ព័ត៌មានជាតិ

សម្តេចនាយករដ្ឋមន្រ្តី បញ្ជាឲ្យពិនិត្យដកមេបញ្ជាការយោធាខេត្តព្រះសីហនុ និងគម្រាមដកតំណែងអភិបាលរងខេត្តដែលពាក់ព័ន្ធនឹងបញ្ហាដីធ្លី

ទំនាក់ទំនងការផ្សាយៈ០៧១ ៧៨៨៨ ៣៤៥
នៅក្នងកិច្ចប្រជុំប្រចាំឆមាសរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈនេះ គណបក្សខ្មែរក្រោកបានលើឡើងពីការសោកស្តាយ ចំពោះលទ្ធផលនៃការប្រើអំពើហឹង្សានៃការចុះអនុវត្តន៍សាលដីការតុលាការកំពូលលេខ(៣៤៨ឈ)នៅភូមិគគីរ ឃុំបិត ត្រាំង ស្រុកព្រៃនប់ កាលពីថ្ងែទី២៤ ខែមករាកន្លងទៅនេះ ដែលដឹកនាំបញ្ជាដោយលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ហើយដែលការអនុវត្តនេះមានជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍បុគ្គលមានលុយនិងមានអំណាចមួយចំនួន។

តាមលោក សុខសុវណ្ណ វឌ្ឍនាសាពង្ស ប្រធានបក្សខ្មែរក្រោកថា បញ្ហានេះសម្តេចតេជោបានឆ្លើយតបភ្លាមៗថា លោកមានការសោកស្តាយ ហើយលោកបញ្ជាផ្ទាល់ ឲ្យពិនិត្យដកមេបញ្ជការយោធាខេត្តព្រះសីហនុពីតំណែង។មិនតែប៉ុណ្ណោះ សម្តេចតេជោ នូវបានគម្រាមដកតំណែងចោល អភិបាលរងខេត្តព្រះសីហនុដែលជាប់ពាក់ព័ន្ធនឹងបញ្ហាដីធ្លីផងដែរ។

ប៉ុន្តែមកដល់ពេលនេះ លោក សាវិន វិបុល មេបញ្ជាការយោធាសឹករងខេត្តព្រះសីហនុ នៅមិនទាន់មានសញ្ញាណណាមួយថា ត្រូវដកចេញពីតំណែងនៅឡើយទេ ទោះបីត្រូវបានគេដឹងថា លោកមេបញ្ជាការរូបនេះ កន្លងមកតែងដាក់កងកម្លាំងរបស់ខ្លួនការពារដីនៅក្នុងតំបន់ទេសចរណ៍ក្បាលនាគរាជតេជោនេះ និងតែងប្រើកងកម្លាំងបាញ់បោះសេរីគម្រាមពលរដ្ឋ ជាម្ចាស់ដីក៏ដោយ។

ដោយឡែក អភិបាលរងខេត្តព្រះសីហនុចំនួនពីរនាក់ ដែលល្បីល្បាញពាក់ព័ន្ធនឹងផលប្រយោជន៍លើបញ្ហាដីធ្លីយ៉ាងចម្រូងចម្រាស់នៅក្នុងខេត្តនេះ គឺលោក ផៃ ប៊ុនវណ្ណៈ និងលោក ស៊ុន ស្រ៊ន់ ក៏រដ្ឋាភិបាលនូវមិនទាន់មានចំណាត់ការយ៉ាងណានៅឡើយដែរ។

ពលរដ្ឋក្នុងខេត្តព្រះសីហនុ សំណូមពរដល់ប្រមុខរដ្ឋាភិបាល បើកការ ស្រាវជ្រាវ សិក្សាលើភាពមិនប្រក្រតីមួយចំនួនរបស់រដ្ឋបាលខេត្តព្រះសីហនុក្នុងការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងសង្គ្រាមដីធ្លីដែលកំពុងឆេះរាលយ៉ាងសន្ធោសន្ធៅក្នុងខេត្តមួយនេះ។

ទាក់ទងនឹងបញ្ហាខាងលើនេះ គេហទំព័រពន្លឺខ្មែរ មិនអាចសុំការបកស្រាយ ពីលោក សាវិន វិបុល មេបញ្ជាការសឹករងខេត្ត និង លោក ផៃ ប៊ុនវណ្ណៈអភិបាលរងខេត្តព្រះសីហនុបាននៅឡើយទេ ដោយសារគ្មានអ្នកលើកទូរស័ព្ទ៕

Close