ពីនេះពីនោះ

បើ​អឺរ៉ុប ដក​EBA តើ​មាន​ផលប៉ះពាល់​អ្វីខ្លះ​សម្រាប់​សេដ្ឋកិច្ចកម្ពុជា ?

​ការអនុវត្តន៍​គោល​ការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា គឺជា​ការចង់បាន​តែមួយ​គត់​សម្រាប់​សហគមន៍​អន្តរជាតិ ។ បើទោះបីជា​ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​២៣​តុលា ឆ្នាំ ១៩៩១ ដំណើការ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​នៅក្នុង​ប្រទេស​ដ៍​ក្រីក្រ​មួយ​នេះ ត្រូវបាន​គេ​ឃើញ​ស្ថិតក្នុង​សភាពរ​ដឹប​រដុប​ក្ដី ប៉ុន្តែ​ការសម្រេច​រំលាយចោល​ប​ក្ស​ប្រឆាំង​ដែលមាន​សម្លេង​ប្រកៀក​ប្រកិត នឹង​បក្ស​កាន់អំណាច កាលពី​ថ្ងៃទី​១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ត្រូវបាន​គេ​កត់សម្គាល់ថា គឺជា​ការបញ្ចប់​ទាំងស្រុង នូវ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ។​

ផ្ដើមចេញ​ពីនេះ អង្គការ​សង្គម​ស៊ីវិល រួមទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដ៍ទៃទៀត​ដែល​មិន​គាំទ្រ​របប​ក្រុងភ្នំពេញ នៃ​លោកនាយ​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបាន​គេ​រក​លេស​បណ្ដេញ​ចេញពី​កម្ពុជា ។ នៅ​ចំពោះមុខ​សភាពការណ៍​បែបនេះ សហគមន៍​អន្តរជាតិ​ដែល​នាំមុខ​ដោយ​អាមេរិក និង​អឺរ៉ុប ជា​ញយ​ដង​បាន​ព្យាយាម​ធ្វើការ​សម្របសម្រួល​ឲ្យ​មានការ​ត្រូវរ៉ូវ​គ្នា​រវាង​គណបក្ស​ដែលជា​គូបដិបក្ខ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​គោលដៅ​បន្ត​យន្តការ​ប្រជាធិបតេយ្យ​ឡើងវិញ ។ តែ​ជា​លទ្ធផល​មិនអាច​ទៅរួច​ឡើយ ។​

​ផ្ទុយទៅវិញ​អ្វីដែល​ជាការ​ចំអក​ដ៍​អាក្រក់​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បើក​ការវាយប្រហារ​យ៉ាង​ចាស់ដៃ ពីអ្វី​ដែល​លោក​ហៅថា អធិបតេយ្យភាព​។ លោក ហ៊ុន សែន បាន​ចោទ​សហរដ្ឋអាមេរិក និង​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ថា បាន​ជ្រៀតជ្រែក និង​រំលោភ​អធិបតេយ្យភាព​កម្ពុជា ហើយ​បាន​ងាក​ទៅ​អួត​សរសើរ​ចិន យ៉ាង​កប់ៗ​មាត់ បើទោះបី​គេ​ដឹងថា ប្រទេស​នេះ មាន​ប្រវត្តិ​ជាប់​ពាក់ព័ន្ធ​ក្នុងការ​កាប់សម្លាប់​ប្រជាជន​កម្ពុជា​យ៉ាង​ឃោរឃៅ និង​ការ​បំពារបំពាន​សិទ្ធិមនុស្ស​ដ៍​អាក្រក់​ក្ដី ។​

​បើ​ស្រា​អញ្ជើញ​មិន​ចង់ ពេលនេះ​កម្ពុជា​ទទួល​ស្រា​ពិន័យ​ហើយ , នោះ​គឺ​ការព្រមាន​ផ្ដាច់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ដោយ​សហគមន៍​អឺរ៉ុប ។ តើ​ការដក EBA មាន​ផលប៉ះពាល់​យ៉ាងម៉េច​ខ្លះ​សម្រាប់​កម្ពុជា ?
​ស្ទើរតែ​៨០% នៃ​ចំណូល​សរុប​របស់​កម្ពុជា គឺ​បានមកពី​វិស័យ​កាត់ដេរ និង​ស្បែកជើង ហើយ​ទីផ្សារ​ធំ​របស់​ផលិតផល​ទាំងនេះ គឺ​អាមេរិក និង​សហគមន៍​អឺរ៉ុប ។ ពួក​អ្នកវិនិយោគ​ភាគច្រើន​ដែល​គេ​ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា គឺ​គេ​សម្លឹង​ឃើញ​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ឬ (EBA) នេះឯង ។ ខណៈ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដែល​អឺរ៉ុប​បានផ្ដល់​មក​ឲ្យ​កម្ពុជា​តាំងតែ​ពី​ឆ្នាំ ២០១២ មក​នោះបាន ឲ្យ​កម្ពុជា​រួច​ផុតពី​កាតព្វកិច្ច​ពន្ធ​ជិត ៧​រយ​លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ។ បើ​ប្រពន្ធ​អនុគ្រោះ​ពន្ធ​ត្រូវបាន​ផ្ដាច់​នោះ ចង់​មិន​ចង់​ពួកគេ​នឹង​ចែក​ជើង​គ្នា​ទៅកាន់​ប្រទេស​ដ៍ទៃ​ដែលមាន​លក្ខណ​ល្អៗ​ជាក់​ជាមិនខាន ។​

​ក្នុងស្ថានភាព​បែបនេះ ប្រាកដ​ណាស់​ថា​វិបត្តិ​សង្គម នឹង​ផ្ទុះឡើង​ដោយសារតែ​ភាព​គ្មាន​ការងារ​ធ្វើ គ្មាន​ចំណូល ។ ចំណែក​ធនធានធម្មជាតិ ដូចជា​ព្រៃឈើ រ៉ែ ជាដើម​ក៍​មិនអាច​ទាញ​យកមក​ដោះស្រាយ​សម្រាប់​ភាពទ័លច្រក​នេះ​បានដែរ ព្រោះ​វា​បាន​អន្តរាយ​យូរណាស់​មកហើយ​ដោយសា​រ​អំពើពុករលួយ ។ ប៉ុន្តែ​យ៉ាងណា​ក៍ដោយ​ក្នុង​បរិបទ​បែបនេះ គេ​នៅតែ​ចាំ​មើលថា តើ​សម្ដេចនាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា អាច​រស់​ជាមួយ​ទស្សន​អាត្មានិយម អ្នកណា​ងាប់ៗ​ទៅ ឲ្យ​តែ ហ៊ុន សែន រស់​ដូច​ពីមុន​ទៀត​ដោយ​របៀប​ណា ? ៕ ដោយ​៖ កែវ វិទូ​រ្យ​

Close