សេដ្ឋកិច្ច

វៀតណាម នាំចេញស្បែកជើង ទៅកាន់ផ្សារពិភពលោកជាប់លេខ២ ខណៈចិនជាប់លេខ១

ប្រទេសវៀតណាម ត្រូវបាន គេដឹងថា មានសមត្ថភាពផលិតស្បែកជើងប្រមាណ១ពាន់លានគូក្នុងមួយឆ្នាំៗដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ពិសេសគឺទីផ្សារអឺរ៉ុបតែម្ដង ប៉ុន្ដែ ចំនួននេះ ហាក់នៅមានតិចតួចនៅឡើយ បើធៀបនឹងតម្រូវការស្បែកជើងសកលលោក ដែលមានប្រមាណ២៣ ពាន់លានគូក្នុងមួយឆ្នាំៗ។ នេះបើតាមការអះអាងពីអ្ននាញសេដ្ឋកិច្ចវៀតណាម ដែលបានប្រាប់សារព័ត៌មានក្នុងស្រុក។

លោក ឌៀប ថាញ់គៀត អនុប្រធាន​សមាគមស្បែក និងស្បែកជើងវៀតណាម បានឲ្យដឹងថា ប្រទេសវៀតណាមបច្ចុប្បន្ននេះ មានសមត្ថភាព​នាំចេញ​ស្បែកជើង​រហូតដល់​១ពាន់លាន ក្នុងមួយឆ្នាំ ហើយវា​បានធ្វើ​ឲ្យ​ប្រទេសវៀតណាម បានក្លាយជា​ប្រទេស​នាំចេញ​ស្បែក និងស្បែក ជើងធំបំផុតទី២ ក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន។

អ្នកជំនាញ​រូបនេះ បានឲ្យដឹងទៀតថា ចាប់ពីឆ្នាំ​២០២៥ទៅ ឧស្សាហកម្ម​ផលិត​ស្បែកជើងវៀតណាម គឺ​នឹង​មានភាពប្រកួតប្រជែងល្អ ទាំងតម្លៃពលកម្មផលិត បង្កើន​ចំណូលប្រជាជន គោលនយោបាយសេដ្ឋកិច្ច និងទីផ្សារនាំចេញ។ 

អនុប្រធាន​សមាគមស្បែក និងស្បែកជើង វៀតណាមដដែលនេះ បានគូសបញ្ជាក់ទៀតថា ប្រទេសចិន បាននិងកំពុង​បន្ត​គោលនយោ បាយកាត់បន្ថយការលើកទឹកចិត្តការវិនិយោគក្នុងវិស័យ​វាយនភ័ណ្ឌ កាត់ដេរ និងស្បែកជើង  ដោយងាកទៅផ្ដោតលើឧស្សាហកម្ម​បច្ចេកវិទ្យា High-Tech ជំនួសវិញ។ ដូច្នេះ រោងចក្រ​ផលិត​ស្បែកជើង និងកាបូប​កាន់តែច្រើន នឹង​ផ្លាស់ប្តូរទីតាំងផលិតពីប្រទេសចិន មកកាន់វៀតណាម តាមរយៈ​ការទទួលបាន​នូវ​ឱកាស​ដ៏ល្អ ពី​កិច្ចព្រមព្រៀង​វឌ្ឍនភាព និងគ្រប់ជ្រុង ជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP TPP)  ផងដែរ។ 

យ៉ាងណាមិញ នាពេលថ្មីៗនេះដែរ ក៏មាន​រោង ចក្រផលិតស្បែកជើងម៉ាកពិភពលោកល្បីៗជាច្រើន​បានរើទីតាំងផលិត ពីប្រទេសចិន មកកាន់ប្រទេស​ផ្សេងៗទៀត ពិសេស គឺឥណ្ឌូនេស៊ី ដោយសារតែមាន​ហេតុផល​ជាច្រើន​ដែលក្នុងនោះ រួមទាំង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និងចិន។

បើតាម​អ្នកជំនាញសេដ្ឋកិច្ច បានអះអាងថា តម្រូវការ​ស្បែក និងស្បែកជើង​របស់ពិភពលោក នាប៉ុន្មានឆ្នាំ​ចុងក្រោយនេះ មាន​ប្រហែល​២៣ ពាន់លានគូ ហើយ​ប្រទេស​ដែលមានការ​ផលិត​ ​ស្បែកជើងច្រើនជាងគេ​មាន​ដូចជា ចិន ឥណ្ឌា វៀតណាម និងឥណ្ឌូនេស៊ី។

សមាគមស្បែក និងស្បែកជើង​វៀតណាម បានឲ្យដឹងថា ឧស្សាហកម្ម ផលិតផលស្បែក និងស្បែកជើង នឹង​បង្កើនអត្រា​រោងចក្រ​ផលិតក្នុងស្រុក ឲ្យបាន​ដល់​៦០% ខណៈដែល បច្ចុប្បន្ន មាន​៥០%។ ក្នុងន័យនេះ នឹងធ្វើឲ្យ​ការនាំចេញ​ផលិតស្បែក និងស្បែកជើងវៀតណាម នឹងឈរក្នុងលំដាប់​ទី៤ និងការនាំចេញកាបូប ឈរលំដាប់ទី១០ ក្នុងចំណោម​ប្រភេទផលិតផល​នាំចេញ​សំខាន់​ៗទាំង​១០ របស់ប្រទេសនេះ។ 

គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ ការនាំចេញ​ផលិតផល​ស្បែក និងស្បែកជើង​សរុប​របស់វៀតណាម សម្រេចបាន​ជិត ២០ ពាន់លាន​ដុល្លារអាមេរិក កើនឡើង​ជាង​៨% ធៀបនឹងឆ្នាំ២០១៧។ បើតាម​របាយការណ៍ពីសមាគម​ស្បែក និងស្បែកជើង​ដដែល បានគូស​បញ្ជាក់ទៀតថា នៅឆ្នាំនេះ វៀតណាមរំពឹង​កំណើនពី​ការនាំចេញ​របស់​ឧស្សាហកម្មនេះ ក្នុងអត្រា​កំណើន​១០% ស្មើនឹងទំហំនាំ​ចេញជាទឹកប្រាក់​ប្រមាណ ២២ ពាន់លានដុល្លារអាមេរិក៕ 

Close