ព័ត៌មានជាតិ

លោកជា សុផារ៉ា បញ្ជាឲ្យមន្ទីរសុរិយោដីទាំងអស់ដកហូតប័ណ្ណ​ដី​ធ្លី​ចាស់​យក​មក​កម្ទេច​ចោល​ ដោយចេញប័ណ្ណថ្មីជំនួស

លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​លើក​ឡើង​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ប្រចាំ​២០១៨ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៨ ថា ពាក់ព័ន្ធ​ការ​អនុវត្តន៍​ចេញ​ប័ណ្ណ​ថ្មី​ជំនួស ជា​ប័ណ្ណ​ដែល​មាន QR Code គឺជា​ការ​ផ្ដល់​លក្ខណៈ​ងាយ​​ស្រួលដល់​មន្ត្រី​ជំនាញ​គ្រប់គ្រង និង​ដឹង​អំពី​ព័ត៌​មាន​ស្ថានភាព​ដី​ច្បាស់លាស់ អំពី​តំបន់ និង​ទំហំ​ក្បាលដី និង​ជា​ដី​នៅ​តំបន់​ណាមួយ តាម​រយៈ​ការ​គ្រប់​គ្រង​ដោយ​​ម៉ាស៊ីន Server ជាពិសេស​ការ​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​ចង់​ទិញ ចង់​លក់ ថា​ជា​ដី​ក្លែងក្លាយ ឬ​ជា​ដី​ពិតប្រាកដ​ផង​ដែរ។​

​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​បន្ត​ថា ដើម្បី​ជំរុញ​អនុវត្តន៍​តាម​ប័ណ្ណ​ថ្មី​នេះ សូម​ឲ្យ​ប្រធាន​សុរិយោដី និង​ប្រធាន​មន្ទីរ​រាជធានី​ខេត្ត​ទាំងអស់ ប្រមូល​យក​ប័ណ្ណ​ចាស់​មក​កម្ទេច​ចោល​ទាំងអស់ ដោយ​ទុក​តែ​បីសន្លឹក​ជា​ឯកសារ​គំរូ​តែ​ប៉ុណ្ណោះ និង​ត្រូវ​ផ្អាក​ការ​អនុវត្តន៍​ប្រភេទ​ប័ណ្ណ​ចាស់​ទាំងនោះ ដោយ​ត្រូវ​បោះពុម្ព​ប័ណ្ណ​ថ្មីដែល​មាន QR Code មក​ជំនួស​វិញ។​ ពាក់ព័ន្ធ​ការ​ចេញ​ប័ណ្ណ​ថ្មី​នេះ ឯកឧត្ដម ជា សុផារ៉ា បាន​ប្រកាស​ចាប់​អនុវត្តន៍​ពី​ពេលនេះ​តទៅ ក្នុង​នោះ​ចំពោះ​ការ​អនុវត្តន៍​ដែល​នៅ​សេសសល់​ ទាំង​ប៉ុន្មាន​ត្រូវ​ផ្អាក​ជាបន្ទាន់ ហើយ​ត្រូវ​ត្រឡប់​មក​រៀប​ចំ​ចេញ​ប័ណ្ណ​ថ្មី​ជំនួស​វិញ ដែល​ជា​ចាត់​ទុក​ជា​ប័ណ្ណ​សំគាល់ ​ផ្នែក​អចលនទ្រព្យ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ គឺ​រាប់ទាំង​ការ​ចុះបញ្ជី​ដាច់​ដោយ​ដុំ និង​រាប់ទាំង​ការចុះបញ្ជី​ដាច់​ដោយ​ដុំ​ផង​ដែរ៕

Close