ព័ត៌មានជាតិ

សង្វៀនជល់មាន់ លៀងល្បែងសុីសង បៀរ អាប៉ោង យូគី ក្នុងខេត្តរតនគិរី បើកលេងវិញហើយ ហាក់ដូចចំអកឡកសមត្ថភាពដឹកនាំរបស់លោក យិន ចំណាន ស្នងការនគរបាលខេត្តចំៗតែម្តង!

ទំនាក់ទំនងការផ្សាយៈ០៧១ ៧៨៨៨ ៣៤៥
ខេត្តរតនគិរីៈ សង្វៀនជល់មាន់ មានបង្កប់ល្បែងស៊ីសងបៀរ អាប៉ាង និងយូគី បានបើកដំណើរការយ៉ាងគគ្រឹកគ្រេងឡើងវិញហើយ បន្ទាប់ពីកម្លាំងស្នងការរដ្ឋានខេត្តរតនគិរីបង្ក្រាបបានមួយដង្ហើមចង្រឹត ដោយបើកលេងភ្នាល់កាន់តែធំជាងមុន ទំនងចង់ផ្គើនសមត្ថភាពដឹកនាំរបស់លោក យិន ចំណាន ស្នងការខេត្តយ៉ាងជាក់ស្តែងតែម្តង ថាការបង្រ្កាបគន្លងមកគឺគ្មានប្រសិទ្ធភាពឡើយលើមេវង់ល្បែងមួយនេះ នេះបើតាមការលើកឡើង របស់ពលរដ្ឋដែលរស់នៅក្បែរនោះ។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានស្រុអូរយ៉ាដាវ បានរាយការណ៍មកថា ទីតាំងស្វៀនជល់មាន់ដ៏ធំសម្បើមដុះស្លែនេះ គឺស្ថិតនៅក្នុងចំការស្វាយចន្ទី ចំណុចចន្លោះបង្គោលឡាក់លេខ១៣០ ផ្លូវជាតិលេខ៧៨A ក្នុងភូមិប៉ាជន ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលមានមេការល្បែងឈ្មោះ តន និងមានដង្ខៅល្បែង ជាអតីមន្ត្រីនគរបាលដ៏មានលុយ និងមានអំណាចប្រចាំខេត្តរតនគិរីម្នាក់ ជាអ្នកចាំសម្របសម្រួលជាមួយកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីដំណើរការបើកលេងភ្នាល់ ដកតុង បែងចែកផលប្រយោជន៍គ្នា។

ពលរដ្ឋដែលរស់នៅក្បែរទីតាំងសង្វៀនជល់មាន់នេះ បានសម្តែងការអស់សង្ឃឹមនិងមិនពេញចិត្ត ចំពោះចំណាត់ការរបស់កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ថាអាចបង្ក្រាបល្បែងសុីសងខុសច្បាប់ក្នុងសង្វៀនជល់មាន់ខាងលើនេះឲ្យវិនាសសាបសូន្យបានទេ បើលោក យិន ចំណាន ស្នងការនគរបាលខេត្ត គ្មានវិធានការច្បាប់តឹងរុឹងលើមន្ត្រីនគរបាលខិលខូចក្រោមអំណាចរបស់ខ្លួននោះ។ ពលរដ្ឋខាងលើបន្ថែមថា ដូចឃើញស្រាប់ថាសង្វៀនជល់មាន់ លេងល្បែងភ្នាល់មួយនេះ មានអំណាចបិទ បើកលេងភ្នាល់ ហ៊ោរកញ្រៀវ យ៉ាងគគ្រឹកគគ្រេងដោយគ្នានច្បាប់ទម្លាប់ឡើយ ហើយបើមានកម្លាំងសមត្ថកិច្ចចុះមកបង្ក្រាបម្តងម្កាល ម្ចាស់ង្វៀនហាក់ដឹងខ្លួនជាមុន ជម្លៀសអ្នកលេងល្បែងភ្នាល់ធំៗចេញអស់ ទុកតែពួកលក់សណ្តែកដីឲ្យរត់កាត់ព្រៃចំការតាមតែព្រេងសំណាង អ្នករត់មិនរួចជាប់អន្ទាក់សមត្ថកិច្ច តាមរបៀប (ខ្មោចស្រុកឲ្យដៃ ខ្មោចព្រៃដឹងមុន) ពោលគឺដូចចម្រៀងមួយឃ្លាថា ក្របីសុីស្រូវបងមិនសូវហ៊ានដេញ ក្របីដីចេញបងដេញឲ្យស្រីមើល តែប៉ុណ្ណោះ។

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តរតនគិរី សំណូមពរដល់លោក យិន ចំណាន ស្នងការនគរខេត្តរតនគិរី បង្ហាញសមត្ថភាពដឹកនាំច្បាស់លាស់ បើកការស៊ើបអង្កេតលើមន្ត្រីនគរបាលក្នុងមូលដ្ឋាន ជាពិសេសមន្ត្រីនគរបាលពាក់ព័ន្ធក្នុងស្រុកអូរយ៉ាដាវ ដែលនាំឲ្យសង្វៀនជល់មាន់ភ្នាល់ល្បែងខាងលើអាចបើកដំណើរការលេងល្បែងខុសច្បាប់ បានជាថ្មីឡើងវិញ ដើម្បីរក្សាបាននូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងដំណាក់កាលនៃការរីករាលដាលនៃជំងឺcovid-19 ដែលកំពុងញុាំញីលើសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋខ្មែរនាពេលបច្ចុប្បន្ន៕

Close