ព័ត៌មានជាតិ

ចៅហ្វាយក្រុងភ្នំពេញថា ការចាក់ដីលប់ទន្លេបាសាក់ គឺដើម្បីសាងសង់ទំនប់ចម្រោះទឹកស្អាត

នាយប់ថ្ងៃទី ២ ខែមេសា ឆ្នាំ២០១៩ នេះដែរឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានៅភ្នំពេញ បានធ្វើការចុះទៅមូលដ្ឋានផ្ទាល់ទាក់ទងនឹងការចាក់ដីដៃទន្លេផោបាសាក់ នៅកោះពេជ្រ និងទល់មុខផ្សារទំនើប Aeon ភ្នំពេញ ដោយក្នុងនោះឯកឧត្តមអភិបាល បានលើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញ មិនមានបំណងក្នុងការលុបដៃទន្លេបាសាក់នេះទេ ដោយរដ្ឋបាលរាជធានី កំពុងសាងសងទំនប់ចម្រោះទឹកស្អាត ដើម្បីលុបបំបាត់ក្លិនស្អុយ និងភាពកខ្វក់នៅទីតាំងមួយនេះ។

ក្នុងការចុះមូលដ្ឋានផ្ទាល់ ដោយមានអ្នកសារព័ត៌មានជាច្រើន ឯកឧត្តមបានបញ្ជាក់ផងដែរថា រាល់រដូវប្រាំងទីតាំងដៃទន្លេនេះ តែងបង្កអោយមានក្លិនស្អុយ ដូចប្រឡាយបឹងត្របែកដែរ និងប៉ះពាល់ដល់បរិស្ថាន ទើបរដ្ឋបាលរាជធានី ធ្វើទំនប់ចម្រោះទឹកស្អាតនេះឡើង ដើម្បីលុបបំបាត់ទឹកស្អុយទាំងនេះ ហើយឯកឧត្តមបានសង្កត់ធ្ងន់ថា រដ្ឋបាលរាជធានីមិនមានបំណងលុបដៃទន្លេបាសាក់នេះឡើយ។

មហាជនលើកឡើងថា បើជាគម្រោងទំនប់ច្រោះទឹកស្អាតរបស់រដ្ឋ ហេតុអ្វីចៅហ្វាយក្រុងមិនប្រកាសឲ្យពលរដ្ឋដឹងជាមុនផង។ទាល់តែមានការរិះគន់តាមបណ្តាញសង្គមជាច្រើនថ្ងៃទើបចេញមុខមកបកស្រាយ? ហើយបើជាគម្រោងរដ្ឋមែននោះ គួរបង្ហាញឯកសារដល់សាធារជនឲ្យពួកគាត់ជ្រាបច្បាស់ផងទាន៕

Close