ព័ត៌មានជាតិ
មេការហាងម៉ាស្សាជនជាតិវៀតណាម ដែលធ្វើទារុណកម្មស្រ្តីបំរើផ្លូវភេទម្នាក់រហូតស្លាប់ ត្រូវបានតុលាការសម្រេចឃុំខ្លួន
ភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ វិច្ឆិកា នេះបាសម្រេចឃុំខ្លួនបុរសនិងស្ត្រីជនជាតិវៀតណាម ដែលជាអ្នកមើលការខុសត្រូវហាងកោជប់ ពីបទឃាតកម្ម ។
ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងចូវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម មុខរបរ អ្នកមើលការខុសត្រូវស្រីបម្រើផ្លូវភេទក្នុងហាងម៉ាស្សាកោសជប់ ស្នាក់នៅផ្ទះលេខ១៥៨ ផ្លូវ៥៩៨ ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងឈ្មោះ ង្វៀង ធីយុង ហៅ ចិន ស៊ីណេត ភេទស្រី អាយុ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ឥវ៉ាន់ ស្នាក់នៅផ្ទះលេខ១៥៩ ផ្លូវ៥៩៨ ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវបានតុលាការចោទពីបទ«ហឹង្សារដោយចេតនា មានស្ថានទម្ងន់ទោស ដោយសារមរណភាពជនរងគ្រោះ» ។
ពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ បន្ទាប់ពីធ្វើទារុណកម្មរហូតដល់ស្លាប់ទៅលើឈ្មោះ ង្វៀង ធីយុង អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរស្រីបម្រើផ្លូវភេទ ស្នាក់នៅផ្ទះលេខ១៥៨ ផ្លូវ៥៩៨ (តំបន់ត្រឡោកបែក) ភូមិ១៦ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រួចដឹកយកទៅទម្លាក់ចោល នៅក្នុងវត្តទឹកថ្លាកាលពីយប់ថ្ងៃទី១៥ វិច្ឆិកា ឆ្នាំ ២០១៨ នោះ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើទារុណកម្មនារីរងគ្រោះ រហូតដល់ស្លាប់ រួចដឹកយកទៅទម្លាក់ចោលក្នុងវត្តទឹកថ្លាមែន ដោយសារតែនារីរងគ្រោះមិនព្រមដេកជាមួយភ្ញៀវ ៕ PLK