សេដ្ឋកិច្ច

ចិន នឹង​ជួយរៀបចំអភិវឌ្ឍប្រព័ន្ធរថភ្លើងទំនើបមួយនៅកម្ពុជា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

លោក Zhou Keqin អនុ​ប្រធាន​ក្រុមប្រឹក្សាពិគ្រោះយោបល់ បក្ស​នយោបាយ​ប្រជាជនចិន ​នៃគណៈកម្មាធិការ​ក្រុង Chongqing បាន​យល់ព្រម​លើ​សំណើ​របស់​លោក​ ស៊ុន ចាន់ថុល ​ទេសរដ្ឋមន្រ្តី ​រដ្ឋមន្រ្តី​ក្រសួង​សាធារណការ ក្នុងការអភិវឌ្ឍប្រព័ន្ធរថភ្លើងទំនើប ដោយរៀបចំផែនការអភិវឌ្ឍប្រព័ន្ធរថភ្លើងទំនើបប្រភេទ Monorail នៅកម្ពុជា ដើម្បី​កាត់​បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅក្នុង​រាជធានី​ភ្នំពេញ និង​ពង្រីក​ទំនាក់ទំនង​ឡូជីស្ទីក​រវាង​ប្រទេស​ទាំងពីរ ។ ការ​ឯកភាព​នេះ ធ្វើឡើង​ក្នុងជំនួបពិភាក្សា​កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ​២០១៩ នៅក្រុង Chongqing ប្រទេស​ចិន។

ជំនួបនេះ ​បាន​ផ្តោត​សំខាន់​ទៅលើ​កិច្ច​សហប្រតិបត្តិការ​រវាង កម្ពុជា និង​ក្រុង Chongqing ក្នុងការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន និង​ឡូជីស្ទីក ជាពិសេស​លទ្ធភាព​នៃការ​អភិវឌ្ឍ​ប្រព័ន្ធ​រថភ្លើង​ទំនើប​ប្រភេទ Monorail នៅ​កម្ពុជា និង​ការ​ជួយពង្រឹង​សមត្ថភាព​ធនធាន​មនុស្ស​របស់​កម្ពុជា។

ក្រៅពីនេះ ភាគី​ទាំង២ ក៏បាន​ពិភាក្សា​ពី​ការ​តភ្ជាប់​ច្រក​របៀង​ប៉ែក​ខាងត្បូង រវាង​ប្រទេស​ចិន ក្រុង Chongqing ប្រទេស​សិង្ហបុរី ប្រទេស​វៀតណាម និង​ប្រទេស​កម្ពុជា ដើម្បី​ពង្រឹង​ទំនាក់ទំនង មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍ ពាណិជ្ជកម្ម​ និងការ​វិនិយោគ រវាង​កម្ពុជា-ចិន និង​ប្រទេស​ក្នុង​តំបន់។

លោក Zhou ក៏បាន​ឯកភាព​តាម​សំណើ​របស់​លោក​ទេសរដ្ឋមន្ត្រី​ផងដែរ លើ​កិច្ច​សហប្រតិបត្តិការ នៃការ​កសាង និង​ពង្រឹង​សមត្ថភាព​មន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ដោយ​សន្យា​ថា នឹង​ពិនិត្យ​លទ្ធភាព ផ្តល់ជូន​នូវគ្រូ​បណ្តុះបណ្តាល​ជំនាញ​ពីក្រុង Chongqing ទៅ​កម្ពុជា និងរៀបចំ​វគ្គ​បណ្តុះ​បណ្តាល​ខ្លីៗ សម្រាប់​ផ្លាស់ប្តូរ​បទពិសោធន៍ និង​ឱកាស​សិក្សា​ស្វែងយល់​ទៅវិញ​ទៅមក ព្រមទាំង​លទ្ធភាព​នៃការ​ផ្តល់​ជូន​អាហារូបករណ៍ ទៅដល់និ​ស្សិត​កម្ពុជា​ផងដែរ។

ជាមួយគ្នានេះ លោក ស៊ុន ចាន់ថុល សង្ឃឹមជឿជាក់ថា ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​នេះ នឹង​ចូលរួម​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធ​ដឹកជញ្ជូន នៅ​កម្ពុជា ឲ្យ​កាន់តែ​រីកចម្រើន​ឈានឡើង​មួយ​កម្រិត​ទៀត៕

Close