សេដ្ឋកិច្ច

ក្រសួងរ៉ែ កំពុងសួរដេញដោលក្រុមហ៊ុន KrisEnergy លើករណីបាត់ប្រេងឆៅ១ កប៉ាល់

ក្រសួងរ៉ែ និងថាមពល កំពុងជជែកជាមួយក្រុមហ៊ុន KrisEnergy លើករណីបាត់ប្រេងឆៅមួយកប៉ាល់ប្រមាណ ៣០ម៉ឺនបារ៉ែល ក្រោយក្រុមហ៊ុនប្រកាសក្ស័យធន។

ឯកឧត្តម ជៀបសួរ អគ្គនាយកប្រេងកាត នៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងនៅថ្ងៃអង្គារ៍នេះថា បច្ចុប្បន្ន ក្រសួងកំពុងបន្តជជែកជាមួយក្រុមហ៊ុន KrisEnergy ចំពោះបញ្ហាដែលកើតឡើង។

ករណីបាត់ប្រេងឆៅមួយកប៉ាល់ដែលបានដឹកចេញពីកម្ពុជាស្ងាត់ៗចូលដែនសមុទ្រប្រទេសថៃនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន លើកឡើងកាលពីថ្ងៃទី១ ខែសីហា កន្លងទៅ ដោយបញ្ជាក់ថាជាផ្លូវការ អាជីវកម្មបូមប្រេងដំបូងនៅប្រទេសកម្ពុជាបរាជ័យហើយ។

ជុំរិញរឿងនេះ ឯកឧត្តម ជៀបសួរ បានបញ្ជាក់ថា៖ «បន្ទាប់ពីក្រុមហ៊ុនមេនៅប្រទេសសឹង្ហបុរី ប្រកាសក្ស័យធន ការអភិវឌ្ឍន៍តំបន់ប្លុក A មកដល់ពេលនេះ មិនទាន់មានក្រុមហ៊ុនណាមួយចុះសិក្សាស្រាវជ្រាវ ឬស្នើសុំវិនិយោគបន្តនៅឡើយ»។

កម្ពុជាប្រកាសបូមប្រេងជាលើកដំបូង នៅក្នុងប្លុក A កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២០។ តាមផែនការ ផលិតកម្មបូមប្រេងឆៅគឺក្នុងរង្វង់ ៧ ៥០០បារ៉ែល ក្នុងមួយថ្ងៃ ប៉ុន្តែផលិតកម្មបូមប្រេង ធ្លាក់ចុះខុសពីការរំពឹងទុក មកត្រឹមតែជា១ ០០០ បារ៉ែល ក្នុងមួយថ្ងៃ ដែលជាមួយនៃមូលហេតុដែលធ្វើក្រោយក្រុមហ៊ុនក្ស័យធន៕

Close