សេដ្ឋកិច្ច

៧ខែកម្ពុជារកចំណូលបានជា២៥៧លានដុល្លារពីការនាំចេញជ័រ និងដើមកៅស៊ូ ខណៈមន្ត្រីខិលខូចតាមច្រករបៀងព្រំដែន និងច្រកទ្វារទ្វេភាគីកម្ពុជា-វៀតណាម លួចបើកឲ្យមានការរត់គេចពន្ធយ៉ាងគគ្រឹកគគ្រេង!

ភ្នំពេញ : អគ្គនាយកដ្ឋានកៅស៊ូបានឲ្យដឹងជាសាធារ ណៈតាមរយៈរបាយការណ៍មួយនាថ្ងៃទី១២ សីហា នេះថា រយៈពេល៧ខែ ឆ្នាំ២០២២នេះ ខ្លួនរកចំណូលបាន ២៥៧លានដុល្លារពីការលក់ជ័រ និងឈើដើមកៅស៊ូចាស់ៗ ។

របាយការណ៍ បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែកក្កដា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន២៥៧,៤៤៩,៥៩៤ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ២៥៤,៨៣ ៨,៤ ៧៦ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន២,៦១១,១១៨ដុល្លារ ខណៈបច្ចុប្បន្នជ័រកៅស៊ូស្រស់ និងឈើកៅស៊ូត្រូវបានក្រុមឈ្មួញទុច្ចរឹត គប់គិតជាមួយមន្រ្តីខិលខូចតាមច្រករបៀងនិងច្រកទ្វារទ្វេរភាគីកម្ពុជា -វៀតណាមមួយចំនួន លួចនាំឆ្លងដែនគេចពន្ធទៅប្រទេសវៀតណាម ដែលធ្វើឲ្យបាត់បង់ចំណូលថវិកាជាតិរាប់លានដុល្លារក្នុង១ឆ្នាំៗ។

សម្រាប់តម្លៃលក់ជ័រកៅស៊ូជាមធ្យម គិតត្រឹមខែកក្កដា ឆ្នាំ២០២២ ថ្លៃ១,៥៧៧ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន៩៥ដុល្លារ ក្នុងមួយតោន ស្មើនឹង៦% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

ជាក់ស្តែងកាលពីឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន៣៦៦, ៣០០ តោន និងនាំចេញឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប។

គួរបញ្ជាក់ដែរថា បច្ចុប្បន្នមានក្រុមឈ្មួញជាច្រើន មានទាំងជនជាតិខ្មែរ និងជនជាតិវៀតណាម បានសម្រុកទិញជ័័រកៅស៊ូស្រស់និងដើមកៅស៊ូ រត់ពន្ធឆ្លងដែនទៅប្រទេសវៀតណាម តាមច្រករបៀងព្រំដែន និងច្រកទ្វេភាគីជាច្រើន នៅក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ក្រោមរូបភាពគប់គិតពុករលួយពីសំណាក់មន្ត្រីប្រចាំច្រកទ្វារព្រំដែន ដែលធ្វើឲ្យបាត់បង់ពន្ធចំណូលថវិកាជាតិរាប់លានដុល្លារក្នុង១ឆ្នាំៗ៕

Close