ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ទំនងមានបារមីតិចជាងអំណាចលុយរបស់លោក សេង សុវណ្ណារុន ប្រធានស្ថានីយ៍ថ្លឹងរថយន្តអូរចំណារ?

ទំនាក់ទំនងការផ្សាយៈ០៧១ ៧៨៨៨ ៣៤៥ ក្នុងពេលថ្មីៗនេះ ខណៈពេលដែលលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនប្រកាសព្រមានដកមន្ត្រីតាមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តណា ដែលបានប្រព្រឹត្តអំពើពុករលួយ បើកឲ្យមានការដឹកលើសទម្ងន់បំផ្លាញផ្លូវជាតិក៏ដោយ តែសម្រាប់លោក សេង សុវណ្ណារុន ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរយន្តអូរចំណារ គឺមិនរអែងនោះឡើយ ពោលគឺប្រឹងតែខាងប្រព្រឹត្តអំពើពុករលួយ ធ្វើមានបានផ្ទាល់ខ្លួន និងបក្ខពួកតែប៉ុណ្ណោះ។

តាមសេចក្តីរាយការណ៍ពីអាជីវកររកសុីដឹកទំនិញបានឲ្យដឹងថា ស្ថានីយជញ្ជីងអូរចំណារ បានបើកដៃការឲ្យកូនប្រព្រឹត្តអំពើ
ពុករលួយយ៉ាងបើកចំហរ ក្រោមលេសថ្លៃបាយទឹកប្រចាំថ្ងៃ និងគំរាមអនុវត្តន៍តាមគោលការណ៍ ដែលក្រសួងសាធារណៈការ និងដឹកជញ្ជូន តែតាមការពិតគឺការញៀនញ៉ាមនឹងអំពើពុករលួយដែលខ្លួនធ្លាប់បានប្រព្រឹត្តជាយូរឆ្នាំមកហើយនោះទេ។

សេចក្តីរាយការណ៍បានបន្ថែមថា ស្ថានីយ៍ជញ្ជីងអូរចំណារមួយនេះ គឺរកបានចំណូលក្រៅប្រពន្ធ័បានយ៉ាងសន្ធឹកសន្ធាប់ ពីរថយន្តបង់ថ្លៃបាយទឹក ថ្លៃឡើងជញ្ជីង ដោយគិតលើសមួយតោនតម្លៃ ១០,០០០រៀល តែបើលើសចាប់ពី ៣តោនឡើងទៅត្រូវផាកពិន័យ១តោន ១០០,០០០រៀល បើលើ៥តោន គុណនិង៣០០,០០០រៀល ស្មើ ១,៥០០,០០០រៀល ក្រោមលេសគោលការណ៍ក្រសួង ហើយក៏មានរថយន្តក្រុមហ៊ុនខ្លះ គឺតម្រូវឲ្យបង់ជាប្រចាំខែដោយក្នុងមួយខែត្រូវបង់មុនចាប់ពី១៥០ដុល្លារ ដល់២៥០ សំរាប់រថយន្តមួយគ្រឿង តាមតម្លៃនៃទម្ងន់ផ្ទុកលើសតិចឬច្រើន ។
សេចក្តីរាយការណ៍ឲ្យដឹងទៀតថា លោក សេង សុវណ្ណរុន ប្រធានជញ្ជីងអូរចំណារចូលចិត្តគំរាមលើអាជីវករ ឬក្រុមហ៊ុនដែលរកសុីដឹកជញ្ជូនឆ្លងកាត់ផ្លូវជាតិលេខ៤ ឲ្យបង់លុយតាមការកំណត់របស់ខ្លួន បើមិនដូច្នេះទេលោកនឹងចាប់អូសយករថយន្តទុក ហើយបញ្ជូនរបាយការណ៍ទៅ ក្រសួងសាធារណៈការ និងដឹកជញ្ជូន ឬមន្ទីរដើម្បីចាត់ការតាមច្បាប់ មិនខានឡើយ ។ ផ្ទុយទៅវិញ បើសិនជារថយន្តណាដែលបានបង់ខែហើយ គឺ រថយន្តនោះអាចដឹកលើសតោនបានតាមអំពើចិត្ត តាមតម្លៃដែលបានព្រមព្រៀងប្រចាំខែដូចបានកំណត់ខាងលើ ដែលធ្វើឲ្យអាជីវករមួយចំនួនត្អូញត្អែរថា ស្ថានីយជញ្ជីងអូរចំណារ គឺជាស្ថានីយ៍ជញ្ជីងគៀបសង្កត់ញើសឈាមអាជីវករ រកសុីផ្នែកដឹកជញ្ជូនជាងគេ ក្នុងចំណោមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត២កន្លែងផ្សេងទៀត តាមបណ្តោយផ្លូវជាតិលេខ៤នេះ ។

បើតាមគោលការណ៍ រចនាសម្ព័ន្ធការគ្រប់គ្រងស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ប្រធានស្ថានីយ៍ គឺជាតំណាងរបស់មន្ទីរសាធារណៈការខេត្ត ហើយអនុប្រធាន គឺជាតំណាងរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រោមឱវាទរបស់លោក សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ទទួលបន្ទុកគ្រប់គ្រងជញ្ជីងទូទាំងប្រទេស ដើម្បីត្រួតពិនិត្យលើមធ្យោបាយដឹកជញ្ជូនណាដែលផ្ទុកលើសទម្ងន់ និងខុសពីបទដ្ឋានបច្ចេកទេស ដើម្បីរក្សាបាននូវគុណភាពផ្លូវជាតិ និងបង្ការនូវគ្រោះថ្នាក់ចរាចរណ៍នានានៅតាមដងផ្លូវ។ផ្ទុយទៅវិញ ដូចករណីលោក សេង វណ្ណារុន បែរជាយកតួនាទីទទួលខុសត្រូវរបស់ខ្លួន ទៅប្រព្រឹត្តអំពើពុករលួយតាមទំនើងចិត្ត មិនខ្វល់ពីអភិក្រមទាំងប្រាំដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នោះឡើយ ដោយសារលោកមានខ្នងបង្អែកយ៉ាងរឹងមាំនៅក្នុងក្រសួងសាធារណៈការ និងដឹកជញ្ជូន។

សេចក្តីរាយការណ៍បានឲ្យដឹងដែរថា ក្នុង១ថ្ងៃៗ មានរថយន្តកុងទីន័រ រថយន្តប្រភេទយីឌុប ប្រភេទវេអង ដឹកទំនិញចម្រុះ និងដឹកដែក គ្រួស ខ្សាច់ ថ្ម និងរថយន្តដឹកដី មិនតិចជា២៥០០គ្រឿងនោះទេ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារ ដែលគ្រប់គ្រដោយលោក សេង សុវណ្ណារុន ហើយបើគិតពីចំណូលពុករលួយក្រៅប្រព័ន្ធច្បាប់ក្នុងមួយថ្ងៃៗ គឺរាប់លានរៀលឯណោះ។

ចំពោះការប្រើប្រាស់អំណាច និងតួនាទីប្រព្រឹត្តអំពើពុករលួយដុះស្លែ របស់លោក សេង សុវណ្ណារុន បែបនេះ ក្រុមអាជីវករដែលរកសុីដឹកជញ្ជូនតាមផ្លូវជាតិលេខ៤ កំពុងទន្ទឹងរង់ចាំមើលថា តើ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្លាហានហ៊ានបើកការស៊ើបអង្គេត និងហ៊ានអនុវត្តន៍តាមការប្រកាសព្រមានរបស់លោក កាលពីពេលថ្មីៗនេះដែរឬទេ ទៅលើលោកប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអូរចំណារនេះ បើំមិនដូច្នោះទេ មិនខុសអ្វីពីរបៀប គោះទឹកបង្អើលត្រីឲ្យចូលទ្រូឡើយ?៕

Close