ព័ត៌មានជាតិ

ប្រជាពលរដ្ឋភ្ញាក់ផ្អើល ខណៈសត្វគោរាប់រយក្បាលត្រូវគេដឹកតាមក្បួនរថយន្តពីប្រទេសវៀតណាម ចូលកម្ពុជាតាមច្រកអូរយ៉ាដាវខេត្តរតនគិរី មកចិញ្ចឹមនៅក្នុងទឹកដីខេត្តក្រចេះ

នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣នេះ ប្រជាពលរដ្ឋក្នុងខេត្តមណ្ឌលគិរី មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយបានឃើញក្បួនរថយន្តខ្នាតយក្សរបស់ក្រុមហ៊ុនវៀតណាមជាង១០គ្រឿង ដឹកសត្វគោរាប់រយក្បាលចូលមកកម្ពុជាតាមច្រកអូរយ៉ាដាវ ខេត្តរតនគិរី ឆ្លងកាត់ខេត្តមណ្ឌលគិរី ហើយបន្តដំណើរតាមផ្លូវជាតិលេខ76A ឆ្ពោះទៅទឹកដីខេត្តក្រចេះ ដើម្បីយកទៅចិញ្ចឹមនៅក្នុងក្រុមហ៊ុនដីសម្បទានមួយកន្លែង ដែលជាអតីតក្រុមហ៊ុនវិនិយោគដំណាំកសិកម្ម។

បើតាមឯកសារលិខិតបញ្ជីប្រតិវេទន៍គយច្រកទ្វារព្រំដែនអូរយ៉ាដាវ ដែលអង្គភាពព័ត៌មានក្នុងស្រុកមួយទើបនឹងទទួលបាននៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ​គឺបានបញ្ជាក់ថា សត្វគោទាំងអស់នេះដឹកចេញពីក្រុមហ៊ុនមួយឈ្មោះ TRUNG NGUYEN COW LIVESTOCK MEMBER LIMITET ដែលមានទីតាំនៅក្នុងប្រទេសវៀតណាម ឆ្លងដែនចូលកម្ពុជា ទៅឲ្យក្រុមហ៊ុនវិនិយោគមួយឈ្មោះ EASTERN RUBBER (cambodai) co.,LTD ដែលមានទីតាំស្ថិតនៅក្នុងឃុំ២ធ្នូ ស្រុកស្នួលខេត្តក្រចេះ ប៉ុន្តែបច្ចុប្បន្នទីតាំងនេះ​គឺ ស្ថិតនៅក្នុងឃុំ ក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

ក្បួនរថយន្តរខ្នាតយក្សបស់ក្រុមហ៊ុនវៀតណាមមានសិទ្ធិ និងមានអំណាចច្បាប់ដឹកសត្វគោឆ្លងដែនចូលដល់ក្នុងទីជំរៅនៃប្រទេសកម្ពុជា និងអាចដឹកឆ្លងកាត់ខេត្តជាច្រើនដោយសេរី ដោយបានបង្កើតជាចម្ងល់ និងសំណួរគ្មានចម្លើយ។ មិនដឹងថាក្បួនរថយន្តខ្នាតយក្សរបស់ក្រុមហ៊ុនវៀតណាមទាំងអស់នេះមានច្បាប់អនុញ្ញាតពីថ្នាក់ណានោះទេ ទើបអាចបើកបរលើផ្លូវជាតិកម្ពុជារាប់រយគីឡូម៉ែត្របានដោយរលូន ដែលមួយផ្នែកបានធ្វើឲ្យបាត់បង់សេដ្ឋកិច្ចលើវិស័យមធ្យោបាយដឹកជញ្ជូនរបស់ប្រជាពលរដ្ឋខ្មែរ និងមួយផ្នែកទៀតក៏បានប៉ះពាល់ផងដែរដល់ច្បាប់ចរាចរណ៍នៅកម្ពុជា ?។ ផ្ទុយពីរថយន្តដឹកទំនិញរបស់ជនជាតិខ្មែរ ដែលជាទូទៅខាងភាគីសមត្ថកិច្ចវៀតណាម គេមិនអនុញ្ញាតឲ្យដឹកទំនិញឆ្លងដែនចូលជ្រៅទៅក្នុងដីគេបានឡើយ យ៉ាងច្រើនបំផុតគឺអនុញ្ញាតឲ្យរថយន្តខ្មែរ ចូលផ្ទេរទំនិញត្រឹមព្រំប្រទល់ដីសតាមព្រំដែនតែប៉ុណ្ណោះ។

បើតាមសេចក្តីរាយការណ៍ឲ្យដឹងថា ក្បួនរថយន្តខ្នាតយក្សដឹកសត្វគោរបស់ក្រុមហ៊ុនវៀតណាមជាងដប់គ្រឿងនេះ ត្រវបានសមត្ថកិច្វនគរបាលខេត្តមណ្ឌលគិរីធ្វើការស្ទាក់ឃាត់សួរនាំនៅលើផ្លូវលេខ76A ក្នុងស្រុកកែវសីមា ដែរ ប៉ុន្តែបានអនុញ្ញាតឲ្យបន្តដំណើរទៅមុខដោយរលូន ឆ្ពោះទៅកាន់ក្រុមហ៊ុនចំការចេកមួយនៅចំណុច១០៧ និ១១៥  ក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

បើតាមប្រភពខាងលើឲ្យដឹងទៀតថា សត្វគោទាំងនេះ ក្រុមហ៊ុនEASERN RUBBER ដឹកចេញពីប្រទេសវៀតណាម មកចិញ្ចឹមនៅក្នុងក្រុមហ៊ុនដីសម្បទានរបស់ខ្លួនក្នុងស្រុកស្នួល ខេត្តក្រចេះ ហើយក៏មិនឃើញមានមន្ត្រីបសុពេទ្យ ចុះត្រួតពិនិត្យសុខភាពសត្វ ក៏ដូចជាផ្ទៀងផ្ទាត់ចំនួនសត្វគោឲ្យត្រឹមត្រូវឡើយ ធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភពីជំងឺឆ្លងផ្សេងៗដល់សត្វគោក្នុងតំបន់ ដែលពួកគាត់ចិញ្ចឹមជាលក្ខណៈប្រពៃណី តាមគ្រួសារនីមួយៗ៕


Close