ព័ត៌មានជាតិ

ចិន នឹងដាក់ការិយាល័យតំណាងក្រុមហ៊ុនគ្រប់គ្រងប្រព័ន្ធផ្កាយរណប Beiduo GPS នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation (CGWIC) របស់រដ្ឋាភិបាលចិនដែលគ្រប់គ្រង និងកំពុងដំណើរការលើ​ប្រព័ន្ធ​ផ្កាយ​រណប Beiduo GPS នៅទូទាំងពិភពលោក កំពុងត្រៀមបើកការិយាល័យតំណាងនៅក្នុងប្រទេសកម្ពុជាដើម្បីប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS នេះនៅ​ក្នុង​តំបន់អាស៊ាន។

ក្រោយការប្រកាសសម្រេចបានភាពជោគជ័យក្នុងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធផ្កាយរណប Beiduo GPS នៅទូទាំងពិភពលោករួចមក ក្រុមហ៊ុនសាជីវកម្មគ្រប់គ្រងប្រព័ន្ធផ្កាយរណប CGWIC បានត្រៀមបើកការិយាល័យតំណាងរបស់ខ្លួនប្រចាំកម្ពុជា ដើម្បីការប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS នេះនៅក្នុងតំបន់អាស៊ាន ចូលរួមក្នុងការធានាសុវត្ថិភាព ការដឹកជញ្ជូន ទាំងផ្លូវគោក និងផ្លូវទឹក។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងជំនួបពិភាក្សាការងារជាមួយនាយកក្រុមហ៊ុនសាជីវកម្ម China Great Wall Industry Corporation (CGWIC) និងគណៈប្រតិភូតាមប្រព័ន្ធវីដេអូពីចម្ងាយ នៅថ្ងៃទី11 ខែឧសភា ឆ្នាំ2021បានសម្តែងនូវការ អបអរសាទរយ៉ាងជ្រាលជ្រៅចំពោះមិត្តចិន ដែលសម្រេចបាននូវសមិទ្ធផលថ្មីមួយទៀតតាមរយៈកិច្ចដំណើរការក្រុហ៊ុនបច្ចេកវិទ្យាដ៏ទំនើបមួយនេះ។

ឯកឧត្តមបានលើកឡើងថា កម្ពុជាបានត្រៀមលក្ខណៈជាស្រេចក្នុងកិច្ចសហការលើការជំរុញការប្រើប្រាស់ប្រព័ន្ធផ្កាយរណប GPS Beidou នៅកម្ពុជា ដើម្បី​ជាប្រយោជន៍ដល់ការដឹកជញ្ជូន ហើយក៏គ្រោងនឹងលើកយកប្រធានបទនេះទៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន​បូកកូរ៉េ កិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបូកចិន និងកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានបូកជប៉ុន ដែលកម្ពុជា គ្រោងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែវិច្ឆិកា ឆ្នាំ2021 នៅលើទឹកដីអង្គរដោយផ្ទាល់ប្រសិនបើស្ថានភាពជំងឺកូវីដ-19មានភាពធូរស្រាល ឬតាមប្រព័ន្ធវីដេអូពីចម្ងាយ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានសំណូមពរឱ្យក្រុមហ៊ុនជំរុញការបំពាក់ BeiDou GPS 550គ្រឿង ដែលបានគ្រោងទុកនោះឱ្យបានទាន់ពេលវេលា ដើម្បីក្រសួង​អាចយកជាបទពិសោធន៍ និងមានមូលដ្ឋានដើម្បីជំរុញការប្រើប្រាស់នៅកម្ពុជា ព្រមទាំងអាចប្រើប្រាស់ដើម្បីពិភាក្សា ជាមួយរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន​នាចុង​ឆ្នាំ2021ខាងមុខនេះ

ប្រព័ន្ធ Beidou GPS មានសារប្រយោជន៍អាចចូលរួមចំណែកក្នុងការ ស្វែងរកដំណោះស្រាយលើការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការដឹកជញ្ជូនទំនិញ​លើស​ទម្ងន់កម្រិតកំណត់ដោយច្បាប់ ការបើកបរហួសល្បឿនកំណត់ដោយច្បាប់ និងការតាមដានយានយន្តមិនចូលទៅក្នុងស្ថានីយថ្លឹងទម្ងន់ជាដើម។ តាមរយៈ​ការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់នៃប្រព័ន្ធ BeiDou GPS នឹងផ្តល់ដង្ហើមជីវិតថ្មីទៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជាសមស្រប​ជាមួយ​នឹង​យុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិនផងដែរ។

គួររំលឹកថា ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុនសាជីវកម្ម China Greពីការជំរុញប្រព័ន្ធ BeiDou GPS បច្ចេកវិទ្យាចាប់រលកសញ្ញាពីចម្ងាយ (Remote Sensing) និងប្រព័ន្ធផែនទីផ្លូវ​ថ្នល់​នៅព្រះរាជាណាចក្រកម្ពុជាតាំងពីថ្ងៃទី25 ខែវិច្ឆិកា ឆ្នាំ2020៕

Close