ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះស្រុកកែវសីមា រឹបអូសឈើសុក្រំខុសច្បាប់ជាង៤០កំណាត់ ដែលឈ្មួញខិលខូច ត្រៀមដឹកយកទៅលក់នៅប្រទេសវៀតណាម

ឈើសុក្រំជាច្រើនកំណាត់ ត្រូវបានសមត្ថកិច្ចចម្រុះធ្វើការបង្ក្រាបនិងរឹបអូស កាលពីវេលាម៉ោង៧ និង ៣០ នាទីព្រឹកមិញនេះ នៅចំណុចភូមិអូរត្រូន ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយលោក អឿន សុខណា
អភិបាលរងស្រុកកែវសីមា សហការជាមួយ លោក ធន់ រឿន មេបញ្ជាការអាវុធហត្ថស្រុក មន្ត្រីបរិស្ថាន មន្រ្តីនគរបាល បានចុះទៅធ្វើការបង្ក្រាបនិងរឹបអូសឈើសុក្រំ ឡាំងបួនជ្រុងបានជាង៤០កំកំណាត់ ដែលជនខិលខូចលួចកាប់បំផ្លាញនិងដឹកជញ្ជូនចេញពីតំបន់អភិរក្សសត្វព្រៃកែវសីមា ហើយយកមកលាក់ទុកនៅចំណុចក្រោយភូមិអូរត្រូន និងត្រៀមដឹកជញ្ជូនបន្តយកទៅលក់នៅឯប្រទេសវៀតណាម តាមច្រករបៀងតូចៗនៃខ្សែបន្ទាត់ព្រំដែន។

ឈើសុក្រំទាំងអស់ដែលសមត្ថកិច្ចរឹបអូស ត្រូវបានដឹកយកទៅរក្សាទុក នៅស្នាក់ការអភិរក្សបរិស្ថានកែវសីមា ដើម្បីធ្វើការវាស់វែង កសាងឯកសារនិងស្រាវជ្រាវរកមុខជនល្មើស បញ្ជូនសំណុំទៅតុលាការ ចាត់ការតាមនីតិវិធី៕

Close