អន្តរជាតិ

ទីបំផុត សហរដ្ឋអាមេរិក សម្រេចបាញ់ទម្លាក់បាឡុងចិន ដែលហោះចូលដែនអាកាសរបស់ខ្លួន ខណៈបង្កការថ្កោលទោសយ៉ាងខ្លាំងពីទីក្រុងប៉េកាំង

ទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សព្វផ្សាយនៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះឲ្យដឹងថា ចិន បានសម្ដែងនូវការថ្កោលទោសទៅលើសហរដ្ឋអាមេរិក ចំពោះការសម្រេចចិត្តបាញ់ទម្លាក់បាឡុងមួយរបស់ខ្លួន ដែលបានហោះនៅលើដែនអាកាសតំបន់អាមេរិកខាងជើង អស់រយៈពេលជាច្រើនថ្ងៃមកហើយនោះ ដោយចិន បានចាត់ទុកថា ជាការបញ្ចេញប្រតិកម្មជ្រុលហួសហេតុ និងបំពានច្បាប់អន្តរជាតិ ។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសចិន បានគូសបញ្ជាក់អំពីការខឹងសម្បាជាខ្លាំងរបស់ចិន និងតវ៉ាប្រឆាំងទៅនឹងការប្រើប្រាស់កម្លាំងបាយរបស់សហរដ្ឋអាមេរិក ដ់ម្បីវាយប្រហារលើបាឡុងស៊ីវិល ។ លើសពីនេះ សេចក្ដីថ្លែងការណ៍នោះ ក៏បានសង្កត់ធ្ងន់ដែរថា ទីក្រុងប៉េកាំង នឹងប្រើប្រាស់សិទ្ធិស្របច្បាប់នៅក្នុងចំណាត់ការ ដែលអាចឆ្លើយតបចាំបាច់នានា ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា បាឡុងរបស់ចិន នោះ បានហោះលើតំបន់អាមេរិកខាងជើង រួមទាំងដែនអាកាសរបស់សហរដ្ឋអាមេរិក អស់រយៈពេលជាច្រើនថ្ងៃមកហើយ ក្នុងរយៈកម្ពស់ ១៨ ៣០០ម៉ែត្រ ហើយក៏ត្រូវបានបាញ់ទម្លាក់ដោយមីស៊ីលមួយគ្រាប់ ដែលបាញ់ចេញពីយន្ដហោះចម្បាំង F-22 កាលពីថ្ងៃសៅរ៍ម្សិលមិញ ( ម៉ោងនៅសហរដ្ឋអាមេរិក ) ក្រោមការសង្ស័យរបស់ទីក្រុងវ៉ាស៊ីនតោន ថាជាបាឡុងចារកម្មរបស់ចិន ។

ដំណើរការស្ទាក់ស្ទើរអស់ជាច្រើនថ្ងៃរបស់សហរដ្ឋអាមេរិក ក្នុងការបាញ់ទម្លាក់បាឡុងរបស់ចិន នោះ គឺដោយសារបារម្ភកម្ទេចកម្ទីរបស់វាបង្កគ្រោះថ្នាក់ដល់មនុស្សនៅខាងក្រោម ។ បច្ចុប្បន្ន ប្រតិបត្តិការមួយបានធ្វើឡើងនៅក្នុងដែនទឹក នៃមហាសមុទ្រអាត្លង់ទិច ដើម្បីប្រមូលកម្ទេចកម្ទី នៃបាឡុងក្រោយពេលបាញ់ទម្លាក់ ​។

សំណុំរឿងបាឡុងចិន ហោះលើដែនអាកាសសហរដ្ឋអាមេរិក នោះ បានក្លាយេជាហេតុផលនាំឲ្យមានការផ្អាកដំណើរទស្សនកិច្ចរបស់លោក Antony Blinken រដ្ឋមន្ដ្រីការបរទេសសហរដ្ឋអាមេរិក នៅប្រទេសចិន ដែលគ្រោងធ្វើឡើងនៅចុងសប្ដាហ៍នេះ ៕

Close