ព័ត៌មានជាតិ

លោក ញ៉ែម និវ័ន្ត ស្នងការរងខេត្តមណ្ឌលគិរី ទំនងជាអ្នកនៅពីក្រោយខ្នងក្រុមហ៊ុនយ៉ានចាវក្នុងជំនួញឈើខុសច្បាប់ លោក សៅ សុខា មិនគួរមើលរំលង

ទំនាក់ទំនងការផ្សាយ ០៧១ ៧៨៨៨ ៣៤៥
មណ្ឌលគិរី-លោកញ៉ែម និវ័ន្ត ហៅយ៉តដែលមានតួនាទីជាស្នងការរងខេត្តមណ្ឌលគិរីផង និងជាកូនប្រសារលោក ស្វាយ សំអ៊ាង អភិបាលខេត្តផងនោះ កំពុងល្បីឈ្មោះកក្រើកសុះសាយខាងជំនួញឈើខុសច្បាប់នៅក្នុងក្រុមហ៊ុនយ៉ានចាវនាប៉ុន្មានខែកន្លងមកនេះ បាននិងកំពុងរត់ការខ្វែងដៃ ខ្វែងជើង ជាមួយមន្ត្រីពុករលួយខិលខូច ដើម្បីលាក់បាំងព័ត៌មាន ឈើរាប់ពាន់កំណាត់នៅក្នុងក្រុមហ៊ុនដែលដឹកចេញមិនទាន់ ខណៈគណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ កំពុងបើកប្រតិបត្តិការទ្រង់ទ្រាយធំនាប៉ុន្មានថ្ងៃមកនេះ។

សកម្មជនព្រៃឈើលើកឡើងថា លោក សៅ សុខា មិនគួរមើលរំលងអំពើល្មើសច្បាប់ របស់លោក ញ៉ែម និវ័ន្ត ហៅយ៉ត ដែលប្រើតួនាទីជាស្នងការរងខេត្តមណ្ឌលគិរី និងអំណាចឪពុកក្មេកជាចៅហ្វាយខេត្ត ទៅឃុបឃិតបែបទុច្ចរិត រកសុីឈើខុសច្បាប់នោះឡើយ។

សកម្មជនព្រៃឈើបានរាយការណ៍ឲ្យដឹងថា រយៈពេល៥ថ្ងៃមកហើយ គឺចាប់តាំងពីថ្ងៃ១១ ខែកក្កដា ឆ្នាំ២០១៩នេះ ឈើរាប់ពាន់កំណាត់នៅក្នុងបរិវេណក្រុមហ៊ុនយ៉ានចាវ ត្រូវបានក្រុមឈ្មួញ ប្រើគ្រឿងចក្រកាយដីកប់ និងឈើមួយចំនួនទៀត ត្រូវបានគេអូសយកទៅទំលាក់ចោលក្នុងព្រៃក្រៅដីក្រុមហ៊ុន ដោយមានលោក ញ៉ែម និវ័ន្ត ចេញមុខសម្របសម្រួលជាមួយមន្ត្រីពុករលួយខិលខូច ជួយបិទបាំងព័ត៌មានមិនឲ្យថ្នាក់ដឹកនាំគណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើដឹងឡើយ។

សេចក្តីរាយការណ៍បន្តថា ជាង៣ខែកន្លងមកនេះ ក្រុមហ៊ុនយ៉ានចាវដែលមានទីតាំងស្ថិតនៅក្នុងឃុំស្រែសង្គម ស្រុកកោះញ៉ែក ខេត្តមណ្ឌគិរី បានធ្វើសកម្មភាពទង់ទ្រាយធំប្រមូលទិញឈើខុសច្បាប់ ដែលគេលួចកាប់នៅក្នុងតំបន់អភិរក្សសត្វព្រៃភ្នំព្រេច និងតំបន់អភិរក្សទន្លេស្រែពក ដឹកចូលមកកែច្នៃក្នុងក្រុមហ៊ុន រួចបម្លែងជាឈើស្របច្បាប់ ដឹកយកទៅលក់នៅព្រំដែនវៀតណាមរាប់រយរថយន្ត និងមួយចំនួនទៀតលក់តាមដេប៉ូនានាក្នុងប្រទេស។

ប្រភពខាងលើបន្តថា ក្រុមហ៊ុនយ៉ានចាវបានទទួលសិទ្ធិវិនិយោគលើផ្ទៃដីទំហំប្រមាណ១១០០ ហិកតា និងបានទទួលសិទ្ធិកែច្នៃឈើចាស់ដែលរដ្ឋរឹបអូសកាលពីប៉ុន្មានឆ្នាំមុន សម្រាប់ផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុកតែប៉ុណ្ណោះ។ ផ្ទុយទៅវិញដោយសារតែអំណាចនិងឥទ្ធិពលរបស់លោកស្នងការរង ញ៉ែម និវ័ន្ត និងដោយមានចំហាយអំណាចរបស់លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរីជាឪពុកក្មេកផងនោះ ក្រុមហ៊ុនយ៉ានចាវ បានដាក់ម៉ាសុីនរ៉ៃមិនតិចជាង៣០គ្រឿង មានទាំងថៅកែនិងកម្មករជនជាតិវៀតណាមរាប់សិបនាក់ ចាំប្រមូលទិញឈើខុសច្បាប់ ហើយអារឡាំងបួនជ្រុង បម្លែងជាឈើស្របច្បាប់ដឹកយកទៅលក់នៅព្រំដែនប្រទេសវៀតណាម ដោយមានការឃុបឃិតពីមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត។

ជាក់ស្តែង ទំនងព័ត៌មានចុះបង្ក្រាបព្រៃឈើទ្រង់ទ្រាយធំរបស់គណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ ត្រូវបានបែកធ្លាយជាមុន តាមរបៀបខ្មោចស្រុកឲ្យដៃ ខ្មោចព្រៃដឹងមុន ទើបក្រុមហ៊ុនយ៉ានចាវ ដែលមានលោកស្នងការរង ញ៉ែម និវ័ន្ត ជាអ្នកនៅពីក្រោយខ្នងនោះ បាន រៀបចំខ្លួនយ៉ាងល្អ ដោយម៉ាសុីនរ៉ៃអាឈើមួយចំនួន ត្រូវបានគេរុះរើភ្លាមៗ កម្មករជនជាតិវៀតណាមត្រូវផ្អាកសកម្មភាពអាឈើក្នុងក្រុមហ៊ុន និងរថយន្តបង្កបទល្មើសត្រូវបានគេបញ្ជាឲ្យទម្លាក់ឈើ ចោលរាប់ពាន់កំណាត់ ហើយបើករត់គេចរកកន្លែងសុវត្ថិភាព ដែលហាក់មានសំណាងជាង ក្រុមហ៊ុនម៉ាស្ទ័រសាន់របស់ឧកញ៉ា សឹង្ហ សំអុល ។

សកម្មជនព្រៃឈើ ថ្លែងកោតសរសើរចំពោះចំណាត់ការក្តៅ របស់គណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិនាប៉ុន្មានថ្ងៃកន្លងមកនេះ ដែលឈានដល់ការចាប់មេឈ្មួញទុច្ចរឹតបំផ្លាញព្រៃឈើ និងបក្ខពួក ព្រមទាំងចាប់ឡានបង្កបទល្មើសបានរាប់សិបគ្រឿង ដោយមួយចំនួនបានបំផ្លាញចោលនៅនឹងកន្លែង និងបន្តកោះហៅមន្ត្រីពាក់ព័ន្ធក្នុងមណ្ឌលគិរីទៅសាកសួរដើម្បីស្វែងរកភស្តុតាងចោទប្រកាន់តាមផ្លូវច្បាប់នោះ។

បន្ថែមទៀតនោះ សកម្មជនព្រៃឈើបានសំណូមពរដល់នាយឧត្តមសេនីយ៍ សៅ សុខា គួរបើកការសុើបអង្កេតលើសកម្មភាពល្មើសច្បាប់របស់ក្រុមហ៊ុនយ៉ានចាវ ដើម្បីរកឲ្យឃើញការពិតថា បុគ្គមានអំណាចរូបណាខ្លះនៅពីក្រោយបទល្មើសព្រៃឈើរបស់ក្រុមហ៊ុនមួយនេះ និងក្រុមហ៊ុនរកសុីជំនួញឈើជាច្រើនទៀតនៅក្នុងខេត្តមណ្ឌលគិរី ដើម្បី ឈានដល់ការចោទប្រកាន់តាមផ្លូវច្បាប់ ដូចឧកញ៉ា សឹង្ហ សំអុល នាយកក្រុមហ៊ុនម៉ាស្ទ័រខេសាន់។

ទាក់ទងនឹងការលើឡើងទាំងអស់ខាងលើនេះ អង្គភាពគេហទំព័រពន្លឺខ្មែរ មិនអាចសុំការបកស្រាយពីលោក ញ៉ែម និវ័ន្ត ស្នងការរងខេត្តមណ្ឌលគិរីបានទេ ដោយលោកមិនលើកទូរស័ព្ទ៕

Close