ព័ត៌មានជាតិ

រដ្ឋមន្រី្តក្រសួងបរិស្ថាន ណែនាំឱ្យបញ្ចប់នូវវប្បធម៌ធ្វើកិច្ចសន្យា ហើយដោះលែង

ចេញផ្សាយ ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៣
“អនុវត្តច្បាប់ដោយគ្មានការលើកលែង និងបញ្ចប់វប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែង ដែលជាការអនុវត្តខុសច្បាប់” នេះជាការថ្លែងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្នុងជំនួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៅព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣ នាទីស្តីការក្រសួង ។

ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមថា គ្រប់ករណីប្រព្រឹត្តិបទល្មើសទាំងឡាយ ឱ្យតែចាប់បានគឺមិនអនុញ្ញាតឱ្យធ្វើកិច្ចសន្យាហើយ ដោះលែងនោះទេ គឺត្រូវតែកសាងសំណុំរឿង និង ដាក់បន្តទៅតុលាជាដាច់ខាត ហើយប្រសិនជាករណីទាំងនោះ មានពាក់ព័ន្ធនឹងកត្តានយោបាយ សូមផ្តល់ព័ត៌មាន និងសិទ្ធិឱ្យឯកត្តមរដ្ឋមន្រ្តីជាអ្នកសម្រេច ។

តាមប្រភពក្រសួងបរិស្ថាន ការថ្លែងបញ្ជាក់ឱ្យដឹងពីការអនុវត្តភារកិច្ច កាតព្វកិច្ចរបស់មន្រ្តីក្រោមឱវាទឱ្យបានត្រឹមត្រូវហ្មត់ចត់ គឺដើម្បីលើកស្ទួយប្រសិទ្ធភាពការងារប្រកបដោយប្រសិទ្ធផល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១នេះ ដែលក្រសួងបរិស្ថានបាននឹងកំពុងអនុវត្តរួចទៅហើយ លើអាទិភាពចំនួន៣៖ ទី១.កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក លើប្រធានបទ ” ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ ” , ទី២. ការផ្តល់ជូនកូនឈើចំនួនជាង ១លានដើម រៀងរាល់ឆ្នាំ សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមានតម្រូវការដាំដើមឈើដោយឥតគិតថ្លៃ និង ទី៣. អេកូទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិព្រៃសហគមន៍ ធ្វើយ៉ាងណារក្សាឱ្យបានគម្របព្រៃឈើ មានអព្យាក្រឹតកាបូន និងលើកស្ទួយជីវភាពប្រជាពលរដ្ឋដោយចីរភាព (យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា ) ។

គួរជម្រាបជូនថា អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ មាននាយកដ្ឋានចំណុះចំនួន ៧ ដែលរួមមាន នាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុ នាយដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមគង្គ នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងជើងបឹងទន្លេសាប នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងត្បូងបឹងទន្លេសាប នាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីសើម ទឹកសាប នាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ និងនាយកដ្ឋានអភិរក្សសមុទ្រ និងតំបន់ឆ្នេរ គ្រប់គ្រងលើតំបន់ការពារធម្មជាតិ ចំនួន៧៣តំបន់ មានផ្ទៃដីប្រមាណ ៧,២លានហិកតា ដែលចាំបាច់ត្រូវមានការរួបរួមពីមន្រ្តីគ្រប់ជាន់ថ្នាក់ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមផងដែរ ក្នុងកិច្ចការពារ អភិរក្សធនធានធម្មជាតិ ដើម្បីសម្រេចឱ្យបានផែនការយុទ្ធសាស្រ្តរួមរបស់កម្ពុជា ៕

Close