អន្តរជាតិ

បក្ស​អំណាច​ខ្មែរ មិន​តែងតាំង​លោក សួន សេរី​រដ្ឋា ធ្វើជា​ប្រធាន​វិញ​ឡើយ

មិនមាន​ការជ្រើសតាំង​លោក សួន សេរី​រដ្ឋា ធ្វើជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​វិញ​ឡើយ​។ នេះ​ជា​ជំហរ​របស់​គណបក្ស​អំណាច​ខ្មែរ ដែល​ដឹកនាំ​ដោយ​លោក សួង សុ​ភ័​ណ្ឌ ក្រោយពី​ប្រជុំ​ជាមួយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស កាលពី​ថ្ងៃទី​២៦ សីហា​។

លោក សួង សុ​ភ័​ណ្ឌ បានថ្លែង​ថា គណបក្ស​លោក​គ្មាន​គម្រោង​ធ្វើ​សមាជ​បក្ស ដើម្បី​បោះឆ្នោត​គាំទ្រ​ឲ្យ​លោក សួន សេរី​រដ្ឋា ធ្វើជា​ប្រធាន​បក្ស​ទេ ក្រោម​ហេតុផល​ធំ​ចំនួន​ពីរ​។ ហេតុផល​ទី​១ គណបក្ស​លោក​អាចមាន​ជំហរ​រឹងមាំ​គ្រប់គ្រាន់ ក្នុងការ​ប្រកួតប្រជែង​នយោបាយ ដូច្នេះ​មិនចាំបាច់​ទាល់តែ​មាន​លោក សួន សេរី​រដ្ឋា ទើប​អាច​ដំណើរការបាន​នោះទេ​។ ហេតុផល​ទី​២ គណបក្ស​លោក ដឹកនាំ​បែប​នីតិបុគ្គល មិនមែន​បែប​រូបវ័ន្ត​បុគ្គល ដែល​ត្រូវមាន​បុគ្គល​សំខាន់​ជា​និមិត្តរូប ទើប​ដឹកនាំ​បក្ស​បាន ដូច​គណបក្ស​ដទៃ​ឡើយ។​

​លោក សួង សុ​ភ័​ណ្ឌ ដែល​ទទួលបាន​តំណែង​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​មួយឆ្នាំ ក្រោយពី​លោក សួន សេរី​រដ្ឋា លាលែង​ពី​តួនាទី​នេះ បាន​ពន្យល់​បន្ថែមទៀត​ថា​៖«​គណបក្ស​យើង មិនមែន​ដូចជា​ក្រុមហ៊ុន​មួយ ដែល​ត្រូវតែមាន​បុគ្គល​សំខាន់​ដឹកនាំ​រហូត ទើប​ក្រុមហ៊ុន​នោះ​ដំណើរការ​នោះទេ​។ ដូច្នេះ​ក្នុងនាម​បក្ស​យើង​ជា​បក្ស ដែល​ដឹកនាំ​បែប​នីតិបុគ្គល យើង​គិតថា យើង​អាចមាន​ថ្នាក់ដឹកនាំ​ដែលមាន​សមត្ថភាព និង​ជំហរ​រឹងមាំ​ដឹកនាំ​បក្ស​បាន បើទោះជា​មិនមាន​វត្តមាន​លោក សួន សេរី​រដ្ឋា ដឹកនាំ​បក្ស​ក៏ដោយ​»​។​

​បន្ថែម​ពីនេះ​លោក សួង សុ​ភ័​ណ្ឌ នៅ​បន្ត​លើក​ពី​ចំណុច​មួយចំនួន ដែល​គណបក្ស​លោក មិន​គាំទ្រ​ឲ្យ​លោក សួន សេរី​រដ្ឋា ធ្វើជា​ប្រធាន​វិញ​នោះ គឺ​នយោបាយ​ឱនភាព របស់លោក សួន សេរី​រដ្ឋា ដែល​សុំទោស​សម្ដេច ហ៊ុន សែន ដើម្បី​បានចេញ​ពី​ពន្ធនាគារ​។

«​គណបក្ស​យើង​រីករាយ​សប្បាយចិត្ត នៅពេល​ឃើញ​គាត់ (​សួន សេរី​រដ្ឋា​) ចេញពី​ពន្ធនាគារ​វិញ​។ ប៉ុន្តែ​យើង ក៏​មិន​សប្បាយចិត្ត ដែល​គាត់​ធ្វើលិខិត​សុំទោស​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើសុំ​ឲ្យ​មានការ​លើកលែងទោស​ពី​ព្រះមហាក្សត្រ​នេះ​។ វា​បង្ហាញ​ឲ្យ​ឃើញ​ភាព​កំសាក​ក្នុង​នយោបាយ​គាត់ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បក្ស​។ ហើយ​គណបក្ស មិនអាច​គាំទ្រ​ឲ្យ​គាត់​ដឹកនាំ​បាន ដោយសារតែ​មិន​ទុកចិត្ត​ថា គាត់​ចេញពី​ពន្ធនាគារ ដោយសារ​ការសុំ​ទោស ឲ្យ​មានការ​លើកលែងទោស​នេះ មាន​កិច្ចសន្យា​ពីក្រោយ​ខ្នង ជាមួយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន អ្វីខ្លះ​ដែរ​ទេ​…»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សួង សុ​ភ័​ណ្ឌ ដែល​បន្ថែមថា ដ្បិត​មិនអាច​ឲ្យ​លោក សួន សេរី​រដ្ឋា ដឹកនាំ​គណបក្ស​វិញ តែ​លោក មានបំណង​ស្នើ​ទៅ​គណៈកម្មាធិការ​អចិន្ត្រៃយ​បក្ស រៀបចំ​ឲ្យ​លោក សួន សេរី​រដ្ឋា ធ្វើជា​ប្រធានកិត្តិយស​បក្ស​។​

Close