ព័ត៌មានជាតិ
អតីតប្រធានមន្ទីររៀបចំដែនដីខេត្តស្ទឹងត្រែង រង់បទចោទប្រកាន់ក្លែងបន្លំឯកសារ ចេញបណ្ណកម្មសិទ្ធិលើដីព្រៃស្រោងជាង៥០០ហិកតា
ស្ទឹងត្រែងៈ តុលាការខេត្តស្ទឹងត្រែងកំពុងដំណើរការនីតិវិធីស្រាវជ្រាវ និងប្រមូលភ័ស្ដុតាងពាក់ព័ន្ធករណីចេញបណ្ណកម្មសិទ្ធិមិនប្រក្រតីលើផ្ទៃដីព្រៃស្រោងជាង ៥០០ ហិកតានៅស្រុកថាឡាបរិវ៉ាត់ ដោយចោទប្រកាន់អតីតប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីនៃខេត្តនេះពីបទក្លែងបន្លំឯកសារ ដែលបានចេញបណ្ណកម្មសិទ្ធិនេះ។
លោក យ៉ា ណារិន ប្រធានតុលាការខេត្តស្ទឹងត្រែងប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា លោក លី ឧសភា បច្ចុប្បន្នប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តរតនគិរីត្រូវបានលោក ជេត ខេមរា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែងចោទប្រកាន់ពីបទ «ក្លែងបន្លំឯកសារសាធារណ:» តាមមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌពាក់ព័ន្ធការចេញបណ្ណកម្មសិទ្ធិមិនប្រក្រតីលើផ្ទៃដីព្រៃស្រោងរបស់រដ្ឋចំនួន ៥២៨ ហិកតា ឱ្យទៅបុគ្គលម្នាក់ក្នុងអំឡុងពេលគាត់នៅជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្ទឹងត្រែង។
ការចោទប្រកាន់នេះ បានធ្វើឡើងកាលពីថ្ងៃទី ១៣ ខែ សីហា ឆ្នាំ ២០២០ ក្រោយពេលគណ:កម្មការចម្រុះនៃគណៈបញ្ជាការឯកភាពខេត្តស្ទឹងត្រែង បានចុះបង្ក្រាបករណីកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនៅទូទាំងខេត្តស្ទឹងត្រែង និងបានអង្កេតស្រាវជ្រាវរកឃើញ ឈ្មោះ លី ឧសភា បានចេញបណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីមិនប្រក្រតីចំនួន ៧៧ បណ្ណ លាតសន្ធឹងលើផ្ទៃដី អភិរក្សជីវចម្រុះព្រៃការពារ ព្រៃស្រោងចំនួន ៥២៨ ហិកតា ស្ថិតនៅឃុំចំនួន ២ គឺនៅឃុំសំអាង និងឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោក យ៉ា ណារិន បញ្ជាក់ថា៖ «នៅពេលនេះ យើងកំពុងដំណើរការនីតិវិធីស៊ើបអង្កេត និងប្រមូលភ័ស្ដុតាងឱ្យបានពេញលេញមុនឈានដល់ការចេញដីកាបង្គាប់ឱ្យឃាត់ និងឃុំខ្លួនជាបណ្ដោះអាសន្ន ព្រោះសំណុំរឿងនេះមានលក្ខណៈស្មុគស្មាញបំផុត ហើយវាក៏មិនមែនជាបទល្មើសជាក់ស្ដែងនោះទេ»។
បើតាមលោក ណារិន តុលាការទទួលបានតម្រុយ ឬពន្លឺមួយចំនួនពីដីកាសន្និដ្ឋានរបស់អយ្យការសម្រាប់ការស៊ើបអង្កេតរឿងនេះ។
យោងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរលេខ ២២៧ ចុះថ្ងៃទី ១៣ ខែ សីហា ឆ្នាំ
២០២០ របស់លោក ជេត ខេមរា ព្រះរាជអាជ្ញានៃសាលាដំបូងខេត្តស្ទឹងត្រែង ឈ្មោះ លី ឧសភា បានចេញបណ្ណកាន់កាប់ដីធ្លីលើដីព្រៃស្រោងតំបន់ការពារអភិរក្សជីវចម្រុះដោយមិនមានដីអាស្រ័យផលរបស់ប្រជាពលរដ្ឋនោះទេ ហើយក៏មិនមានការផ្ទេរកម្មសិទ្ធិពីមួយទៅមួយដែរគឺចេញបណ្ណកម្មសិទ្ធិឱ្យចំពោះបុគ្គលតែម្នាក់ប៉ុណ្ណោះ។
តាមរយៈដីកាសន្និដ្ឋាននោះលោកព្រះរាជអាជ្ញាបានស្នើឱ្យមាន «ការឃាត់ និងឃុំខ្លួន» លោក ឧសភា ជាបណ្ដោះអាសន្នដោយចោទប្រកាន់ពីបទ «ក្លែងបន្លំឯកសារសាធារណ:» តាមមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌដើម្បីធានារក្សាជនត្រូវចោទឱ្យតុលាការចាត់ការតាមនីតិវិធីនៃច្បាប់។
ពាក់ព័ន្ធករណីនេះលោក លី ឧសភា មិនអាចទាក់ទងសុំការបំភ្លឺបានទេពីម្សិលមិញ ដោយទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកលើក។
យ៉ាងណាក៏ដោយលោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ឥឡូវបណ្ណកម្មសិទ្ធិដែលមានភាពមិនប្រក្រតីទាំងនោះត្រូវបានក្រសួងសម្រេចទុកជាមោឃភាព និងលុបចេញពីបញ្ជីទិន្នន័យក្បាលដីរួចហើយ។
លោក សេង ឡូត ថ្លែងថា៖ «កាលពីថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២០ ក្រសួងបានពិនិត្យស្រាវជ្រាវ និងបានសម្រេចចាត់វិធានការដោយទុកជាមោឃ:នូវបណ្ណកម្មសិទ្ធិមិនប្រក្រតីទាំង ៧៧ ក្បាលដី ដែលចេញលើដីព្រៃស្រោងរបស់រដ្ឋនោះហើយព្រមទាំងលុបចោលទិន្នន័យពីក្នុងប្រព័ន្ធមូលដ្ឋានទិន្នន័យសុរិយោដីផងដែរ»។
យោងតាមលិខិតរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចុះថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០២០ ដែលចុះហត្ថលេខាដោយលោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីបានរកឃើញថា ក្នុងចំណោមក្បាលដីទាំង ៧៧ មានក្បាលដីចំនួន ៦៤ ត្រូវបានចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ។ ក្បាលដីចំនួន ១២ គ្មានទិន្នន័យ និងក្បាលដីលេខ ០៨៩៤ (ភូមិអន្លង់ជ្រៃ) មានតែក្បាលដីក្នុងប្លង់សុរិយោដី តែពុំមានកត់ត្រានៅក្នុងបញ្ជីឈ្មោះម្ចាស់ដី សៀវភៅគោលបញ្ជីដី និងបណ្ណកម្មសិទ្ធិ ។
លោក ឆាន់ សាផាន បានបញ្ជាក់ក្នុងលិខិតនោះថា៖ «ក្នុង [ការចុះបញ្ជី] និងចេញបណ្ណកម្មសិទ្ធិទាក់ទងនឹងក្បាលដីទាំង ៧៧ ពិតជាមានភាពមិនប្រក្រតី ដោយមិនស្របតាមគោលការណ៍ និងនីតិវិធីពាក់ព័ន្ធជាធរមានឡើយ»។
ក្នុងលិខិតនោះលោក សាផាន រៀបរាប់ដោយលម្អិតថា ដីដែលត្រូវបានចុះបញ្ជី និងចេញបណ្ណជាដីព្រៃសុទ្ធសាធដែលគ្មានការកាន់កាប់អាស្រ័យផលជាក់ស្តែង។ ឯកសារនៃការវិនិច្ឆ័យត្រូវបានរៀបចំកសាង ដោយមានការគ្រោងទុក និងបញ្ចូលទិន្នន័យដោយលួចលាក់ក្នុងអំឡុងពេលបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ និងកែតម្រូវក្នុងប្រព័ន្ធទិន្នន័យដោយបុគ្គលមួយចំនួនដែលមានការពាក់ព័ន្ធ។ ដូច្នេះនាំឱ្យមានកំហុសឆ្គងបច្ចេកទេស និងភាពមិនស្របគ្នារវាងរបាយការណ៍របស់គណៈកម្មការរដ្ឋបាល និងឯកសារនៃការវិនិច្ឆ័យព្រមទាំងបណ្ណកម្មសិទ្ធិផង។
លោក ឆាន់ សាផាន បានបញ្ជាក់ទៀតថា៖ «ម្យ៉ាងទៀត ការបាត់បង់ទម្រង់បែបបទនៃការប្រមូលទិន្នន័យក្បាលដីចំនួន ៣៣ នៅភូមិអន្លង់ជ្រៃដែលជាឯកសារផ្នែកគតិយុត្តនៃការវិនិច្ឆ័យពុំមែនជាការចៃដន្យឡើយ។ វាជាចេតនារបស់មន្ត្រីដែលពាក់ព័ន្ធក្នុងបញ្ហានេះក្នុងគោលបំណង បិទបាំងភ័ស្តុតាង»។
តាមរយៈលិខិតនេះ ក្រសួងរៀបចំដែនដីបានសម្រេចឯកភាពជាគោលការណ៍ មោឃភាពនូវបណ្ណកម្មសិទ្ធិ ឯកសារពាក់ព័ន្ធ និងលុបទិន្នន័យក្បាលដីទាំង៧៧ នៅក្នុងមូលដ្ឋានទិន្នន័យជាអសាបង់៕(ប្រភពទាំងស្រុងពីភ្នំពេញប៉ុស្តិ៍)