សេដ្ឋកិច្ច

អគារពន្ធដារថ្មី តម្លៃជាង៦០លាន$ កម្ពស់ ៣៦ជាន់ នឹងបង្ហាញខ្លួនឆាប់ៗនេះ ក្នុងទីក្រុងរណបOCIC

កម្ពុជានឹងមានអគារពន្ធដារថ្មី តម្លៃប្រមាណ ៦០លានដុល្លារអាមេរិក មានកម្ពស់រហូតដល់ ៣៦ជាន់ ដែលនឹងរំលេច ខ្លួន ឡើង នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណប OCIC ជ្រោយចង្វារ ក្នុងពេលឆាប់ៗ។ នេះបើយោងតាមការលើកឡើងរបស់អ្នកឧកញ៉ា ពុង ឃាវសែ អគ្គនាយកក្រុមហ៊ុន OCIC បានឲ្យដឹងនៅក្នុងកម្មវិធីចែកអំណោយ ជូនដល់ប្រជាពលរដ្ឋជាច្រើនគ្រួសារ ដែលស្ម័គ្រចិត្តចូលមករស់នៅក្នុង បុរីរុងរឿង កាលពេលថ្មីៗ នេះ។

អគារនេះគឺការវិនិយោគដោយអគ្គនាយកដ្ឋានពន្ធដារផ្ទាល់ដែលក្នុងនោះអគ្គនាយកដ្ឋានពន្ធដារបានទិញដីក្នុងតំបន់នេះរួចមកហើយសម្រាប់គម្រោងមួយនេះ។

គួរឲ្យដឹងផងដែរថាបច្ចុប្បន្ន អគ្គនាយកដ្ឋានពន្ធដារមានអាសយដ្ឋានស្ថិតនៅលើដីឡូតិ៍លេខ៥២២-៥២៤ កែងមហាវិថីសហព័ន្ធរុស្ស៊ី និងមហាវិថីម៉ៅសេទុង សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោករាជធានីភ្នំពេញ គឺគៀកនឹងស្ពានអាកាសស្ដុបតិចណូ ក្រោយស្ពានអាកាសនេះត្រូវបានសាងសង់ និងត្រូវបានដាក់ឲ្យប្រើប្រាស់កាលពីចុងឆ្នាំ២០១៥កន្លងទៅ។

ចំណែក ទីក្រុងរណបជ្រោយចង្វារ ជាគម្រោងដែលស្ថិតនៅលើផ្ទៃដីទំហំជាង១០០ហិកតាដែលទីក្រុងនេះនឹងត្រូវអភិវឌ្ឍន៍ជាទីក្រុបបែប Smart City និងជាទីក្រុងពាណិជ្ជកម្មដោយគ្រោងចំណាយទុនវិនិយោគ៣ពាន់លានដុល្លារអាមេរិក។ បច្ចុប្បន្ន គម្រោងទីក្រុងរណបមួយនេះកំពុងមានសកម្មភាពយ៉ាងខ្លាំងជាមួយនឹងការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវតភ្ជាប់ខ្វាត់ខ្វែង និងសាងសង់ផ្ទះល្វែងមួយចំនួនផងដែរ។

តាមផែនការ ទីក្រុងរណបនេះនឹងបញ្ជប់ការសាងសង់ អគារពាណិជ្ជកម្មធំៗ ផ្សារទំនើប លំនៅដ្ឋានប្រណីតៗ អគារស្នាក់នៅរួម និង កន្លែងកំសាន្តផ្សេងៗទៀត។ តាមការប៉ាន់ស្មាន ក្នុងឆ្នាំ២០២៦៕

Close