ព័ត៌មានជាតិ

កម្ពុជា មាន​សត្វត្មាត​៣​ប្រភេទ ដែល​កំពុង​រងគ្រោះ​ជិតផុត​ពូជ​ក្នុង​ពិភពលោក

នៅ​ប្រទេស​កម្ពុជា​​ មាន​សត្វ​ត្មាត​ចំនួន៣​ប្រភេទ ដែល​ជា​ប្រភេទ​កំពុង​រង​គ្រោះ​ជិត​ផុត​ពូជ​ក្នុង​ពិភពលោក​ គឺ ត្មាត​ភ្លើង​ ត្មាត​ផេះ និង​ត្មាត​ត្នោត​។ នេះ​បើតាម​ការ​ឱ្យដឹង​ពី​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ (WWF-Cambdoia) នៅ​ថ្ងៃទី​២៣ ខែ​សីហា​នេះ។

អង្គការ​នេះ បាន​លើកឡើង​ថា សត្វ​ត្មាត​ជួយ​សម្អាត​បរិស្ថាន​ ដោយ​ស៊ី​សាក​សព​សត្វ​ដែល​ងាប់​ស្អុយ​រលួយ​ក្នុង​ព្រៃ ឬ​ក្បែរ​សហគមន៍​។ ពេល​សត្វ​ត្មាត​ស៊ី​សាក​សព​សត្វ​អស់ វា​ជួយ​ការ​ពារ​មិន​ឱ្យ​មាន​ក្លិន​ស្អុយ និង​ជំងឺ​នានា​ ឆ្លង​ដល់​អ្នក​ភូមិ​ និង​សត្វ​ពាហនៈ ក្នុង​សហគមន៍​បាន​ឡើយ។

អង្គការ WWF បាន​សរសេរ​នៅលើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​យ៉ាង​ដូច្នេះ​ថា៖ «សត្វ​ត្មាត​ការ​ពារ​សហគមន៍ និង​ប្រជា​ពល​រដ្ឋ​។ សត្វ​ត្មាត​នាំ​សំណាង​! រួម​គ្នា​ការ​ពារ​សត្វ​ត្មាត​ ដោយ​មិន​បរិភោគ​សាច់​សត្វ​ព្រៃ​ និង​មិន​ប្រើ​ប្រាស់​ថ្នាំ​បំពុល​សត្វ​ព្រៃ»។

បើតាម​របាយការណ៍​របស់​អង្គការ WCS Cambodia បង្ហាញថា ចំនួន​សត្វ​ត្មាត​នៅកម្ពុជា ក្នុងឆ្នាំ​២០១៧ គឺមាន​តែ ១២១ក្បាល​តែ​ប៉ុណ្ណោះ ដែល​ជា​ចំនួន​ដ៏ទាប​បំផុត​នៅក្នុង​កំណត់ត្រា​ចាប់តាំង​ពីឆ្នាំ​២០០៣មក។ អង្គការ​នេះ​បញ្ជាក់​ថា សត្វត្មាត​នៅ​កម្ពុជា ក៏​កំពុងតែ​ទទួលការ​គំរាមកំហែង​ដោយសារ ការ​បាត់បង់​ទីជម្រក និង​កង្វះខាត​ចំណី​អាហារ​ដោយសារ​ការ​ធ្លាក់ចុះ​នៃ​ចំនួន​សត្វក្រចក​ជើង២ និង​ហ្វូងគោ​សាទិស​ស្រុក។ ចំណែក​ការ​បំពុល ក៏​ប្រហែល​ជាការ​គំរាម​កំហែង​ដ៏ខ្លាំង​បំផុត ចំពោះ​ហ្វូង​សត្វតា្មត​នៅ​កម្ពុជា​ផងដែរ៕

Close