ព័ត៌មានជាតិ

មន្ត្រីនគរបាលខេត្តស្វាយរៀងរង់ចាំមើលថា តើក្រសួងមហាផ្ទៃ និងACU ហ៊ានចាត់ការលោក កឹង ឃន ជាមេពុករលួយដុះស្លែ ដែរឬទេ?

ទំនាក់ទំនងការផ្សាយៈ០៧១ ៧៨៨៨ ៣៤៥
ក្រោយពីមន្ត្រីនគរបាលជាង២០នាក់ បានចុះហត្ថលេខារួមគ្នាទាមទារឱ្យក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេត អំពើពុករលួយរបស់លោក កឹង ឃន ស្នងការខេត្តស្វាយរៀង កាលពីដើមខែមីនាកន្លងទៅ ខណៈនេះមានមន្រ្តីនគរបាលខេត្តស្វាយរៀងជិត៤០នាក់ទៀត ក៍បានចុះហត្ថលេខារួមគ្នាទាមទារឱ្យក្រសួងមហាផ្ទៃ និងអង្គភាពប្រឆាំងអំពើពុករលួយស៊ើបអង្កេត អំពើពុករលួយដុះស្លែជាយូរមកហើយ និងបានប្រើអំណាចគំរាមកំហែងជេរប្រមាថមន្ត្រីថ្នាក់ក្រោម ។

តាមលិខិតចំហ៣ទំព័រ របស់មន្រ្តីនគរបាលខេត្តស្វាយរៀង ទាំង៣៦នាក់ថ្មីទៀតនោះ បានចោទប្រកាន់លោក កឹង ឃន ស្នងការខេត្តស្វាយរៀង ថាមានលុយរាប់សិបលានដុល្លារ និងទ្រព្យសម្បត្តិមហាសាលមិនប្រក្រតី ដោយសារប្រព្រឹត្តអំពើពុករលួយដល់ឆ្អឹងជាច្រើនឆ្នាំមកហើយ។

ក្នុងលិខិតដដែលនោះបានអះអាងថា កាលពីអំឡុងឆ្នាំ១៩៩៣ ស្នងការរូបនេះ ជាក្រុមចោរលួចរថយន្តរបស់អង្គការ យូអិន (UN) ឬហៅថា អ៊ុនតាក់ យកទៅលក់នៅប្រទេសវៀតណាមរាប់សិបគ្រឿង។ ទន្ទឹមនឹងនេះ លោក កឹង ឃន ក៏ធ្លាប់បាញ់ប្រពន្ធខ្លួនឯងឱ្យរបួសធ្ងន់បញ្ជូនទៅព្យាបាលនៅប្រទេសវៀតណាម និងធ្លាប់យកកាំភ្លើងបាញ់កូនចៅខ្លួនឯងឱ្យរបួសធ្ងន់ដែរ។

បន្ថែមលើនោះ លោក កឹង ឃន ហ៊ានលើកបន្តុបកូនប្រុសខ្លួនឈ្មោះ ឃន រាជសម្បត្តិ ជាស្នងការរងទទួលបន្ទុកកិច្ចការព្រំដែន និងបក្ខពួកខ្លួនមួយចំនួនទៀតគ្រប់គ្រងច្រកព្រំដែនកម្ពុជា-វៀតណាម ឬហៅថា កន្លែងខ្លាញ់ដើម្បីប្រមូលលុយពីជនជាតិវៀតណាមដឹកទំនិញចូលកម្ពុជា។ ស្នងការខេត្តស្វាយរៀង លោក កឹង ឃន បានសណ្ដោងបក្សពួកជាប្រព័ន្ធគាបសង្កត់មន្ត្រីក្រោមឱវាទ ធ្វើទុក្ខបុកម្នេញមន្ត្រីស្មោះត្រង់គ្រប់រូបភាព។

លើសពីនេះស្នងការរូបនេះតែងលាបពណ៌មន្ត្រីល្អៗ ថាជាក្រុមប្រឆាំងខ្លួន។មន្រ្តីនគរបាលខេត្តស្វាយរៀងម្នាក់បារម្ភថា ស្នងការខេត្តស្វាយរៀងលោក កឹង ឃន អាចនឹងជះលុយរាប់ម៉ឺនដុល្លារពឹងមន្ត្រីថ្នាក់ជាតិមួយចំនួនឱ្យជួយអន្តរាគមន៍ កាងអំណាចឱ្យខ្លួន និងលុបលាងអំពើពុករលួយរបស់ខ្លួន ខណៈដែលស្នងការរូបនេះបានបាត់មុខពីខេត្តទៅរាជធានីភ្នំពេញអស់មួយរយៈ។

លោក កឹង ឃន ដែលត្រូវបានក្រសួងមហាផ្ទៃតែងតាំងជាស្នងការខេត្តស្វាយរៀងតាំងពីឆ្នាំ២០១២មកនោះ មកទល់ពេលនេះ មានមន្រ្តីនគរបាលខេត្តស្វាយរៀង ៥៧នាក់ហើយ ដែលចុះហត្ថលេខាចោទស្នងការខេត្តស្វាយរៀងរូបនេះ ថាបានប្រព្រឹត្តអំពើពុករលួយជាច្រើន បក្សពួកនិយម និងដំឡើងឋានន្តរស័ក្ដិមិនប្រក្រតី ដែលជាហេតុធ្វើឱ្យនគរបាលថ្នាក់ក្រោមជាច្រើនឈឺចាប់ពីភាពអយុត្តិធម៌៕

Close