ព័ត៌មានជាតិ

ពលរដ្ឋភូមិស្វាយសាក់ថា លោក សេង សាវ៉ន អធិការនគរបាលស្រុកសុីធរកណ្តាល ខ្លាចអំណាចលោក ទីតា មេសង្វៀនជល់មាន់ខុសច្បាប់ ទើបមិនហ៊ានបង្ក្រាប

ទំនាក់ទំនងការផ្សាយៈ ០៧១ ៧៨៨៨ ៣៤៥
(ព្រៃវែង)៖ សង្វៀនជល់មាន់ មានបង្កប់ល្បែងអាប៉ោងដ៏ធំមួយកន្លែង ស្ថិតនៅក្នុង ភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ក្នុងបរិវេណភូមិគ្រឹះមួយ ទល់មុខវត្តស្វាយសាក់ បានបើកលេងភ្នាល់សុីសងហ៊ោរកញ្ជ្រៀវយ៉ាងអនាធិបតេយ្យ បង្កការភ័យខ្លាចដល់ពលរដ្ឋ ប៉ុន្តែបែរជាលោក សេង សាវ៉ន ដែលមានតួនាទីជាអធិការនគរបាលស្រុក ថាលោកមិនហ៊ានចុះទៅបង្រ្កាបទេ ដោយចាំបញ្ជាពីស្នងការរងទទួលបន្ទុក គឺលោក ពៅ ជីវីចេញបញ្ជាសិន។

អ្នកចូលទៅលេងល្បែងជល់មាន់ក្នុងទីតាំងខាងលើម្នាក់ សុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា សង្វៀនជល់មាន់របស់លោក ទីតា ហៅម៉ៅនេះបានផ្អាកលេងភ្នាល់ប្រមាណជា១០ថ្ងៃមកហើយ ក្រោយបែកធ្លាយព័ត៌មានដល់ថ្នាក់ដឹកនាំខេត្ត ប៉ុន្តែបានបើកដំណើការលេងភ្នាល់ឡើងវិញកាលពីថ្ងៃទី២២ ខែមិថុនាកន្លងទៅនេះ ដោយបើកឲ្យលេងភ្នាល់ស៊ីសងលុយកាន់តែធំ និងមានប្រកាសមេក្រូហែកបុងភ្នាល់ដាក់លុយ ដោយមិនទាន់គិតដល់ដើមផាន់រាប់មុឺនដុល្លារក្នុងមួយគូៗ នោះទេ ព្រោះម្ចាស់ង្វៀនប្រកាសធានាថា គេបានចរចាត្រូវរូវបង់លុយដល់គ្រប់សមត្ថកិច្ចពាក់ព័ន្ធ តាំងពីថ្នាក់ក្រោម ដល់ថ្នាក់លើក្នុងខេត្តព្រៃវែងអស់ហើយ។ ប្រភពខាងលើបន្តថា ក្នុងភូមិគ្រឹះនេះ មានរបងថ្មខ្ពស់ព័ទ្ធជុំវិញ និងមានបិទស័ង្កសីពីលើជិត មិនអាចមើលឃើញពីសកម្មភាពអ្នកលេងល្បែងភ្នាល់ ពីខាងក្រៅបានទេ ប្រៀបដូចកាស៊ីណូដែលមានច្បាប់អនុញ្ញាតពីរាជរដ្ឋាភិបាលអ៊ីចឹងដែរ ទើបក្រុមអ្នកមានលុយ មានយសស័ក្តិ ហ៊ានចូលទៅលេងភ្នាល់សុីសងលុយធំៗ រាប់មុឺនដល់សែនដុល្លារក៏មាន។ ជាក់ស្តែងដូចថ្ងៃណាត់ប្រគួតគូពិសេសកាលពីថ្ងៃទី២៥ ខែមិថុនា ម្សិលមិញនេះ គឺក្នុងមួយគូៗត្រូវដាក់ដើមផាន់រាប់មុឺនដុល្លារ ហើយមានប្រគល់រង្វាន់ម៉ូតូpcxមួយគ្រឿងសម្រាប់គូពិសេសថែមទៀត។

ពាក់ព័ន្ធនឹងការបើកសង្វៀនជល់មាន់ ភ្នាល់ល្បែងសុីសងខុសច្បាប់ របស់លោក ទីតា ហៅម៉ៅនេះ លោក សេង សារ៉ន អធិការនគរបាលស្រុកស៊ីធរកណ្តាល បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទកាលពីវេលាម៉ោង១និង៣០នាទីថ្ងៃទី២៥ ខែមិថុនាថា លោកបានរាយការណ៍ទៅលោក ពៅ ជីវី ស្នងការរងខេត្តទទួលបន្ទុករួចហើយ និងរង់ចាំតែទទួលបញ្ជាឲ្យបង្រ្កាបប៉ុណ្ណោះ។លោកបន្តថា សម្រាប់តួនាទីលោកត្រឹមអធិការគឺមិនហ៊ានចេញបញ្ជាកម្លាំងឲ្យចុះបង្រ្កាបទេ បើគ្មានបញ្ជានិងកម្លាំងសហការពីស្នងការដ្ឋានខេត្ត ដោយយោងថាទាល់តែមានដីការបញ្ជាឲ្យឆែកឆេរពីព្រះរាជអាជ្ញា។

ដោយឡែក លោក ពៅ ជីវី ស្នងការរងនគរបាលខេត្តព្រៃវែង បានប្រាប់តាមទូរស័ព្ទថា លោកមិនបានទទួលសេចក្តីរាយការណ៍ ពីលោក សេង សាវ៉ន អធិការនគរបាលស្រុកស៊ីធរកណ្តាលទេ ហើយបើមានបទល្មើសល្បែងស៊ីសងនៅទីតាំងខាងលើមែន លោកនឹងបញ្ជាឲ្យកម្លាំងអធិការដ្ឋានចុះទៅសហការបង្ក្រាប។ប៉ុន្តែេហូតដល់ម៉ោង៤ល្ងាច ថ្ងៃទី២៥ ខែឧសភា គឺមិនឃើញកម្លាំងនគរបាលអធិការដ្ឋានស្រុកសុីធរកណ្តាលចុះទៅបង្រ្កាបឡើយ ដោយទុកឲ្យក្រុមអ្នកញៀនល្បែងជល់មាន់ ប្រគួតគូពិសេសដោយរលូន។

ការឆ្លើយតបរវាងលោក សេង សាវ៉ន និងលោក ពៅ ជីវី ហាក់ផ្ទុយគា្នស្រឡះ ដែលធ្វើឲ្យប្រជាពលរដ្ឋក្នុងភូមិស្វាយសាក់អស់ជំនឿលើការបំពេញតួនាទីជាមន្ត្រីនគរបាលខេត្តព្រៃវែង ដែលចេះតែឆ្លើយយករួចខ្លួន ដែលធ្វើឲ្យមានការសង្ស័យថា អាចទទួលផលប្រយោជន៍ក្រាស់ក្រែលពីសង្វៀនរបស់លោក ទីតា ទើបមិនបង្ក្រាបបែបនេះ។

ប្រជាពលរដ្ឋរិះគន់ថា បើអភិបាលខេត្តព្រៃវែង លោក ជា សុមេធិ និង លោក ព្រំ សន្ធរ ស្នងការនគរបាលខេត្ត បើគ្មានការពាក់ព័ន្ធនឹងផលប្រយោជន៍ លើសង្វៀនជល់មាន់ខុសច្បាប់នេះទេ គួរតែបំពេញតួនាទីក្នុងនាមថ្នាក់ដឹកនាំខេត្ត ដែលរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្ត ដើម្បីបម្រើពលរដ្ឋពិតៗ ហ៊ានចេញមុខចាត់វិធានការជាក់លាក់ ប្រកបដោយប្រសិទ្ធភាព បង្ក្រាបទីតាំងសង្វៀនជល់មាន់ក្នុងភូមិស្វាយសាក់មួយនេះ ដើម្បីលើកស្ទួយគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលជាក់ជាមិនខានឡើយ។

ទាក់ទងនឹងការលើកឡើងពីសំណាក់ពលរដ្ឋភូមិស្វាក់ខាងលើ អង្គភាពគេហទំព័រព្រៃវែងប៉ុស្តិ៍ មិនអាចស្វែងរកការបកស្រាយពីលោក ជា សុមេធិ អភិបាលខេត្តព្រៃវែង និងលោក ព្រំ សន្ធរ ស្នងការខេត្ត បានទេ ដោយសារលោកមិនលើកទូរស័ព្ទ៕

Close