ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ថវិកាឧបត្ថម្ភដល់គ្រួសារអ្នកស្លាប់ដោយសារបាក់រលំអគារ៧ជាន់ ដោយម្នាក់ៗកើនដល់ជិត៧ម៉ឺនដុល្លារ ចំណែកអ្នករបួសទទួលបានជាង១ម៉ឺនដុល្លារ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា ថវិកាសម្រាប់ឧបត្ថម្ភដល់គ្រួសារជនរងគ្រោះ ដែលស្លាប់ដោយការរលំបាក់អគារ៧ជាន់ នៅខេត្តព្រះសីហនុ នឹងកើនជិតដល់៧ម៉ឺនដុល្លារក្នុងម្នាក់ៗ ចំណែកជនរងគ្រោះនឹងទទួលបានប្រាក់ឧបត្ថម្ភជាង១ម៉ឺនដុល្លារ ក្នុងម្នាក់ៗផងដែរ។

ការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសន្និសីទសារព័ត៌មាន នាយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្រោយបិទបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះ ដែលស្លាប់ និងរបួស ក្នុងហេតុការណ៍រលំបាក់អគារ នៅខេត្តព្រះសីហនុ។

ថវិកាដែលបានឧបត្ថម្ភដល់ក្រុមគ្រួសារសព និងជនរងរបួស នៃការបាក់អគារខាងលើនេះ បានមកពីសប្បុរសជននានា ដែលបានចូលរួមតាមរយៈការអំពាវនាវរបស់សម្តេច ដោយបូករួមជាមួយនឹងថវិការបស់រាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយសារការអំពាវនាវរបស់ខ្ញុំ គឺអម្បិញមិញ យើងបានបន្ថែមសម្រាប់អ្នករបួស១ម៉ឺនដុល្លារបន្ថែមទៀត ហើយករណី២នាក់ ដែលជាអ្នករស់ចុងក្រោយ ហើយដែលត្រូវបានសង្រ្គោះជាតិមុននេះ គឺត្រូវទទួលបាន៣ម៉ឺនដុល្លារ ឯចំពោះសាកសព បើគិតអំពីប្រាក់ចំណូលនឹងទទួលបានបន្ថែមមិនតិចជាង៦ម៉ឺនដុល្លារអាមេរិក ក្នុងម្នាក់ៗ បូកនឹងថវិការបស់រាជរដ្ឋាភិបាលថែមទៀត គឺសរុបជាង៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលនឹងត្រូវផ្គត់ផ្គង់ឱ្យបានសក្តិសម»។

សូមបញ្ជាក់ថា ករណីរលំបាក់អគារកម្ពស់៧ជា នៅខេត្តព្រះសីហនុ បានកើតឡើង កាលពីទាបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។ រហូតដល់ពេលនេះ ចំនួនអ្នកស្លាប់ ដែលត្រូវបានកាយឃើញបានកើនដល់២៨នាក់ និងអ្នករបួស២៦នាក់ ក្នុងករណីរលំបាក់អគារខាងលើនេះ។

បើតាមក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តព្រះសីហនុ គឺសំណង់អគារនេះ មិនមានច្បាប់អនុញ្ញាតនោះទេ ហើយក៏ធ្លាប់ត្រូវបានហាមឃាត់មិនឱ្យសាងសង់ ចំនួន២ដងរួចទៅហើយ៕

Close