ព័ត៌មានជាតិ

ជនជាតិចិននាំមាសក្លែងក្លាយ៦២ដុំ ចូលស្រុកខ្មែរបោកប្រាស់អ្នកភូមិ ត្រូវប៉ូលិសក្របួចជាប់

នៅ​វេលា​ម៉ោង ១០ និង១១​នាទី​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៩ កម្លាំង​ការិយាល័យ​បទ​ល្មើស​ព្រហ្មទណ្ឌ នៃ​មន្ទីរ​យុត្តិធម៌ អាវុធហត្ថ​ខេត្តកំពត សហការ​ជា​មួយ​និង​មូលដ្ឋាន​កង​រាជ​អាវុធហត្ថ​ក្រុង​កំពត បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​ជនជាតិ​ចិន ចំនួន៣​នាក់ ដូច​មាន​ឈ្មោះ​ខាង​ក្រោម៖

១- ឈ្មោះ ជុង ហាយមីង ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ ជន​ជាតិ​ចិន មុខ​របរ​មិន​ពិត​ប្រាកដ ២-ឈ្មោះ ជិន ហាយមីង ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជន​ជាតិ​ចិន មុខរបរ​មិន​ពិត​ប្រាកដ ៣-អ៊ូ ឡីតុង ភេទ​ប្រុស អាយុ៤៩​ឆ្នាំ ជន​ជាតិ​ចិន មុខ​របរ​មិន​ពិត​ប្រាកដ នៅ​ចំណុច ភូមិ​កំពង់​បាយ​ខាង​ជើង សង្កាត់​កំពង់​បាយ ក្រុង​កំពត ខេត្ត​កំពត។

​ជន​សង្ស័យ​ទាំង​ ៣​នាក់​បាន​ធ្វើ​សកម្មភាព​ឆបោក ដោយ​យក​មាស​ក្លែងក្លាយ មក​បន្លំទៅ​លក់​ឲ្យ​ជន​រង​គ្រោះ ឈ្មោះ តាំង ងីម ភេទ​ស្រី អាយុ​៧៨​ឆ្នាំ មុខ​របរ​នៅ​ផ្ទះ ទី​លំនៅ​បច្ចុប្បន្ន ភូមិ​កំពង់​បាយ​ខាង​ជើង សង្កាត់​កំពង់​បាយ ក្រុង​កំពត ខេត្ត​កំពត កាល​ពី​វេលា​ម៉ោង ១០និង​១១​នាទី ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៩។

វត្ថុ​តាង​ចាប់​យក​រួម​មាន ដុំ​មាស​ក្លែង​ក្លាយ ចំនួន​៦២​ដុំ ( រូប​តាមីឡឹ​ចំនួន​៣, មាស​ស្នូក ចំនួន​៥៨​ដុំ) ទូរស័ព្ទ​ដៃ​៣​គ្រឿង លិខិត​ឆ្លង​ដែន​ចំនួន០១ ផ្លែ​រណា​ចំនួន០១ ម្សៅ​ពណ៌ស០១​កញ្ចប់ បច្ចុប្បន្ន ជន​សង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​ចាត់​ការ​តាម​នីតិវិធី៕

Close