ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាង៣០នាក់ ​ក្នុង​ពេលបង្ក្រាបទីតាំងសង្ស័យលួចថតរឿង​អាសអាភាស

ភ្នំពេញ៖​ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យជាង ៣០នាក់ ​​ក្នុង​ប្រតិបត្តិការបង្ក្រាបករណី​សង្ស័យ​លួច​លាក់​​ថតភាពយន្តអាសអាភាស នៅ​អគារ​ស្នាក់នៅមួយ​កន្លែង​ក្នុង​សង្កាត់​បឹង​កេង​​កង​ទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាយប់ថ្ងៃទី២៤តុលា ឆ្នាំ២០២៣។​ លោក ឆាយ គឹម​ខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់​សារ​ព័ត៌​មា​ន​​ឌីជីថល​ក្នុងស្រុកមួយ នៅថ្ងៃទី២៥ តុលានេះ។

​យ៉ាងណាក៏ដោយលោក ឆាយ គឹម​ខឿន មិនទាន់អាចបញ្ជាក់អត្តសញ្ញាណជនសង្ស័យនៅឡើយ ដោយរង់ចាំការសាកសួរចម្លើយ និងការស្រាវជ្រាវបន្ថែមពីសមត្ថកិច្ចជំនាញសិន។ 

«​ជនសង្ស័យ​ជាង៣០នាក់ មិនទាន់បែងចែក​(ជន​ជាតិ)​នៅឡើយទេ ទាល់តែយើងសួរឱ្យអស់សិន។ មនុស្សជាង៣០នាក់នេះ ត្រូវតែសួរឱ្យ​ច្បាស់​លាស់ តើជនជាតិចិន វៀតណាម ខ្មែរ ឬយ៉ាងណា?រឿងហ្នឹងទុកឱ្យសមត្ថកិច្ច(ជំនាញ) ធ្វើ​ការ​​សិន»។ លោក ឆាយ គឹមខឿន បញ្ជាក់ដូច្នេះមុននឹងសង្កត់ធ្ងន់ថា បើ​សមត្ថកិច្ចរក​ឃើញ​ថា​ពួកគេ​ពិតជា​បាន​ប្រព្រឹត្ត​បទ​ល្មើសដូចការសង្ស័យនោះមែន ជនសង្ស័យ នឹងបញ្ជូន​ពួកគេ​​ឱ្យតុលាការកាត់ទោសតាមច្បាប់។

សូមជម្រាបថា ការបើកប្រតិបត្តិការបង្ក្រាបទីតាំងសង្ស័យលួចលាក់ថតភាពយន្តអាសអាភាសនេះ ​ធ្វើ​ឡើង​​​បន្ទាប់​ពីសមត្ថកិច្ចជំនាញនៃនាយករដ្ឋប្រឆាំងបទល្មើសព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ទទួល​បាន​ពាក្យ​បណ្តឹងពីស្ត្រីខ្មែរ២រូប ដែលអះអាងថាខ្លួនជាជនរងគ្រោះនៅ​ក្នុងករណីនេះ។ 

​​ជុំវិញការបង្ក្រាបករណី​នេះដែរ លោក ទូច សុខៈ អ្នកនាំ​ពាក្យក្រសួងមហាផ្ទៃ បាន​សរសេរ​នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ខ្លួន​ថា គឺជាការអនុវត្តទិសដៅ២ ក្នុងចំណោមទិសដៅ​ទាំង​៦​របស់​ក្រសួងមហាផ្ទៃ នោះគឺការបង្ក្រាបបទ​ល្មើសព្រហ្ម​ទណ្ឌ​ទូទៅ​ផង និង​បទល្មើស​ក្នុងរង្វង់អំពើជួញដូរមនុស្សផង។ ​ អ្នកនាំពាក្យក្រសួង​មហាផ្ទៃ​ដដែល ឱ្យដឹងទៀតថា ទិសដៅបង្រ្កាប និងទប់ស្កាត់ ៤ទៀត​របស់​ក្រសួងមហាផ្ទៃ រួមមាន ​បញ្ហា​គ្រឿង​​ញៀន ​ចរាចរណ៍ ការគ្រប់គ្រងក្រុមក្មេងទំនើង និង​បញ្ហាតាមព្រំដែនទាំងគោកនិងទឹក​ជាប់​ជាមួយប្រទេសជិតខាង៕(ប្រភពទាំងស្រុងពីថ្មីៗ)

Close