សេដ្ឋកិច្ច
ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប នឹងក្លាយជាសួនឧទ្យានគម្រូ ក្រោយជប៉ុនបោះទុនជាង១០០០លានដុល្លារ
រាជបណ្ឌិត្យសភាកម្ពុជាចុះហត្ថលេខាលើខាលើ អនុស្សរណៈយោគយល់គ្នាជាមួយក្រុមហ៊ុន B.M. Nature Safari Co., Ltd របស់ជប៉ុនដើម្បីអភិវឌ្ឍ «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប» នៅខេត្តព្រះវិហារដែលនឹងចំណាយទឹកប្រាក់ជាង ១ ពាន់លានដុល្លារលើផ្ទៃដីជាង ១១៤ ហិកតា។ការចុះហត្ថលេខានេះធ្វើឡើងរវាងលោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោក Kinoshita Sori ប្រធានក្រុមហ៊ុន B.M. Nature Safari Co., Ltd។ បើតាមលោក សុខ ទូច មានក្រុមហ៊ុនចំនួន ៤ ផ្សេងទៀតធ្លាប់បានមកពិភាក្សាលើការអភិវឌ្ឍឧទ្យាននេះ ប៉ុន្តែពួកគេផ្តោតលើជំនួញច្រើនជាងការអភិរក្ស។
ក្នុងសន្និសីទសារព័ត៌មានក្រោយពិធីចុះហត្ថលេខាកាលពីចុងសប្ដាហ៍មុន លោក Kinoshita Sori បានថ្លែងថាការវិនិយោគលើឧទ្យាននេះមានទឹកប្រាក់ជាង ១ ពាន់លានដុល្លារ ហើយគម្រោងនេះនឹងចាប់ផ្តើមឆាប់ៗនេះ។ លោកថ្លែងថាក្រុមហ៊ុនលោកនឹងនាំយកបច្ចេកវិទ្យាជឿនលឿនពីជប៉ុន ដើម្បីមកបម្រើក្នុងឧទ្យាននេះ។
លោក សុខ ទូច បានថ្លែងថាឧទ្យាននេះនឹងត្រូវបែងចែកជា ៣ ផ្នែកសម្រាប់ទេសចរទៅទស្សនាគឺមានទេសចរណ៍ធម្មជាតិដែលមានសត្វ និងព្រៃឈើទេសចរណ៍វប្បធម៌ដែលនឹងបង្ហាញវត្ថុបុរាណបន្សល់ពីមុនសម័យអង្គរ និងទេសចរណ៍សិប្បនិម្មិត។
លោកបានថ្លែងថា៖ «ខ្ញុំសូមសន្យាថាមិនកែប្រែតំបន់នេះឲ្យទៅជាតំបន់រហោឋានទេ។ យើងនឹងខំធ្វើយ៉ាងណាហើយសន្យាទៀតអំឡុងពេលខ្ញុំគ្រប់គ្រងឬ អ្នកមកក្រោយក៏មិនមានបញ្ហាដែរ ព្រោះយើងមានច្បាប់ ហើយប្រសិនបើអ្នកមកក្រោយបំផ្លាញអ្នកទាំងអស់នោះនឹងត្រូវបានប្រជាជនថ្កោលទោសថា ខ្លួនបានបំផ្លាញហើយលែងជាបញ្ញវន្តហើយ ព្រោះបញ្ញវន្តត្រូវធ្វើអ្វីសម្រាប់ប្រទេសជាតិ ធ្វើអ្វីសម្រាប់សង្គម។ យើងជួយអភិរក្ស និងអភិវឌ្ឍតំបន់នេះឲ្យទៅជាតំបន់គំរូសម្រាប់យើងទាំងអស់គ្នា និងសម្រាប់ពិភពលោក»។
លោក សុខ ទូច បានថ្លែងថាក្រុមហ៊ុន Natural Safari co.Ltd នឹងក្លាយជាដៃគូអភិរក្ស និងអភិវឌ្ឍ ហើយលោកសន្យាថាលោកមិនអនុញ្ញាតឲ្យក្រុមហ៊ុនបំផ្លាញតំបន់នេះទេ។
លោកបញ្ជាក់ថា៖ «បើបំផ្លាញខ្ញុំនៅទីនេះ ខ្ញុំប្ដេជ្ញាត្រូវតែដកភ្លាម។ ខ្ញុំសូមសន្យាចំពោះប្រជាជនកម្ពុជា ចំពោះរាជរដ្ឋាភិបាលថា ខ្ញុំនឹងធ្វើឲ្យឧទ្យាននេះក្លាយជាឧទ្យានដ៏ល្អ ហើយសូមអរគុណដល់រាជរដ្ឋាភិបាលដែលបានផ្តល់ឱកាសឲ្យរាជបណ្ឌិត្យបង្កើតច្បាប់ដាច់ដោយឡែកក្នុងការគ្រប់គ្រងឧទ្យាននេះ»។
ដោយឃើញបទពិសោធនៅកន្លែងផ្សេងដែលប្រឈមមុខដាក់គ្នារវាងពលរដ្ឋក្នុងមូលដ្ឋាន និងក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួនលោក សុខ ទូច បានដាក់ចេញនូវគោលការណ៍ក្នុងការបញ្ចៀសហិង្សាគឺក្រុមរបស់លោកនឹងចុះពន្យល់ពលរដ្ឋរយៈពេលយ៉ាងតិច ៦ ខែអំពីគម្រោងនេះ។លោកថាពលរដ្ឋនៅជុំវិញតំបន់នេះអាចអនុញ្ញាតឲ្យអាស្រ័យផលពីឧទ្យាននេះក្នុងរូបភាព ៣ គឺពួកគាត់អាចយកជ័រ វល្លិ និងអនុផលផ្សិត។
លោកបានឲ្យដឹងថា នាពេលបច្ចុប្បន្នឧទ្យាននេះកំពុងប្រឈមនឹងបញ្ហា ៣ គឺភ្លើងឆេះព្រៃ ការទន្ទ្រានយកពីក្រុមហ៊ុនរ៉ែរបស់ចិន និងពលដ្ឋក្នុងមូលដ្ឋាន និងការបរបាញ់សត្វខុសច្បាប់។ប៉ុន្តែនៅពេលគម្រោងនេះដំណើរការជាក់ស្តែង ការបរបាញ់សត្វនឹងមិនកើតមានទៀតឡើយ។
លោកថ្លែង៖ «គាត់មិនអាចកាប់ឈើ គាត់មិនអាចទាក់សត្វ ឬបាញ់សត្វបានទេ។ ចាប់បានយើងនឹងពិន័យ គឺយើងអាចធ្វើរហូតដល់ទៅវាយ បង្ហាញទស្សនិកជនតាមទូរទស្សន៍ ឬតាមហ្វេសប៊ុក។ យើងនឹងធ្វើច្បាប់បែបហ្នឹងវាហាក់ដូចជាអំពើហិង្សា ប៉ុន្តែបើយើងមិនធ្វើអំពើហិង្សាទេ អ្នកដទៃនឹងមិនគោរព។ នៅជប៉ុនគេកាត់មេដៃ នៅស៊ីងហ្គាពួ (សិង្ហបុរី) គេវាយ ៣០ រំពាត់គ្រាន់តែស្ដោះទឹកមាត់»។