អន្តរជាតិ

ឃ្លាំង​ពេជ្រ​អាយុកាល​ជិត 13 ពាន់​លាន​ឆ្នាំ បង្ហើប​ពី​ភាវៈរស់​ក្រៅ​ផែនដី

តេ​ឡេ​ស្កុប​អវកាស​ទំនើប​បំផុត​លើ​ពិភពលោក​បាន​រកឃើញ​ឃ្លាំង​ពេជ្រ​មួយ នេះ​បើ​និយាយ​ទៅតាម​ទាំង​ន័យត្រង់ និង​ន័យធៀប។

យោងតាម​ទំព័រ Space តេ​ឡេ​ស្កុប James Webb របស់​ណា​សា បាន​រកឃើញ​ធូលី​កាបូន​ដូច​ពេជ្រ​នៅក្នុង​បណ្ដា​កាឡាក់ស៊ី​ដែល​ទំនង​ជា​បាន​​កកើតឡើង​​តែ​ប៉ុន្មាន​រយ​ឆ្នាំ​ប៉ុណ្ណោះ​បន្ទាប់ពី​ Big Bang ដែលជា​ហេតុការណ៍​ចាប់កំណើត​របស់​ចក្រវាល។

ការរកឃើញ​នេះ​អាចជះឥទ្ធិពល​ដល់​ទ្រឹស្ដី​ដែល​ទាក់ទង​នឹង​ការវិវត្ត​របស់​គីមី​នៅក្នុង​ចក្រវាល។ កន្លងមក អ្នកវិទ្យាសាស្ត្រ​ជឿថា ដំណើរការ​នៃ​ការកកើត និង​បែងចែក​ធាតុ​រឹង​ដូចជា​កាបូន​ជាដើម ​ស៊ី​ពេលវេលា​ច្រើន មិនអាច​មាននៅ​ក្នុង​បណ្ដា​កាឡាក់ស៊ី​វ័យក្មេង។

ការរកឃើញ​ថ្មី​នេះ​បានចាប់ផ្ដើម​ពី​ការពិនិត្យមើល​​ឆ្លងកាត់​ពេលវេលា និង​លំហ​អវកាស​​នៃ​កាឡាក់ស៊ី​បុរាណ​ចំនួន 10។ អំពី​ទ្រឹស្ដី រូបភាព​ដែល​មនុស្ស​មើលឃើញ​វត្ថុ​អវកាស​មួយ គឺមាន​អត្រា​យឺត​ដូច​ទៅនឹង​ពេលវេលា​ដែល​ពន្លឺ​ពី​វត្ថុ​អវកាស​នោះ​ធ្វើដំណើរ​ដល់​ភ្នែក​របស់​មនុស្ស។

ដោយ​ការ​មើលទៅ​ទីតាំង​ដែលមាន​ចម្ងាយ​រាប់ពាន់​លាន​ឆ្នាំ​ពន្លឺ James Webb បាន​នាំមក​នូវ​រូបភាព​កាលពី 12.8 ពាន់​លាន​ឆ្នាំមុន ជា​ពេលដែល​កាឡាក់ស៊ី​ទាំងនេះ​នៅ​ក្មេង និង​ស្ថិតក្នុង​ចក្រវាល​ក្មេងខ្ចី។ ធូលី​កាបូន​ដែល​អ្នកវិទ្យាសាស្ត្រ​បាន​មើលឃើញ បាន​រីកចម្រើន​ទៅជា​ម៉ូលេគុល​អ៊ី​ដ្រូ​កាបូន​ក្រអូប (PAH) ដែលជា​ប្រការ​មិនអាច​ជឿ​បាន​ថា មាននៅ​ក្នុងអំឡុងពេល​ជិត 13 ពាន់​លាន​ឆ្នាំមុន។

ការសិក្សា​ស្រាវជ្រាវ​កន្លងមក​បាន​បញ្ជាក់ថា ចក្រវាល​ក្រោយពី Big Bang ភ្លាមៗ នៅមាន​ភាព «ឯកា» ខ្លាំងណាស់ ដោយ​វា​ភាគច្រើន​មានតែ​អ៊ីដ្រូសែន និង​អេ​ល្យូ​ម។

យោងតាម​ទ្រឹស្ដី​នានា​ដែល​ត្រូវបាន​ទទួលស្គាល់​ទូលំទូលាយ បណ្ដា​ធាតុ​ដែល​រឹង​ជាង​អ៊ីដ្រូសែន និង​អេ​ល្យូ​ម សុទ្ធតែ​កកើតឡើង​ក្នុងដំណាក់កាលក្រោយៗមកទៀត បន្ទាប់ពី​ការកកើត​ផ្កាយ​រាប់លាន​ជំនាន់។ ស្នូល​របស់​ផ្កាយ​នានា​គឺជា «ឡ» ប្រតិកម្ម បង្កើត​ធាតុធ្ងន់ៗជាង​មុន នៅពេល​ពួកវា​ផ្ទុះស្លាប់។

កាបូន​ក៏​ជា «ឆ្អឹងខ្នង​របស់​ភាវៈរ​ស់»។ វា​អាច​កកើត​នៅក្នុង​កាឡាក់ស៊ីចាស់ៗទាំង 10 ដែល​អ្នកវិទ្យាសាស្ត្រ​ទើបតែ​រកឃើញ។ នេះ​បើតាម​ការស្រាវជ្រាវ​រប​ស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​សាកលវិទ្យាល័យ Cambridge (អង់គ្លេស) ដែល​បាន​និយាយ​ខាងលើ។

ប្រការនេះ​អាចឱ្យ​យើង​ចាប់ផ្ដើម​ងាក​ទៅ​ជឿថា ភាវៈ​រស់ក្នុង​យុគសម័យដំបូងៗទំនងជា​បានចាប់ផ្ដើមត្រូវ​បាន​ «ភ្ញាស់» ក្នុង​ចក្រវាល​តាំងពី​យូរ​ឡុង​ ជាង​អ្វីដែល​មនុស្ស​បានគិត។ ចំណែក​ជីវិត​នៅលើ​ផែនដី​ក៏​ប្រហែលជា​ស្ថិតក្នុង​ដំណាក់កាល​វ័យ​ក្មេង​នៅឡើយ បើ​ធៀប​នឹង​ជីវិត​នៅតាម​បណ្ដា​ភព​ក្នុង​ប្រព័ន្ធ​ផ្កាយ​នានា​របស់​កាឡាក់ស៊ី​បុរាណៗ៕

Close