដើម្បីពង្រីកនយោបាយកុម្មុយនិស្ត៕

Close