ព័ត៌មានជាតិ

បុរស០៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងផាកពិន័យក្នុងម្នាក់១លានរៀល ដោយសារអង្គុយផឹកកាហ្វេល្មើសវិធានរដ្ឋបាល

តាខ្មៅ៖បុរស៣នាក់ដែលមិនគោរពតាមការណែនាំ របស់អាជ្ញាធរ និងសេចក្តីសម្រេចស្តីពីការបិទខ្ទប់ក្រុងតាខ្មៅត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី១៨ខែមេសាឆ្នាំ២០២១នេះ នៅក្នុងរោងកាហ្វេ ស្ថិតនៅក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្ដកណ្ដាល ។ បើតាមសមត្ថកិច្ច បុរស៣នាក់នោះបានប្រមូលផ្តុំអង្គុយផឹកកាហ្វេនៅចំនុចភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ទោះបីជាមានការអប់រំពីអាជ្ញាធរមានសមត្ថកិច្ច ម្តង ជាពីរដងមកហើយក្តី ក៏មុខសញ្ញាល្មើសទាំង០៣នេះនៅតែមិនស្ដាប់តាមការណែនាំ និងមិនមានបានពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ថែមទៀត។

ចុងក្រោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្តកណ្តាល បានឃាត់ខ្លួនជនទាំងបីនាក់ នោះមកកាន់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធី។ដើម្បីជាការព្រមាន សមត្ថកិច្ចសម្រេចផាកពិន័យក្នុងម្នាក់១លានរៀល។ ក្នុងនោះសមត្ថកិច្ចសម្រេចទុកពេលឲ្យ១ខែគិតចាប់ពីថ្ងៃចេញវិក័យបត្រ សម្រាប់ឲ្យបង់ថ្លៃផាកពិន័យ។ប្រសិនបើហួសកាលបរិច្ឆេទដែលបាន កំណត់សមត្ថកិច្ចនឹងមានវិធានការបន្តតាមនីតិវិធីច្បាប់។បុគ្គលទាំងបីនាក់នោះរួមមាន៖
១.ឈ្មោះ ទេព វ៉ាន់ ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរ កម្មករ។

២.ឈ្មោះ ម៉ៅ ប៉ាក់ អាយុ ៤៧ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្នភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ រត់ម៉ូតូឌុប។៣. ឈ្មោះ លេ ហុងហ្វុង អាយុ ៤៥ឆ្នាំ ភេទប្រុស ទីលំនៅបច្ចុប្បន្នភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ លក់ដូរ កាហ្វេ៕

Close