ព័ត៌មានជាតិ

របប​យោធា​ភូមា​ដោះ​លែង​អ្នក​ទោស​ ២៣ ០០០នាក់​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី

ថ្ងៃ១៧ ខែមេសា ឆ្នាំ២០២១
ជាទម្លាប់​ រដ្ឋាភិបាល​ភូមា​ផ្តល់​ការ​លើកលែង​ទោសដល់​អ្នកទោស​រាប់ពាន់​នាក់​ដើម្បី​ប្រារព្ធ​ពិធី​ឈប់​សម្រាកបុណ្យ​ចូលឆ្នាំថ្មី​តាម​ប្រពៃណីព្រះពុទ្ធ​សាសនា​។ ការ​ដោះលែង​អ្នកទោស​កាលពីឆ្នាំទៅមិញ​ប្រព្រឹត្តទៅ​ដោយ​មាន​ការ​សាទរ​ប្រកប​ដោយ​ក្តីរីករាយ​អម​ជាមួយ​ល្បែងបាញ់ទឹក​ដាក់គ្នា​របស់​ប្រជាជន​ភូមា​។
ប៉ុន្តែ​ បរិយាកាស​នៅឆ្នាំ​ ២០២១នេះ​ បាន​ផ្លាស់ប្តូរ​លែង​រីករាយ​ដូចមុន​ទៀតហើយ​ ដោយសារ​ពួក​យោធា​បាន​បណ្តេញ​មេដឹក​នាំ​ស៊ីវិល​លោកស្រីអ៊ុង​ សានស៊ូជី​ និង​ឡើងកាន់​អំណាច​វិញ​។ ក្រុម​សកម្មជន​ប្រឆាំងរដ្ឋប្រហារ​បានប្រើ​ថ្ងៃឈប់​សម្រាក​ក្នុងពេល​ប្រារព្ធបុណ្យចូលឆ្នាំថ្មីនេះ​ ជាឱកាស ដើម្បី​ប្រឆាំង​នឹង​ការ​សម្លាប់​ជនស៊ីវិល​ដែលកំពុង​កើនឡើង​ និង​ការ​ចាប់ខ្លួន​មនុស្សជាច្រើន​ផ្សេងទៀត។

គេនៅ​មិនទាន់ច្បាស់នៅឡើយទេ​ថាតើ​ ក្រុមអ្នកតវ៉ា​ប្រឆាំង​នឹង​របបយោធា​ ឬ​អ្នកកាសែត​ ដែល​ជាប់​ពន្ធនាគារ​ ដោយសារ​បាន​យក​ព័ត៌មាន​អំពី​ការ​ធ្វើរដ្ឋប្រហារ​ នឹង​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែលត្រូវបានដោះលែងនោះទេ​ឬក៏អត់​។

មន្ត្រី​ពន្ធនាគារ​ភូមាម្នាក់​បាន​ប្រាប់ទីភ្នាក់ងារ ព័ត៌មាន​ AFP ក្នុង​លក្ខខណ្ឌ​សុំមិន​បញ្ចេញ​ឈ្មោះ​ថា ពន្ធនាគារនៅទូទាំងប្រទេស​នឹង​ចាប់ផ្តើមដោះលែងអ្នកទោស​ជាង​ ២ ៣០០០ នាក់​នៅថ្ងៃសៅរ៍នេះ​។

គួរជម្រាបជូនថា​ រហូតមកទល់នឹងពេលនេះ ​ប្រទេសភូមា​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​របប​យោធាអស់​រយៈពេល ១១ សប្តាហ៍ហើយ​។ យោងតាម​សមាគម​ជំនួយ​អ្នក​ទោស​នយោបាយ (AAPP) ចាប់​ពី​ថ្ងៃ​១ កុម្ភៈ​មក បាតុករ​ភូមា​ស្លាប់អស់​ជាង ​៧០០ ​នាក់ ហើយ​មនុស្សជាង​ ៣ ១០០ នាក់ដែល​ភាគច្រើន​នៃពួកគេ​ជា​សកម្មជនប្រឆាំងរដ្ឋប្រហារ​ ត្រូវ​បាន​ចាប់ឃុំខ្លួន​។

ខណៈការប្រកាសពី​គម្រោងដោះលែងអ្នកទោសជាច្រើននាក់​ មេដឹកនាំ​យោធា​លោកឧត្តមសេនីយ៍មីន អ៊ុងឡាំង បាន​អះអាងដែរថា​ នឹង​ចូលរួម​ជាមួយ​មេដឹកនាំ​អាស៊ីអាគ្នេយ៍​ នៅ ក្នុង​កិច្ចប្រជុំកំពូលពិសេសមួយ​ ដែលរៀបចំ​ឡើង​នៅឯ​ក្រុ​ង​ហ្សាការតា​ប្រទេសឥណ្ឌូណេស៊ី​នាសប្តាហ៍ក្រោយ​។ ហើយវា​នឹងក្លាយជាដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើក​ដំបូង​បង្អស់របស់មេដឹក នាំរដ្ឋប្រហារ​ចាប់​តាំងពី​យោធា​បាន​ទម្លាក់មេ ដឹកនាំស៊ីវិលលោកស្រី អ៊ុង សានស៊ូជី​៕

Close