ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ចាប់បាន ស្លាបមាន់ខូចគុណភាព២តោនដែលឈ្មួញនាំចូលពីប្រទេសវៀតណាម មកចែកចាយនៅក្រុងភ្នំពេញ

ភ្នំពេញ ៖ ស្លាបមាន់ខូចគុណភាព ចំនួន​២០០​កេស ស្មើនឹង២,០០០​គីឡូក្រាម​(២​តោន​) គ្មាន​ឯកសារ​បញ្ជាក់​ពី​ប្រភព​ច្បាស់​លា​ល់ និង​មិន​អនុលោម​ភាព​ផ្នែក​បទដ្ឋាន​ព័ត៌មាន​លក្ខ​ខ័​ណ្ឌ តម្រូវ​ម្ហូបអាហារ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ជា​អ្នក​ប្រើប្រាស់ ត្រូវបានកម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ចនៃស្នងការដ្ឋនរាជធានីភ្នំពេញ ធ្វើកាឃាត់ចាប់បានមុននឹងឈ្មួញចែកចាយទៅកាន់ទីផ្សារនានាក្នុងក្រុងភ្នំពេញ។

សកម្មភាពឃាត់ចាប់ស្លាបមាន់ខូចគុណភាពនេះ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការ​រង ទទួល​ផែន​ការងារ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​លោក​ឧត្តមសេនីយ៍ត្រី ជុំ ណា​រ័​ត្ន អនុ​ផែនការ​ងារ និង​លោក​វរសេនីយ៍ឯក យឹ​ម សុ​ជាតិ នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ នាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ «​ក​.​ប​.​ប​.» រាជធានី​ភ្នំពេញ ​ធ្វើ​ការបង្ក្រាបបានទាន់ពេលវេលា មុនចែកចាយលើទីផ្សារ ​នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

មន្ត្រី​ជំនាញ​បាន​តាមដាន​ស្រាវជ្រាវ​បង្ក្រាប​ការ​នាំ​ចូល​ស្លាបមាន់ខូចគុណភាព​ទាំងនេះ ដែល​ឈ្មួញ​ដឹក​តាម​រថយន្ត​ម៉ាក Ssang Young ពណ៌​លឿន ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-9042 មក​ពី​ប្រទេស​វៀតណាម យកមក​ចែកចាយ នៅ​រាជធានី​ភ្នំពេញ ដោយបច្ចុប្បន្ន កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង ក​.​ប​.​ប​. រាជធានី​ភ្នំពេញ បាន​យក​ទៅ​បំផ្លាញ​ចោល​តាម​នីតិវិធី​។

Close