ពីនេះពីនោះ

ពិភពលោកនឹងក្រឡាប់ចាក់ បើ​ពួក Hacker ប្លន់​យានអវកាស និងផ្កាយរណប

យោងតាម​ប្រភពព័ត៌មាន Daily Mail បានឱ្យដឹងថា កំណត់ត្រា​ជា​ប្រភេទ​ឌីជីថល​ជិត ៣០០ លាន​បាន​លេច​ធ្លាយ និង​សាច់ប្រាក់​ចំនួន ៩៧៣ លាន​ដុល្លារ​ត្រូវបាន​ប្លន់​យក ដោយសារតែ​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេ​ត​កាលពី​ឆ្នាំមុន​។

ឥឡូវនេះ ពួក​អ្នកជំនាញ​បាន​ចេញមក​ព្រមាន​ថា ការគំរាមកំហែង​ពី​សំណាក់​ពួក Hacker តាម​អន​ឡាញ​ឆាប់ៗ​នេះ​អាច​នឹង​ឈានដល់​កម្រិត​ថ្មី​មួយទៀត គឺ​ពួកវា​នឹង​វាយលុក​ចូល​ទី​អវកាស​វិញ​ម្តង​។

ក្រុម​អ្នកជំនាញ​ទាំងនោះ​ព្រមាន​ថា បណ្តា​រដ្ឋាភិបាល និង​ក្រុមហ៊ុន​ទាំងឡាយ​មិនទាន់​ចាត់វិធានការ​គ្រប់គ្រាន់​នៅឡើយ​ទេ​ដើម្បី​ការពារ​ផ្កាយរណប និង សំណង់​ផ្សេងទៀត​នៅ​លំហ​អវកាស​ពី​ការ​ប្លន់ (Hack) និង​ប្រើប្រាស់​យ៉ាង​គ្រោះថ្នាក់​ពី​សំណាក់​ពួក Hacker​។

​របាយការណ៍​ថ្មី​ពី​វិទ្យាស្ថាន​គោលនយោបាយ​ឯករាជ្យ Chatham House ក្នុង​ទីក្រុង​ឡុង​ដ៍ បាន​ព្រមាន​ថា ផលវិបាកពីការប្លន់យានអវកាសវកាស និង​ផ្កាយរណប​អាច​នាំទៅរក​មហន្តរាយ​ទូទាំង​សកលលោក​។

​ពួក​អ្នកស្រាវជ្រាវ​និយាយថា វា​អាច​អនុញ្ញាតឱ្យ​ពួក Hacker បំផ្លាញ​ពាណិជ្ជកម្ម និង​ថែមទាំង​អាច​អនុញ្ញាតឱ្យ​ភេរវ​ករ​គ្រប់គ្រង​សព្វាវុធ​ប្រកបដោយ​គ្រោះថ្នាក់​បំផុត​។

ហេដ្ឋារចនាសម្ព័ន្ធ​ពិភពលោក​ភាគច្រើន ដូចជា​ការដឹកជញ្ជូន​តាម​អាកាស ទូរគមនាគមន៍ និង ប្រព័ន្ធ​ការពារជាតិ គឺ​ពឹង​ផ្អែកលើ​គ្រឿង​ម៉ាស៊ីន​នៅ​លំហ​អវកាស ដែល​ងាយ​រង​ការវាយប្រហារ​ពី​ពួក Hacker បំផុត​៕

Close