សេដ្ឋកិច្ច

ជំពាក់បរទេសច្រើនម៉្លេះ! កម្ពុជាមានបំណុលបរទេសជាង១ម៉ឺនលានដុល្លារ គិតត្រឹមឆ្នាំ២០១៨

កម្ពុជា​ជាប់បំណុល​បរទេស​គិត​ត្រឹម​ចុងឆ្នាំ ២០១៨កើនដល់ជាង ១ម៉ឺន១ពាន់លានដុល្លារអាមេរិក ក្នុង​នោះ​ចិន​ជា​ម្ចាស់បំណុល​ធំជាង​គេ​របស់​កម្ពុជា​។

ក្នុង​ព្រឹត្តិបត្រ​ស្ថិតិ​បំណុល​កម្ពុជា​ចេញផ្សាយ​កាលពី​ម្សិលមិញ​ ក្រសួងសេដ្ឋកិច្ច​ឱ្យ​ដឹង​ថា​ចាប់ពី​ឆ្នាំ១៩៩៣មក​ទំហំ​កម្ចី​ដែល​មាន​សរុប​ជាង ១ម៉ឺនលានដុល្លារនេះ ភាគច្រើនផ្ដោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​ប្រមាណ៨៧ភាគរយ​នៃ​កម្ចី​សរុប​។

ក្រសួង​ក៏បាន​ឱ្យ​ដឹងផង​ដែរ​ថា​ម្ចាស់​បំណុល​ធំៗ​របស់​កម្ពុជា​រួមមាន​ប្រទេស​ចិន​គ្រប់គ្រង​បំណុល​ប្រមាណជាង៤ពាន់៦រយលានដុល្លារអាមេរិក ធនាគារ​អភិវឌ្ឍន៍​អាស៊ី​គ្រប់គ្រង​បំណុល​ប្រមាណ២ពាន់ ៦រយ​លាន​ដុល្លារ​ ជប៉ុន​ជាង១ពាន់៣រយ​លាន​ដុល្លារ​ និង​ធនាគារពិភពលោក​ជាង១ពាន់១រយលាន​ដុល្លារ​។

បើ​ពិនិត្យ​លើ​ព្រឹត្តិបត្រ​នោះ​ក្នុង​ឆ្នាំ២០១៨​ កម្ពុជា​បាន​ចុះហត្ថលេខា​ទទួល​កម្ចី​ពី​បរទេស​ដល់ទៅ​ជិត២ពាន់​លាន​ដុល្លារ​ ខណៈ​សង​ត្រលប់​ទៅបរទេស​វិញ​បាន​ត្រឹមតែ​ជាង២រយ​លាន​ដុល្លារ​ប៉ុណ្ណោះ​។

បើ​តាម​ក្រសួងសេដ្ឋកិច្ច​គិត​មកទល់​នឹង​ពេលនេះ​ កម្ពុជាបានដកសាច់ប្រាក់មកប្រើប្រាស់បាន​ជាង៧ពាន់​លាន​ដុល្លារ​ ខណៈ​នៅសល់​បំណុល​ជាង៧ពាន់​លាន​ដុល្លារ​ទៀត​ដែល​នៅ​មិនទាន់​សង​៕

Close