ពីនេះពីនោះ
ជើងចាប, ទ្រាល ដែលជាផ្លែឈើសម្រាប់អ្នកស្រែចម្ការហូបលេង ពីកាលមុន!
កាលពីមុន ផ្លែជើងចាប និងផ្លែទ្រាល ដែលជាផ្លែឈើព្រៃ ជាចំណូលចិត្តរបស់មនុស្សមួយចំនួន។ ប៉ុន្តែនាសម័យបច្ចុប្បន្ន ជើងចាបហាក់គ្មានអ្នកបរិភោគទៀតឡើយ តែសម្រាប់ផ្លែទ្រាលនៅមានអ្នកហូបខ្លះដែរ។
ផ្លែឈើទាំងពីរមុខនេះ កាលពីមុន អ្នកស្រែចម្ការ ក្មេងៗ ក្មេងឃ្វាលគោ ចូលចិត្តហូបលេង និងដើម្បីប្លែកមាត់។ មិនត្រឹមតែអ្នកស្រែចម្ការនោះទេ តែផ្លែទាំងនេះត្រូវបានគេបេះដាក់លក់នៅតាមរមណីយដ្ឋាន តាមដងផ្លូវ និងវត្តអារ៉ាម សម្រាប់អ្នកទីក្រុង និងអ្នកដំណើរ។ ប៉ុន្តែឥឡូវនេះ ផ្លែទាំងនេះលែងទទួលការចាប់អារម្មណ៍ដូចមុនទៀតហើយ។
តែយ៉ាងណានៅមានអ្នកស្រែចម្ការតិចតួច ពិសេសក្មេងៗ នៅហូបផ្លែទ្រាល ពេលពួកគេដើរឆ្លងចម្ការម្ដងៗ និងចំរដូវកាលផ្លៃនេះទុំ។ ផ្លែទ្រាលមានជាតិជូរ និងខ្លះជូរអែម។ រស់ជាតិនេះហើយដែលធ្វើឲ្យគេនៅហូបវា ដើម្បីឲ្យប្លែកមាត់។ ផ្លែទ្រាលនេះក៏នៅបន្តមានលក់សម្រាប់អ្នកដំណើរ តាមផ្លូវនៅខេត្តមួយចំនួនផងដែរ។ ផ្លែខ្ចីមានពណ៌បៃតង ពេលទុំមានទាំងប្រភេទផ្លែពណ៌លឿង និងប្រភេទផ្លែពណ៌ក្រហម។ ដើមទ្រាល មានដុះនៅព្រៃរបោះ។
ដើមជើងចាបមានដុះនៅដីស្រែចម្ការ និងព្រៃរបោះ។ ជើងចាបទុំមានពណ៌ក្រហម ហើយមានរស់ជាតិផ្អែមតិចៗ។ ផ្លែទាំងពីរនេះ ចាប់ផ្ដើមមានទុំបណ្ដើរៗ ចាប់ពីខែសីហា ដែលជារដូវធ្លាក់ភ្លៀង៕