សេដ្ឋកិច្ច

ក្រុមហ៊ុន អិ​ល​ប៊ី​អិន គ្រុប​ឯក យក​ដុល្លារ​បាំង​មេឃ នាំចូល​កាកសំណល់​ខុសច្បាប់​តាម​ច្រក​ទ្វេភាគី​ដូនរ័ត្ន​

​ខេត្ត​ត្បូងឃ្មុំ​៖ យ៉ាងតិច​មាន​កាកសំណល់​ប្រមាណ​ជាង ១០០​តោន ស្មើនឹង​៣​ឡាន​យី​ឌុប ត្រូវបាន​ឈ្មួញ​នាំ​ពី​ប្រទេស​វៀតណាម​ចូល​តាម​ច្រក​ទ្វេភាគី​ដូនរ័ត្ន ស្ថិតក្នុង​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​កាលពី​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ដោយ​ឈ្មួញ​វៀតណាម និង​ឈ្មួញ​ខ្មែរ​យក​ឡាន​ទៅ​ផ្ទេរ​កាក សំណល់​នេះ នៅ​មាត់ច្រក​តែម្តង ។​

លោក​បណ្ឌិត គុណ ញឹម អគ្គនាយក អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ធ្លាប់​ជម្រាបជូន លោក លោកស្រី ប្រធាន​នាយកដ្ឋាន ប្រធាន​សាខា ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​រួចមកហើយ កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៨ លើ​ការពង្រឹង ការត្រួតពិនិត្យ និង​ការទប់ស្កាត់​ការ​នាំចូល​សំណល់​បា​ស្ទីក និង​កាកសំណល់​ផ្សេងៗ​គ្រប់​ប្រភេទ ។ ផ្ទុយទៅវិញ មួយរយៈ​នេះ ត្រូវបាន​គេ​រាយការណ៍​ថា ក្រុមហ៊ុន អិ​ល​ប៊ី​អិន គ្រុប ឯក បាន​លួច​នាំចូល​កាកសំណល់​ហាមឃាត់​នេះ តាម​ច្រក​ដូនរ័ត្ន យ៉ាង​អនាធិបតេយ្យ ។ ពេលខ្លះ​ក្នុង​មួយ​យប់ មាន​ពីរ ទៅ​៣​រថយន្ត​យី​ឌុប ។ លោក នូ ស៊ីថា ប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​ត្បូងឃ្មុំ បាន​អះអាងថា ក្រុមហ៊ុន អិ​ល​ប៊ិ​អិន គ្រុប ឯក ទោះបី​មាន ច្បាប់​អនុញ្ញាត ឲ្យ​នាំចូល​សំបក​កំប៉ុង​គ្រីប ចំនួន ៣២០០ តោន​ក៏ដោយ , ប៉ុន្តែ​ក្រុមហ៊ុន​នេះ មិនអាច​អនុញ្ញាត​ឲ្យ​នាំចូល​សំបក​កំប៉ុក​កាកសំណល់​នេះ​បាន​នៅឡើយ​ទេ ដោយសារតែ​ក្រុមហ៊ុន​មិនទាន់ មាន​លិខិត និង​កិច្ចសន្យា​ស្របច្បាប់ បញ្ជា​ទិញ​ពី​ប្រទេស​ថៃ​នៅឡើយ ។

​ប៉ុន្តែ​យ៉ាងណា​ក៍ដោយ នៅ​យប់​ថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ ស្រប​ពេលដែល​ឈ្មួញ​វៀតណាម និង​ឈ្មួញ​ខ្មែរ​ផ្ទេរ​កាកសំណល់​នៅ​ច្រក​ដូនរ័ត្ន ប្រធាន​សាខាគយ​រូបនេះ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា លោក​បាន​បញ្ជា​ឲ្យ​ក្រុមមន្ត្រី​ដឹកនាំ​ដោយ​ឈ្មោះ សិទ្ធ ចុះទៅ​បង្ក្រាប ។ ប៉ុន្តែ​ជា​លទ្ធផល​ការបញ្ជា​របស់លោក​នូ ស៊ីថា បានត្រឹមតែ​ឲ្យ​មន្ត្រី​គយ​ទាំងនោះ ទៅ​មើល និង​បើកផ្លូវ​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​កាកសំណល់​បាន​យ៉ាង​រលូន​តែប៉ុណ្ណោះ ។

​ក្រុមហ៊ុន អិ​ល​ប៊ិ​អិន គ្រុប ឯក ក៏​ត្រូវបាន​ក្រសួងបរិស្ថាន ជាពិសេស​នាយកដ្ឋាន​គ្រប់គ្រង​សំណល់​រឹង ហាម​ដាច់ខាត​មិន​ឲ្យ​មានការ​នាំចូល​កាកសំណល់​ពី​ប្រទេស​វៀតណាម ដោយសារតែ​ក្រុមហ៊ុន​នេះ បាន​ជំពាក់​ឯកសារ លើ​លិខិត​បញ្ជា​ទិញ​ពី​ប្រទេស​ថៃ ។ ក្នុងនោះ​ខាង​ក្រសួងបរិស្ថាន​ថែមទាំង​បាន​បញ្ជាក់ថា ប្រសិនបើ​ក្រុមហ៊ុន​មិនទាន់មាន​លិខិត​បញ្ជា​ទិញ​ពី​ប្រទេស​ថៃ ហើយ​ហ៊ាន​លួច​នាំចូល​កាកសំណល់ ខាង​ក្រសួងបរិស្ថាន នឹង​ដក​អាជ្ញាប័ណ្ណ​នេះ​ជាបន្ទាន់ ។ ប៉ុន្តែ​ធាតុពិត ក្រុមហ៊ុន អ៊ិ​ល​ប៊ី​អិន​គ្រុប ឯក បាន​នាំចូល​កាកសំណល់​មិនតិចជាង​២​ពាន់​តោន​នោះទេ មកទល់នឹង​ពេលនេះ ។

​ពាក់ព័ន្ធ​ការហូរចូល​កាកសំណល់​រឹង​ខាងលើនេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ែន រ័ត្ន ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ បាន​ប្រាប់​សារ​ព័ត​មាន​ក្នុងស្រុក​មួយ ថា ក្រុមហ៊ុន​នេះ​មាន ច្បាប់ នាំចូល​សំបក​ក​កំប៉ុង​គីប​ចំនួន​៣២០០​តោន ។ ប៉ុន្តែ​លោក​មិនបាន​ដឹងថា ការនាំ​ចូល​នេះ គឺជា​អំពើ​ខុសច្បាប់ ឬ​យ៉ាងណា ខណៈ​មិនទាន់មាន​លិខិត​បញ្ជា​ទិញ​ពី​ប្រទេស​ថៃ ហើយ​កំពុងតែ​បំពាន​ទៅលើ​ការហាមឃាត់​របស់​ក្រសួងបរិស្ថាន​នោះ ។​

​ចំណែក​លោក ជាម ច័ន្ទ​សោ​ភ័​ណ្ឌ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ ដែល​ទើប​ឡើងកាន់តំណែង​ថ្មី ត្រូវគេ​កត់សម្គាល់ថា ហាក់​មាន​ភាព​ធូរ​លុង ខ្វះ​ការទទួលខុសត្រូវ អនុញ្ញាត​ឲ្យ​ឈ្មួញ​ដឹកជញ្ជូន​កាក សំណល់​ឆ្លងកាត់​តាម​ច្រក​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​យ៉ាង​អនាធិបតេយ្យ បំពាន​ទៅនឹង​ការហាម​ប​ប្រាម​របស់​ក្រសួងបរិស្ថាន ក៏ដូចជា​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​យ៉ាងធ្ងន់ធ្ងរ​បំផុត​នោះ ។

​បើទោះជា​ដូច្នេះ​ក្ដី​ពេលនេះ​គេ​កំពុងតែ​រង់ចាំ​មើលថា តើ​ក្រសួងបរិស្ថាន ហ៊ាន​ដកហូត​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន អិ​ល​ប៊ិ​អិន គ្រុប ឯក ដែល​ថ្លើមធំ​កំពុង​ដឹកជញ្ជូន​ដោយ​គ្មាន​លិខិត​បញ្ជា​ទិញ​ពី​ប្រទេស​ថៃ តាម​ការ កំណត់​របស់​របស់​ស្ថាប័នគយ និង​ក្រសួង​ដែរ​ទេ ? ពិសេស អាជ្ញាធរខេត្ត ក៏ដូចជា​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា គួរតែ​ពិនិត្យ​ទៅលើ​ទិដ្ឋភាព​ច្បាប់ តើ​មន្ត្រី​របស់ខ្លួន​មួយណា ? ដែល​កំពុង​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍ ឈានដល់​ការអនុញ្ញាត​ឲ្យ​នាំចូល​កាកសំណល់​តាម​ច្រក​ដូនរ័ត្ន ប្រកបដោយ​ទ្រង់ទ្រាយ​ធំ​យ៉ាង​គឃ្លើន​បែបនេះ ៕ PLK

Tags
Close