ពីនេះពីនោះ

មនុស្សយន្ត Tesla Optimus ទទួលបានការអាប់ដេតថ្មី កាន់តែមានកាយវិការដូចមនុស្សពិត

Optimus ត្រូវបានគេស្គាល់ថាវាជាមនុស្សយន្ត (Bot) ដែលត្រូវបានផលិតនិងអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Tesla, Inc ។ ហើយវាត្រូវបានប្រកាសចេញជាផ្លូវការនៅក្នុងព្រឹត្តិការណ៍ Artificial Intelligence (AI) កាលពីថ្ងៃទី 19 សីហា ឆ្នាំ 2021 កន្លងទៅ។ បើតាមនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បានអះអាងក្នុងអំឡុងពេលព្រឹត្តិការណ៍នោះថា ការបង្កើតមនុស្សយន្ត Optimus របស់ខ្លួននេះគឺមានគោលបំណងចង់ឲ្យវិស័យមនុស្សយន្តនិងបច្ចេកវិទ្យា AI ឲ្យកាន់តែមានភាពទូលំទូលាយនិងសម្រាប់ប្រកួតប្រជែងជាមួយបណ្តាមនុស្សយន្តចេញពីក្រុមហ៊ុនដទៃទៀតផងដែរ។

ឥឡូវនេះ យើងទទួលបានដំណឹងថាមនុស្សយន្ត Tesla Optimus នេះគឺទទួលបាននូវការអាប់ដេតថ្មីផ្នែកមួយចំនួន ពិសេសខាងផ្នែកបច្ចេកវិទ្យា AI របស់វាកាន់តែប្រសើរនិងឆ្លាតជាមុនទៅទៀត។ ហើយវាពិតជាមានការចាប់អាម្មរណ៍ច្រើនមែនទែនពីអ្នកនិយមតាមដានខាងវិស័យបច្ចេកវិទ្យា និង AI ជំវិញពិភពលោក។ នេះបើយោងតាមគណនីឈ្មោះ Tesla Optimus ដែលជាគណនីផ្លូវការរបស់គេបានធ្វើការបង្ហោះផ្សព្វផ្សាយឲ្យដឹងនៅលើបណ្តាញ X របស់លោក Elon Musk ផ្ទាល់។

នៅក្នុងការបង្ហោះភ្ជាប់ដោយវីដេអូនោះ យើងសង្កេតឃើញថា មនុស្សយន្ត Tesla Optimus គឺពិតជាមានភាពវៃឆ្លាតជាមុនពិតមែនដោយវាមានសមត្ថភាពអាចតម្លៀបវត្ថុផ្សេងៗទៅតាមពណ៌និងប្រភេទវត្ថុនីមួយៗបានដោយស្វ័យប្រវត្តិ និងមានដំណើរការទូទៅកាន់តែប្រសើរផងដែរ។ លើសពីនេះ វាក៏ត្រូវបានបណ្តុះបណ្តាលទៅលើផ្នែកប្រព័ន្ធសសៃប្រសាទចុងក្រោយដែលក្រុមហ៊ុនហៅថា neural nets បន្ថែមទៀតផងដែរ។

ក្រោយពីទទួលបាននូវការអាប់ដេតនេះ យើងឃើញថាវាមានចលនាកាន់តែដូចទៅនឹងចលនារបស់មនុស្សយើងផ្ទាល់មែនទែន ហើយមានស្ថេរភាពខ្ពស់នៅពេលដំណើរការ និងព្រមទាំងអាចឈរជើង 1បានយ៉ាងប្រសើរទៀតផង។ ជាចុងក្រោយ នាយកប្រតិបត្តិក្រុមហ៊ុនលោក Elon Musk បានមានប្រសាសន៍ថា Tesla Optimus នឹងមានតម្រូវការខ្ពស់ដល់ខ្ទង់ 10 ទៅ 20 ពាន់លានគ្រឿងសម្រាប់នាំចេញកាន់បណ្តាប្រទេសជុំវិញពិភពលោក។ ហើយសម្រាប់តម្លៃ និងកាលបរិច្ឆេទជាក់លាក់នៃការនាំចេញទៅកាន់ពិភពលោកនោះគឺគេមិនទាន់បានប្រាប់នៅឡើយទេ ទោះជាយ៉ាងណាគេបានឲ្យដឹងថាក្រុមហ៊ុន Tesla ក៏មានបំណងនឹងប្រើប្រាស់មនុស្សយន្តរបស់ខ្លួនទាំងស្រុងនៅក្នុងផលិតកម្មមួយចំនួនរបស់ខ្លួនថែមទៀតផងដូចជាការផលិតរថយន្តអគ្គិសនី Tesla ជាដើម។

Close