ព័ត៌មានជាតិ

អាមេរិក ប្រកាសធ្វើការជិតស្និទ្ធជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត និងបន្តផ្តលជំនួយអភិវឌ្ឍន៍នៅកម្ពុជាឡើងវិញ

(ញូវយ៉ក, អាមេរិក)៖ សហរដ្ឋអាមេរិក ប្រកាសធ្វើការជិតស្និទ្ធជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និង​អាមេ​រិក។ បន្ថែមពីលើនោះ សហរដ្ឋអាមេរិក ក៏បានប្រកាសបន្តផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍន៍នៅ​កម្ពុជា​ឡើងវិញផងដែរ។

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទី​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទទួលជួបលោក​ស្រី វ៉ិច​តូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្តីទីអាមេរិក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។

យោងតាមការជូនព័័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបនោះ លោកស្រី វ៉ិចតូរីយ៉ា នូលែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​សម្ដេច​ធិបតី ដែលបានអញ្ជើញ​មក​ទីក្រុងញូវយ៉ក ចូលរួមកិច្ចប្រជុំទូទៅនៃមហាសន្និបាត​អង្គការសហប្រជាជាតិលើកទី៧៨។ លោកស្រី ក៏បាន​អបអរសាទរចំពោះការជ្រើសតាំងសម្តេចធិបតី ជានាយករដ្ឋមន្ត្រីកម្ពុជា នីតិកាល​ទី៧ នៃរដ្ឋសភាផងដែរ។

លោកស្រី វ៉ិចតូរីយ៉ា នូលែន បានគូសបញ្ជាក់បន្ថែមថា សហរដ្ឋអាមេរិក ស្វាគមន៍ឱកាស ពង្រីក​កិច្ច​សហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក តាមរយៈការធ្វើការជិតស្និទ្ធជាមួយសម្តេចធិបតី និងចង់ឃើញសម្តេចធិបតី ក៏ដូចប្រទេសកម្ពុជា​ទាំងមូលទទួលបានជោគជ័យ។ កិច្ចពិភាក្សានោះ បានផ្ដោតលើការរិះរកវិធី និងមធ្យោបាយ សម្រាប់ពង្រឹងទំនាក់ទំនង និងកិច្ច​សហប្រតិបត្តិការទ្វេភាគី ឱ្យឈានឡើងមួយកម្រិតទៀត។

ឆ្លៀតក្នុងឱកាសនោះ លោកស្រី វ៉ិចតូរីយ៉ា នូលែន បានជម្រាបជូនសម្តេចធិបតីថា​សហរដ្ឋអាមេរិក​បាន​សម្រេចផ្តល់ជូនឡើងវិញ នូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ១៨លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ដែលសហរដ្ឋអាមេរិកបានផ្អាក ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

ភាគីទាំងពីរក៏បានពិភាក្សាគ្នាផងដែរ ពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ដោយ​លោក​ស្រី វ៉ិចតូរីយ៉ា នូលែន បានស្នើពន្លឿននីតិវិធីនៃការទទួលយកពលរដ្ឋទាំងនោះ។ ជាការឆ្លើយតប សម្ដេច​ធិបតី បានបញ្ជាក់ថា ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា នឹងពិនិត្យ កែសម្រួលនីតិវិធី ឱ្យដំណើរការដោយរលូន ឆាប់រហ័ស និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

សម្តេចធិបតី ក៏បានស្នើឱ្យសហរដ្ឋអាមេរិកយកចិត្តទុកដាក់ ជាពិសេសចំពោះពលរដ្ឋខ្មែរដែល​ត្រូវ​ធ្វើមាតុភូមិនិវត្តន៍ និងដែលមានបញ្ហាសុខភាព។ លោកស្រី វ៉ិចតូរីយ៉ា នូលែន បានបញ្ជាក់ថា​បញ្ហា​​សុខភាព គឺជាអ្វីដែលសហរដ្ឋអាមេរិកបានយកចិត្តទុកដាក់កន្លងមក និងបន្តយកចិត្តទុក​ដាក់ ជាពិសេសបន្ថែមទៀត តាមការស្នើរបស់សម្តេចធិបតី។

ក្នុងជំនួបនោះ ភាគីទាំងពីរក៏បានពិភាក្សាផងដែរ លើវិស័យដែលប្រទេសទាំងពីរកំពុង​យក​ចិត្តទុក​ដាក់៕ 

Close